មហា​យក្ស​ចិន​ចេញ​វិធានការ​រឹតបន្តឹង​ការផ្ដល់​ឥណទាន​ដើម្បី​បញ្ចៀស​ហានិភ័យពពុះ​អចលនទ្រព្យ

ដោយៈ​សុខុម

ប៉េកាំង:  ធនាគារកណ្តាល​របស់​មហា​យក្ស​ចិន បានចេញ​សាច​រណ៍​ណែ​នាំឱ្យ​ស្ថាប័ន​ផ្ដល់​ឥណទាន ឬ​ប្រាក់កម្ចី​នានា​រឹតបន្តឹង​ការផ្ដល់​ប្រាក់កម្ចី ស្របពេល​ការកើនឡើង​នូវ​ឥណទាន ដែល​បាន​ជួយ​ទ្រទ្រង់​ដល់​ការ​ងើបឡើង​វិញ នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ បាន​បង្ក​ការព្រួយបារម្ភ​ជាថ្មី អំពី​ពពុះ​អចលនទ្រព្យ និង​ស្ថិរភាព​ហិរញ្ញវត្ថុ។ នេះ​បើ​យោងតាម​សារព័ត៌មាន Financial Times ចុះផ្សាយ​កាលពី​ថ្ងៃ៤ មេសា។

យោងតាម​ប្រភព​ទម្លាយ​ឱ្យដឹងថា ឥណទានថ្មីៗបាន​កើនឡើង១៦% ក្នុង​រយៈពេល២ខែ​ដើមឆ្នាំ២០២១នេះ។ ជាការ​ឆ្លើយតប​ទៅនឹង​កំណើន​នេះ ធនាគារ​ប្រជាជន​ចិន (People’s Bank of China) ដែលជា​ធនាគារកណ្ដាល​របស់​ប្រទេស​ចិន បានចេញ​សារា​ចរណ៍​មួយ​កាលពី​ខែកុម្ភៈ ណែនាំ​ឱ្យ​បណ្ដា​ស្ថាប័ន​ផ្តល់​ឥណទាន​ក្នុងស្រុក និង​បរទេស​ដែល​ធ្វើ​ប្រតិបត្តិការ នៅក្នុង​ប្រទេស​នេះ ជួយ​រក្សា​ឥណទានថ្មីៗក្នុង​ត្រីមាស​ទី១ ដើមឆ្នាំ​នេះ ឱ្យនៅ​កម្រិត​ប្រហាក់ប្រហែល នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ប្រសិនបើ​មិនអាច​កាត់បន្ថយ​ធ្វើឱ្យ​ទាប​ជាង​នេះ​ទេនោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណាត់ការ​នេះ អាច​នឹង​ធ្វើឱ្យ​ធ្លាក់ចុះ​ខ្លាំង​នូវ​ឥណទាន​ធនាគារ ដែលជា​ប្រភព​ហិរញ្ញប្បទាន​ដ៏​ធំ​បំផុត​សម្រាប់​ប្រទេស​ចិន ដែលជា​សេដ្ឋកិច្ច​ធំ​បំផុត​ទី២ របស់​ពិភពលោក។

ចំណាត់ការ​ឆ្លុះបញ្ចាំង ពី​ការផ្លាស់ប្តូរ​គោលនយោបាយ នៅពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ងាក​ទៅគ្រប់​គ្រង​ហានិភ័យ​ឥណទាន ជាជាង​ជំរុញ​កំណើនសេដ្ឋកិច្ច ដែល​បាន​វិលត្រឡប់​ទៅរក​កម្រិត មុនពេល​ផ្ទុះ​វិបត្តិ​ឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ រួចទៅហើយ។

ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​ប្រទេស​ចិន​ទទួលបាន​កំណើន៦.៥% នៅក្នុង​ត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំ២០២០ ដោយ​ធ្វើឱ្យ​មហា​យក្ស​ចិន ស្ថិតក្នុង​ចំណោម​ប្រទេស​មួយចំនួន​ប៉ុណ្ណោះ ដែល​ទទួលបាន​កំណើនសេដ្ឋកិច្ច​ពេញ​មួយឆ្នាំ។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង ក៏បាន​កំណត់​គោលដៅ កំណើនសេដ្ឋកិច្ច​យ៉ាងតិច ៦% សម្រាប់​ឆ្នាំ២០២១ ។

លោក Larry Hu ប្រធាន​ក្រុម​អ្នកជំនាញ​សេដ្ឋកិច្ច ប្រចាំ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ Macquarie Group នៅ​ទីក្រុង​ហុងកុង​បាន​លើកឡើងថា “ការព្រួយបារម្ភ​អំពី​វិបត្តិ​សេដ្ឋកិច្ច ដែល​បង្កឡើង​ដោយសារ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ បានបញ្ចប់​ទៅហើយ។  អាទិភាព​ចម្បង​នៅពេលនេះ គឺ​ត្រូវ​កាត់បន្ថយ​បន្ទុក​បំណុល​របស់​សេដ្ឋកិច្ច” ។

កំណើន​ប្រាក់កម្ចី​នៅ​ដើមឆ្នាំ២០២១ បាន​កើតមានឡើង​ក្រោយ​ការ​ងើបឡើង​ខ្លាំង​ក្នុង​វិស័យ​អចលនទ្រព្យ និង​ការវិនិយោគ​របស់​ចិន នៅពេល​កញ្ចប់​ថវិកា​ស្ដារ​សេដ្ឋកិច្ច​ពី​វិបត្តិ​កូ​វីដ-១៩ របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានធ្វើឱ្យ​ទីផ្សារ​លំនៅដ្ឋាន​ស្ទុះ​ងើបឡើង។

ការលក់​ផ្ទះ​ថ្មី​នៅ​ប្រទេស​ចិន បាន​កើនឡើង១៣៣% ក្នុង​ខែមករា និង​ខែកុម្ភៈ ឆ្នាំ២០២១ នេះ ខណៈ​ការវិនិយោគ​លើ​អចលនទ្រព្យ​បាន​កើនឡើង៣៨% ។ តម្រូវការ​នោះបាន​ជួយ​ជំរុញ​កំណើន​ឥណទាន អចលនទ្រព្យ​ឱ្យ​កើនឡើង១៤% ដែលជា​កម្រិត​ខ្ពស់​ក្នុង​រយៈពេល៧ឆ្នាំ។

ប៉ុន្តែ​នៅពេល​តម្លៃ​ផ្ទះ​បាន​ហក់​ឡើង​ខ្ពស់ នៅតាម​តំបន់​មាត់​ឆ្នេរសមុទ្រ​របស់​ប្រទេស​ចិន រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានដាក់​ចេញ​វិធានការណ​ជាច្រើន ដើម្បី​គ្រប់គ្រង​វិស័យ​លំនៅដ្ឋាន ហើយ​បាន​បង្ក្រាប​លើ​ការប្រើប្រាស់ ដោយ​មិន​ត្រឹមត្រូវ​នូវ​ឥណទាន​អាជីវកម្ម​ដើម្បី​ទិញ​អចលនទ្រព្យ។

កត្តា​នេះ បានធ្វើឱ្យ​ហិរញ្ញប្បទាន​អចលនទ្រព្យ​ទទួលរង​សម្ពាធ ហើយ​បានធ្វើឱ្យ​បណ្ដា​ស្ថាប័ន​ផ្ដល់​ឥណទាន​នានា​រង​ផលប៉ះពាល់​យ៉ាងខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here