វ៉ាក់សាំង​កូ​វីដ-១៩ នាំមក​នូវ​ទំនុកចិត្ត​លើ​ទីផ្សារ​អចលនទ្រព្យ​នៅ​ប្រទេស​ម៉ាឡេស៊ី

ដោយៈ​សុខុម

គូ​ឡា​ឡាំ​ពួ: កម្មវិធី​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩ ដែល​កំពុង​បន្ត​ធ្វើឡើង​ទូទាំងប្រទេស​ម៉ាឡេស៊ី បាន​នាំមក​នូវ​សុទិដ្ឋិនិយម​ថា ទីផ្សារ​អចលនទ្រព្យ​ក្នុងស្រុក នឹង​ទទួលបាន​កំណើន​ក្នុង​ឆ្នាំ២០២១ នេះ។ នេះ​បើ​យោងតាម​សារព័ត៌មាន The Malaysian Reserve ចុះផ្សាយ​កាលពី​ថ្ងៃទី៣១ មីនា។

នាយក​គ្រប់គ្រង​គេហទំព័រ​អចលនទ្រព្យ iProperty.com.my លោក Shylendra Nathan បាន​លើកឡើងថា ទោះបី​ការ​ងើបឡើង​វិញ​នឹង​មិនលឿន ដូច​មជ្ឈដ្ឋាន​ជាច្រើន​រំពឹងទុក​ក្ដី ក៏​វា​នឹង​ជំរុញ​ការ​ងើប​ឡើងវិញ នៃ​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ឆមាស​ទី១ ដើមឆ្នាំ ២០២១ នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​ថ្លែង ក្នុង​សន្និសីទ​សារព័ត៌​តាម​អន​ឡាញ​មួយ កាលពី​ថ្ងៃទី៣០ មីនា ថា “នៅពេល​ប្រទេស​របស់​យើង ចាប់ផ្តើម​ដំណើរ​ឆ្ពោះទៅរក​ការសម្រេចបាន ‘ភាពស៊ាំ​នឹង​មេរោគ​របស់​ប្រជាជន’ យើង​រំពឹងថា​អតិថិជន នឹងមាន​ទំនុកចិត្ត​កាន់តែ​ខ្ពស់​លើ​ទីផ្សារ​អចលនទ្រព្យ” ។

គេហទំព័រ iProperty.com.my បាន​បញ្ចេញ​របាយការណ៍​វិភាគ អំពី​ទីផ្សារ​អចលនទ្រព្យ​ឆ្នាំ២០២០ ដែល​រួមបញ្ចូល​ទាំង​ទស្សនវិស័យ អំពី​តម្រូវ​ការជួល​លំនៅដ្ឋាន​ផងដែរ ដោយ​ប្រើប្រាស់​ទិន្នន័យ អ្នក​ចូល​មើល​គេហទំព័រ​អចលនទ្រព្យ​មួយ​នេះ។

របាយការណ៍​វិភា​គនេះ ក៏បាន​បង្ហាញ​ទិន្នន័យ​ស្តីពី ការចុះបញ្ជី​អចលនទ្រព្យ​ប្រភេទ​លំនៅដ្ឋាន នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ផងដែរ ដោយ​ផ្តោតលើ​ទីក្រុង​គូ​ឡា​ឡាំ​ពួ រដ្ឋ Selangor រដ្ឋ Penang និង​រដ្ឋ Johor ។

របាយការណ៍​នេះ​គ្របដណ្តប់ លើ​អចលនទ្រព្យ៤ ប្រភេទ​រួមមាន​ផ្ទះ​ជាប់​គ្នា​ជា​ជួរ ខុន​ដូ អា​ផាត​ម៉ិ​ន​ធម្មតា និង​អា​ផាត​ម៉ិ​ន​ប្រណីត។

លោក Shylendra Nathan បាន​និយាយថា ឆ្នាំ២០២០កន្លងមក អ្នក​ជួល​ទទួលបាន​ផល​ល្អ​ច្រើនជាង​ម្ចាស់ផ្ទះ ដោយសារតែ​គម្រោងថ្មីៗទើប​សាងសង់​រួចរាល់។ លោក​បាន​បន្ថែមថា ម្ចាស់ផ្ទះ​ត្រូវ​បញ្ចុះ​ថ្លៃ​ជួល ដើម្បី​ទាក់ទាញ​អ្នក​ជួល ដែលមាន​ស្ថិរភាព​ផ្នែក​ហិរញ្ញវត្ថុ ព្រោះ​អ្នក​ជួល​បែបនេះ​មាន​មិន​ច្រើន​ឡើយ ក្នុងស្ថានភាព​បែបនេះ។

លោក​បានលើកឡើង​ទៀតថា លទ្ធផល​នៃ​ការវិភាគ​ទីផ្សារ​ជួល បាន​បង្ហាញថា ប្រជាជន​ម៉ាឡេស៊ី​ភាគច្រើន មាន​ទំនោរ​ជួល​ច្រើនជាង​នៅក្នុង​ឆ្នាំ២០២០ ដោយសារតែ​ផលប៉ះពាល់​ដែល​បង្កឡើង​ដោយ​វិបត្តិ​កូ​វីដ-១៩ ។ លោក​ថា ចំនួន​អ្នក​ចូលទៅ​កាន់​គេហទំព័រ iProperty.com.my មានការ​កើនឡើង​អំឡុងពេល​ឆ្លង​រាតត្បាត វីរុស​កូ​វីដ-១៩ នៅពេល​អ្នកស្វែងរក​អចលនទ្រព្យ​ជាច្រើន បាន​ប្តូរ​ទៅប្រើ​ប្រាស់ Digital Platform ដើម្បី​ស្វែងរក​អចលនទ្រព្យ។

លោក​បាន​បន្តថា នៅ​ខែកុម្ភៈ ឆ្នាំ២០២១ គេហទំព័រ iProperty.com ទទួលបាន​ចំនួន​អ្នក​ចូល​ទស្សនា ប្រចាំខែ​ខ្ពស់បំផុត​រហូតដល់១០លាន​នាក់ ដោយ​កើនឡើង ៥១% បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​កន្លងទៅ មុនពេល​វិធានការ​រឹតបន្តឹង​ការ​ចល័ត​ត្រូវបាន​អនុវត្តន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here