ខណ្ឌកំបូល កំពុងទាក់ទាញការអភិវឌ្ឍលំនៅឋានយ៉ាងសកម្មទោះស្ថិតនៅក្នុងវិបត្តិកូវីដ១៩

ដោយៈលក្ខិណា

ភ្នំពេញៈ កំបូលជាខណ្ឌថ្មីមួយនៅក្នុងរាជធានីភ្នំពេញ ដែលកាត់ចេញពីផ្នែកខ្លះនៃខេត្តកណ្ដាល និងផ្នែកខ្លះនៃខណ្ឌពោធិ៍សែនជ័យ ។ ខណ្ឌនេះបាន និងកំពុងទាក់ទាញការវិនិយោគលំនៅឋាន ពីសំនាក់វិនិយោគិនក្នុងស្រុកជាច្រើន ដោយមានក្រុមហ៊ុននិងម្ចាស់បុរីជាច្រើនបានបណ្ដាក់ទុនវិនិយោគ ជាបន្តបន្ទាប់លើលំនៅឋាន សម្រាប់ផ្ដល់ជូនពលរដ្ឋដែលមានតម្រូវការ។នៅក្នុងទឹកដីខណ្ឌមួយនេះ គេមានឃើញគម្រោងវិនិយោគ លើបុរីរបស់មហាសេដ្ឋីអចលនទ្រព្យ នៃក្រុមហ៊ុនបុរីពិភពថ្មីរបស់អ្នកឧកញ៉ាហុងពីវ គម្រោងអភិវឌ្ឍន៍បុរីរបស់អ្នកឧកញ៉ាពុង ឃាវសេ និងមានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ឯកជនជាច្រើនទៀតនៅក្នុងទឹកដីនៃខណ្ឌកំបូល។

បើទោះបីជាស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩តាំងពីឆ្នាំ ២០២០មកក្ដី តែការអភិវឌ្ឍលំនៅឋាននៅក្នុងទឹកដីខណ្ឌកំបូល ប៉ែកខាងលិចរាជធានីភ្នំពេញ នៅតែទទួលបានកំណើនជាបន្តបន្ទាប់ ដោយមើលឃើញថាម្ចាស់បុរី នៅតែបន្តសាងសង់និងពង្រីកគម្រោ​ងលំនៅឋានជាលំដាប់ និងមានការទិញពីសំណាក់ពលរដ្ឋ ដែលមានតម្រូវការជាក់ស្ដែង។

តាមអ្នកជំនាញ នៃវិស័យអចលនទ្រព្យជាច្រើនបានលើកឡើងថា មានតម្រូវការទើបមានការផ្គត់ផ្គង់ មានការទិញទើបមានការលក់ ហើយការអភិវឌ្ឍលំនៅឋានគឺត្រូវមើលទៅលើទិសដៅនិងទិសខ្យល់ ដែលវិនិយោគកំពុងសម្លឹងមើល។ នៅតំបន់ប៉ែកខាងលិច ក៏មានការអភិវឌ្ឍទៅលើហេដ្ឋារចនាសម្ព័ន្ធផ្លូវ ភ្លើងជាច្រើនផងដែរ។

លោកឌឹត ចណ្ណា ប្រធានក្រុមហ៊ុនឡាក់គី រៀលធី បានលើកឡើងថា តំបន់ដែលមានតម្លៃដីនៅទាប វិនិយោគិនអាចទិញដើម្បីអភិវឌ្ឍន៍ យកប្រាក់ចំណេញនៅពេលខាងមុខ ។ ដីធ្លីនៅតំបន់ដែលឆ្ងាយពីទីក្រុង ពីកណ្ដាលក្រុងអាចមានតម្លៃទាប ហើយវាស័ក្តិសមសម្រាប់ការអភិវឌ្ឍទៅលើលំនៅឋានជាផ្ទះជាប់ដីលក្ខណៈបុរី។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា បច្ចុប្បន្នវិនិយោគិន ដែលចង់អភិវឌ្ឍន៍លំនៅឋានជាផ្ទះជាប់ដី មិនអាចអភិវឌ្ឍនៅតំបន់កណ្ដាលក្រុងបានទេ ដោយសារតែដីនៅកណ្ដាលក្រុងបានឡើងថ្លៃជាបន្តបន្ទាប់ ដូច្នេះពួកគេអាចទៅរកតំបន់នៅជាយក្រុងដើម្បីអភិវឌ្ឍវិញ។

ដោយឡែកដីធ្លីតំបន់កណ្ដាលក្រុង គឺសម្រាប់ទុកអភិវឌ្ឍជាអគារខ្ពស់ៗដូចជាអគារពាណិជ្ជកម្ម ខុនដូ អាផាត់មិនជាដើម ដែលអាចរកចំណូលបានច្រើន។

ប្រធានសមាគម អចលនទ្រព្យសក លោកសំ សុខនឿនបាននិយាយថាការផ្គត់ផ្គត់លំនៅឋានបច្ចុប្បន្ននេះ ដូចជាចង់លើសពីតម្រូវការជាក់ស្ដែង ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកថា “អ្នកអភិវឌ្ឍន៍លំនៅឋានកាន់តែច្រើន តែសួរថាអ្នកដែលមានលុយទិញផ្ទះពិតប្រាកដមានប៉ុន្មាននាក់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here