ដោយៈរ៉ាណេត
ភ្នំពេញៈ វិស័យអចលនទ្រព្យកម្ពុជា ជាពិសេសនៅក្នុងទីក្រុងភ្នំពេញ នឹងបន្តទទួលរងនូវផលប៉ះពាល់ក្នុងរយៈ៣ខែទៅមុខទៀត បើសិនជាព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ មិនត្រូវបានបញ្ចប់ឆាប់ៗខាងមុខនេះ ខណៈមុនព្រឹត្តិការណ៍២០កុម្ភៈ គឺមានសញ្ញាល្អ។
លោកឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី៩ មេសាកន្លងមកថា វិស័យអចលនទ្រព្យកម្ពុជា មានសញ្ញាល្អប្រសើបន្តិច មុនពេលនៃការផ្ទុះឡើងនូវព្រឹត្តិការណ៍២០ កុម្ភៈ នៃដើមឆ្នាំ២០២១នេះ ប៉ុន្តែចាប់តាំងពីមានការព្រឹត្តិការណ៍នេះ បានធ្វើឱ្យវិស័យនេះមានការទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង។
លោកបន្តថា “ការទទួលរងនូវផលប៉ះពាល់ខ្លាំងនេះ ដោយសារប្រជាពលរដ្ឋ រួមជាមួយនឹងអ្នកវិនិយោគមិនហ៊ានដើរចេញក្រៅ ដែលជាការចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ ១៩” ។ លោកបន្តថា “ដូច្នេះរាល់ការធ្វើអាជីវកម្ម និងប្រកបមុខជំនួញមួយចំនួនមានការថយចុះ និងទទួលរងផលប៉ះពាល់ដូចគ្នាទៅនឹងវិស័យអចលនទ្រព្យដែរ” ។
ទោះជាយ៉ាងណា លោក ឃាង ពុទ្ធី ក៏នឹងតែមើលឃើញថា វិស័យទ្រទ្រង់សេដ្ឋកិច្ចជាតិមួយនេះ អាចនឹងបន្តទទួលរងនូវផលប៉ះពាល់ ក្នុងរយៈពេល៣ខែទៅមុខទៀត ព្រោះរហូតចូលដល់ខែមេសានេះ គ្មានសញ្ញាណាមួយល្អនោះទេ។
លោកបញ្ជាក់ថា “បញ្ចប់ខែ ចូលមកខែ៤ បន្តដល់ខែ៥ ខែ៦ យើងមើលមិនទាន់ឃើញពីសញ្ញាណាមួយល្អ ឬវិជ្ជមាននៅឡើយនោះទេ។ អីចឹងយ៉ាហោចណាស់៣ខែក្រោយក៏រៀងយ៉ាប់ដែរ។ លោកបន្តថា “បើសិនជាមិនទាន់បិតបញ្ចប់ឆាប់ៗ ហើយបើយើងមើលទៅ វាមិនអាចបិតបញ្ចប់ឆាប់ៗទេ” ។
លោកឃាង ពុទ្ធី បានពន្យល់ទៀតថា “ធម្មតាស្ថានការវាដំណើរការល្អ នៅពេលដែលយើងបិតបញ្ចប់ព្រឹត្តិការណ៍នីមួយៗ យើងទប់ស្កាត់បានក្នុងរយៈពេល២អាទិត្យ ឬ ៣អាទិត្រក្រោយ ដែលមានន័យវាថយពី១០០ មកដល់១០ ករណីឆ្លង ឬសល់២ ឬ៣នាក់។ ប្រជាជនគាត់ចាប់ផ្តើមចេញ ប្រកបអាជីវកម្មឡើងវិញ ទើបអចលនទ្រព្យវាដើរដែរ” ។
លោកថា បើចង់ឱ្យវិស័យអចលនទ្រព្យដំណើរការឡើងវិញឆាប់ ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមជាមួយនឹងរាជរដ្ឋាភិបាល (បីកុំ បីការពារ) និងតាមរការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ប្រយុទ្ធប្រឆាំងទៅនឹងជំងឹកូវីដ១៩ តាមរយៈការការពារកុំឱ្យឆ្លង និងទៅចាក់វ៉ាក់សាំងទាំងអស់គ្នា ហើយបើនៅតែមានការឆ្លង វានឹងនៅតែមានហានីភ័យចំពោះវិស័យនេះ៕