ដោយៈ លក្ខិណា
ភ្នំពេញៈ នៅដើមឆ្នាំ២០២១នេះ កម្ពុជាបានជួបនឹងរលកថ្មីមួយនៃជំងឺកូវីដ១៩ ដោយមានការឆ្លងរាលដាលក្នុងសហគមន៍ និងមានទ្រទ្រាយកាន់តែធំ ដែលធ្វើឱ្យអាជីវកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជាបានជួបគ្រោះ បន្ថែមទៀត។
ទោះបីជាយ៉ាងនេះក្តី សម្រាប់វិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង គេមើលឃើញថានៅតែមានដំណើរការធម្មតា ជាក់ស្ដែងរោងចក្រជាង១៨០០នៅតែមានដំណើរការធម្មតា។
យោងតាមសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្ញើជូនជនរួមជាតិក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បានឱ្យដឹងថា រហូតមកដល់បច្ចុប្បន្ន ទោះបីព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺឆ្លងកូវីដ១៩ ក៏វិស័យឧស្សាហកម្មនិងសិប្បកម្មបានរីកលូតលាស់ជាបន្តបន្ទាប់។ រោងចក្រសុរបមានចំនួន១.៨៦៤រោងចក្រ និងសិប្បកម្មជាង៤៣.០៨២មូលដ្ឋាន ហើយនៅមានដំណើរការ និងបានស្រូបកម្លាំងពលករសរុបប្រមាណ១,៥លាននាក់។
ក្នុងសារលិខិតរបស់សម្ដេចបានបន្តថា ចំពោះកម្មករ និយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងវិស័យទេសចរណ៍ ដែលព្យួរការងារកំពុងទទួលបាននូវប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល៤០ដុល្លារ ក្នុងមួយខែ ដើម្បីជួយធ្វើឱ្យបងប្អូនមានលំនឹងជីវិតនិងអាចលើកកម្ពស់ជំនាញ និងបង្កើនផលិតភាពការងាររបស់ខ្លួនតាមរយៈការបណ្ដុះបណ្ដាលជំនាញរយៈពេលខ្លី។
ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលក៏នៅតែបន្តដំណើរការរាល់កម្មវិធីជំនួយសង្គម និងគាំពារសង្គមទាំងឡាយដែលមានស្រាប់មិនឱ្យមានការខកខាននៅក្នុងអំឡុងពេលមានជំងឺកូវីដ១៩ទេ ដូចជាការឧបត្ថម្ភសាច់ប្រាក់ពេលសម្រាលកូនសម្រាប់កម្មករ និងយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ និងការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងគ្រួសារក្រីក្រជដើម។
បើតាមអ្នកជំនាញអចលនទ្រព្យជាច្រើនមើលឃើញថា នៅក្នុងវិបត្តិនៃជំងឺកូវីដ១៩នេះ គេឃើញវិស័យឧស្សាហកម្មកាត់ដេរនៅតែមានសកម្មភាព និងទទួលបានការវិនិយោគជាបន្តបន្ទាប់ ជាក់ស្ដែងដីសម្រាប់ជួលសង់ជារោងចក្រនៅតែមានតម្រូវការ នៅក្នុងវិបត្តិនេះ។
អ្វីដែលរដ្ឋាភិបាលត្រូវធ្វើនោះគឺត្រូវទប់ការឆ្លងរាលដាលក្នុងរោងចក្រ កាន់តែធំ បើពុំនោះនឹងត្រូវបិទរោងចក្រហើយអាជីវកម្មជាច្រើនទៀតនឹងត្រូវប៉ះពាល់កាន់តែធ្ងន់ធ្ងរ៕