ចំណេះដឹង​ផ្សារ​ហ៊ុន! តើ​ការវាយតម្លៃ​ភាគហ៊ុន​មាន​អត្ថប្រយោជន៍​អ្វីខ្លះ

ដោយៈ សាវុធ

ភ្នំពេញៈ ការទិញ​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​មួយ គឺ​មានន័យ​ដូចនឹង​ការទិញ​ក្រុមហ៊ុន​មួយ​ដូច្នោះ​ដែរ គ្រាន់តែ​ត្រង់នេះ វា​ជា​ការទិញ​ក្រុមហ៊ុន​មួយផ្នែក ទៅតាម​សមាមាត្រ​ណាមួយ។

ដូច្នេះ​ការវាយតម្លៃ​ភាគហ៊ុន គឺជា​ការវាយតម្លៃ​ក្រុមហ៊ុន​ទាំងមូល រួច​ចែក​នឹង​ចំនួន​ហ៊ុន​សរុប ដើម្បី​ទទួលបាន​តម្លៃ​ក្នុង​មួយ​ភាគហ៊ុន។

ការវាយតម្លៃ​នេះ មាន​អត្ថប្រយោជន៍​យ៉ាងខ្លាំង។ យើង​មិនអាច​ទិញ​អ្វីមួយ ដោយ​មិនដឹង​អំពី​តម្លៃ​និង​អត្ថប្រយោជន៍​របស់​វា​នោះទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើទោះជា​ក្រុមហ៊ុន​មួយ​ជា​ក្រុមហ៊ុន​ល្អ រកប្រាក់​ចំណេញ​បាន​ច្រើន​ក៏ដោយ ក៏​យើង​មិនមែន​ចេះតែ​ទិញ​នៅ​ថ្លៃ​ណា​ក៏បាន​នោះទេ។ ហើយ​ផ្ទុយ​មកវិញ បើ​ក្រុមហ៊ុន​មួយ​មិនសូវ​ល្អ រកប្រាក់​ចំណេញ​មិនសូវ​បាន ក៏​យើង​មិនគួរ​បដិសេធ​ទាំងស្រុង​ភ្លាម​មិន​ទិញ​នោះដែរ យើង​គួរ​ពិចារណា​ទៅ​ថ្លៃ​របស់​វា​សិន​ដែរ។

យើង​អាច​និយាយថា របស់​មួយ​ថ្លៃ​ឬក៏​ថោក គឺ​ដោយសារតែ​យើង​តែង​ធៀប​តម្លៃ​របស់​វា​ទៅនឹង​ថ្លៃ​របស់​វា។ បើ​យើង​យល់ថា របស់​មួយ​មានតម្លៃ និង​ផ្តល់​ប្រយោជន៍​ច្រើនជាង​ថ្លៃ​លក់​របស់​វា យើង​ថា​របស់​នោះ​ថោក។

ផ្ទុយ​មកវិញ បើ​យើង​យល់ថា​របស់​មួយ​មិនសូវ​មានតម្លៃ ផ្តល់​ប្រយោជន៍​ឱ្យ​យើង​តិចតួច ធៀប​នឹង​ថ្លៃ​របស់​វា នោះ​យើង​ថា​របស់​នោះ​ថ្លៃ។ ឧទាហរណ៍ អាវ​មួយ​ថ្លៃ ៥០$ អាច​ថ្លៃ​ឬក៏​ថោក គឺ​អាស្រ័យ​លើ​គុណភាព​របស់​អាវ​នោះ និង​ប្រយោជន៍​របស់​វា​ដែល​ផ្តល់ឱ្យ​អ្នក​ពាក់។

ភាគហ៊ុន​ក៏​ដូចគ្នា​ដែរ ដើម្បី​ដឹងថា​វា​ថ្លៃ​ឬក៏​ថោក យើង​ត្រូវ​វាយតម្លៃ​វា​ជាមុនសិន រួច​ធៀប​នឹង​ថ្លៃ​លក់​របស់​វា​នៅលើ​ទីផ្សារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here