ប្រធានGRAអះអាងថា ការផ្គត់ផ្គង់លំនៅឋានកំពុងកើនឡើងលើ់សតម្រូវការ

        ដោយៈលក្ខិណា

ភ្នំពេញៈ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការផ្គង់ផ្គង់អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ត្រូវបានមើលឃើញថាមានសន្ទុះ កើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេ​សលំនៅឋាន ដោយមានក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើន បានបន្តអភិវឌ្ឍន៍លំនៅឋានលំនៅឋានដើម្បីផ្គត់ផ្គង់ជូនពលរដ្ឋទាំងខុនដូ និងលំនៅឋានជាបុរី។

ការសម្រុកអភិវឌ្ឍលំនៅឋាន ពីសំណាក់វិនិយោគិនជាច្រើន ក្នុងពេលតែមួយនេះ បានធ្វើឱ្យការផ្គត់ផ្គង់លើសពីតម្រូវការជាក់ស្ដែង ដូចបានឃើញថាស្រាប់ហើយ លំនៅឋានក្នុងបុរីជាច្រើនមានតែផ្ទះអត់មានមនុស្សនៅ។ នេះបើតាមលោកសំ សុខនឿនប្រធា ន​សមាគមអចលនទ្រព្យសកល(GRA) ។

លោកសំ សុខនឿនបានឱ្យដឹងថា “មានអ្នកអភិវឌ្ឍន៍ជាច្រើនបាននិយាយថា តម្រូវការលំនៅឋាននៅក្នុងប្រទេសកម្ពុជា នៅតែមានតម្រូវការខ្ពស់ ហើយម្នាក់ៗនៅតែបន្តអភិវឌ្ឍជាបន្តបន្ទាប់ជាពិសេសនៅតំបន់ជាយក្រុង”។ លោកបន្ថែមថា “ប៉ុន្តែសូមក្រលេកទៅមើលជាក់ស្ដែង លំនៅឋាននៅក្នុងបុរីជាច្រើន មានតែផ្ទះអត់មានអ្នកនៅទេ ចាក់សោរចោល ដែលនេះបង្ហាញថាវាលើសពីតម្រូវការជាក់ស្ដែងហើយ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកសំ សុខនឿនបានបន្តថា អ្នកទិញលំនៅឋានពីម្ចាស់បុរី គឺជាអ្នកដដែលៗហើយពួកគាត់ទិញផ្ទះទាំងនោះ មិនមែនសម្រាប់ស្នាក់នៅនោះទេ គឺមួយចំនួនទិញទុកដើម្បីចំណេញតែប៉ុណ្ណោះ ដែលមើលទៅដូចជាតម្រូវជាក់ស្ដែងមានពិតប្រាកដ ។

លោកបន្តថា “អ្នកមានលុយគេទិញផ្ទះទុក ដើម្បីចំណេញនៅពេលអនាគត ដូច្នេះយើងមើលឃើញថា ការទិញលក់លំនៅឋានដូចជាសកម្មមែន ប៉ុន្តែបើយើងក្រលេកមើលតម្រូវការអ្នកដែលមានលុយទិញផ្ទះ គឺនៅមានកម្រិតតិចតួចនៅឡើយ” ។

លោកសំ សុខនឿនបានបន្ថែមថា បើសិនជាសកម្មភាពនេះ នៅតែបន្តធ្វើដដែលបន្តទៀត ទីផ្សារលំនៅឋានអាចជាប់គាំង ដោយសារតែតម្លៃផ្ទះបានកើនឡើងជាបន្តបន្ទា​ប់ ហើយអ្នកដែលទិញដើម្បីទុកលក់នឹងលក់មិនចេញ ព្រោះផ្ទះបានឡើងថ្លៃបន្តបន្ទាប់ តែអ្នកចង់ទិញផ្ទះពិតប្រាកដអត់មានលទ្ធភាព ដូច្នេះក៏ទៅទិញផ្ទះទើបសង់ថ្មីៗដែលនៅឆ្ងាយពីក្រុងនិងមានតម្លៃទាបជាង។

ដោយឡែកអ្នកជំនាញ និងអ្នកវាយតម្លៃដទៃទៀត ក៏ដូចជាអ្នកអភិវឌ្ឍន៍លំនៅឋានជាច្រើនបានរំពឹង ថាតម្រូវការលំនៅឋាននៅក្នុងរាជធានីភ្នំពេញ នឹងកើនឡើងនៅពេលចប់វិបត្តិកូវីដ១៩ ដោយសារតែអ្នកដែលចង់បានលំនៅឋានស្នាក់នៅ កំពុងរង់ចាំមើលពីស្ថានភាពកូវីដ១៩ និងស្ថានភាពសេដ្ឋកិច្ចសិន ដូច្នេះនៅពេលចប់វិបត្តិពួកគេជឿថា អ្នកដែលផ្អាកការទិញលំនៅឋាន នៅក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ នឹងសម្លឹងរកទីតាំងលំនៅឋានសម្រាប់ស្នាក់នៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here