ខណ្ឌចំនួន២ បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកទីផ្សារអគារខ្ពស់ៗ

ដោយ ៖ សុវណ្ណារ៉ា

ភ្នំពេញ ៖ នៅក្នុចំណោមខណ្ឌទាំង១៤នៅទូទាំងរាជធានីភ្នំពេញ ខណ្ឌដែលកំពុងត្រៀមខ្លួនក្នុងទទួលយកទីផ្សារខុនដូ និងអាគារពាណិជ្ជកម្មធំៗបន្ទាប់ពីខណ្ឌបឹងកេងកង ខណ្ឌ៧មករា ខណ្ឌដូនពេញ និងខណ្ឌចំការមន គឺខណ្ឌសែនសុខ និងខណ្ឌច្បារអំពៅ ខណៈដែលខណ្ឌជ្រោយចង្វារបានឈានមួយជំហានមុនរួចទៅហើយ។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០នេះថា បច្ចុប្បន្ននេះ ដោយសារតែតម្លៃដីនៅកណ្តាលរាជធានីភ្នំពេញមានកម្រិតខ្ពស់ បានជម្រុញឱ្យអ្នកវិនិយោគ និងអភិវឌ្ឍន៍លើគម្រោងអគារពាណិជ្ជកម្ម ខុនដូ ក៏ដូចជាអាផាត បង្វែរគោលដៅរបស់ខ្លួនទៅតាំងនៅតំបន់ផ្សេងមួយចំនួនទៀត ដែលជាតំបន់ទី២បន្ទាប់ពីកណ្តាលក្រុង។

លោកស្រីបានបន្តឱ្យដឹងថា ខណ្ឌដែលពេញនិយម និងមានសក្ដានុពលខ្ពស់ក្នុងទីផ្សារអាគារខ្ពស់ៗ គឺខណ្ឌបឹងកេងកង ខណ្ឌ៧មករា ខណ្ឌដូនពេញ និងខណ្ឌចំការមន បន្ទាប់មកគឺខណ្ឌទួលគោក។ ប៉ុន្តែមួយរយៈក្រោយនេះ ដោយសារតែកត្តាតម្លៃដីធ្លីមានកម្រិតខ្ពស់ អ្នកវិនិយោគ និងអភិវឌ្ឍន៍មួយចំនួនបានបង្វែរគោលដៅរបស់ខ្លួនទៅតំបន់ទី២ដែលមានសក្ដានុពល ដែលក្នុងនោះឃើញមានខណ្ឌជ្រោយចង្វារកំពុងមានគម្រោងថ្មីៗ រួមជាមួយនឹងសកម្មភាពសាងសង់ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBREរូបនេះបានបញ្ជាក់ថា “ខណ្ឌជ្រោយចង្វារ គឺមានលក្ខខណ្ឌល្អសមស្របទៅនឹងការរស់នៅ និងតំបន់ពាណិជ្ជកម្មកម្រិតមធ្យម ប៉ុន្តែនៅមិនទាន់អាចក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មកម្រិតខ្ពស់ដូចខណ្ឌបឹងកេងកង ខណ្ឌ៧មករា និងខណ្ឌដូនពេញនោះទេ ដោយសារតែកត្តាហេដ្ឋារចនាសម្ព័ន្ធនៅមានកម្រិត។ ឱកាសនៃការអភិវឌ្ឍឱ្យដូចនឹងខណ្ឌទាំង៣ខាងលើនេះ គឺត្រូវការពេលវេលាបន្តិចទៀត អាចក្នុងចន្លោះ ៣-៥ ឆ្នាំ បន្ទាប់ពីគម្រោងអភិវឌ្ឍន៍ក្រុងរណបធំៗចាប់ផ្តើមបង្ហាញវត្តមានព្រមគ្នាជាមួយនឹងការសាងសង់ តភ្ជាប់ផ្លូវថ្នល់ ស្ពាន បន្ថែមទៀតដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍”។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ EASY Property Investment លោក ម៉ម សិរីបញ្ញា បានយល់ស្របទៅនឹងការលើកឡើងខាងលើ ដោយលោកបានបញ្ជាក់ថា បច្ចុប្បន្នគម្រោងអភិវឌ្ឍក្រុងរណបរបស់ក្រុមហ៊ុន OCIC និងគម្រោងក្រុងរណបរបស់ក្រុមហ៊ុន លីយ៉ុងផាត់ កំពុងតែដំណើរសាងសង់ជាបណ្តើរៗ ហើយបន្តិចទៀតតំបន់នេះនឹងក្លាយជាបណ្តុំសំណង់អគារពាណិជ្ជកម្មធំៗ និងខ្ពស់ៗកម្រិតអន្តរជាតិស្រដៀងគ្នាទៅនឹងតបន់កណ្តាលក្រុងដែរ។

លោកបញ្ជាក់ថា “ខណ្ឌបន្ទាប់ដែលនឹងមានទីផ្សារអគារខ្ពស់ៗចូលទៅតាំងនៅ គឺមានខណ្ឌសែនសុខ និងខណ្ឌច្បារអំពៅ។ ជាក់ស្ដែងបច្ចុប្បន្ន ខណ្ឌទាំង២នេះកំពុងចាប់ផ្តើមមានវត្តមានគម្រោងអភិវឌ្ឍន៍ធំៗជាមួយទុនវិនិយោគរាប់សិបដុល្លារចូលទៅជាបន្តបន្ទាប់ ពោលគឺមានមិនក្រោម១០គម្រោងនោះទេក្នុងមួយខណ្ឌ ដែលភាគច្រើនផ្តោតទៅលើប្រភេទខុនដូកម្រិតសមរម្យ និងកម្រិតមធ្យម ហើយវានឹងតែមានគម្រោងថ្មីៗចូលបន្ថែមទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here