ចំណេះដឹង! តើ​ថ្លៃ​ភាគហ៊ុន​មានការ​ប្រែប្រួល​យ៉ាងដូច​ម្ត៉េ​ច?

ដោយៈ សាវុធ

ភ្នំពេញៈ ជាទូទៅ ថ្លៃ​ភាគហ៊ុន​ប្រែប្រួល​ជា​រៀងរាល់ថ្ងៃ។ ការប្រែប្រួល​នេះ​អាច​ពន្យល់បាន​យ៉ាង​សាមញ្ញ​ថា ដោយសារ​កំលាំង​នៃ​ផ្គត់ផ្គង់​និង​តម្រូវការ​នៅលើ​ទីផ្សារ។ បានសេចក្តីថា ប្រសិនបើ​មានការ​ផ្គត់ផ្គង់(ការលក់) ច្រើនជាង​តម្រូវការ(ការទិញ) នោះ​ថ្លៃ​មាន​ទំនោរ​ធ្លាក់ចុះ។

ហើយ​ផ្ទុយ​មកវិញ ប្រសិនបើ​មាន​អ្នកត្រូវការ(អ្នកទិញ) ច្រើនជាង​អ្នកផ្គត់ផ្គង់(អ្នកលក់) នោះ​ថ្លៃ​នឹងមាន​ទំនោរ​កើនឡើង​វិញ។

ជាធម្មតា អ្នកលក់​និង​អ្នកទិញ​មាន​ទស្សនៈ​ផ្ទុយគ្នា។ នៅពេល​មនុស្ស​ម្នាក់​ទិញ​ភាគហ៊ុន​មួយ បានន័យថា​គាត់​សង្ឃឹម​និង​ជឿជាក់ថា ភាគហ៊ុន​នោះ​នឹង​ផ្តល់​ប្រាក់ចំណេញ​ឱ្យ​គាត់​នាពេល​អនាគត​ច្រើនជាង​បច្ចុប្បន្ន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្ទុយ​មកវិញ នៅពេល​មនុស្ស​ម្នាក់​លក់​ភាគហ៊ុន​មួយ​ចេញ បានន័យថា​គាត់​មិន​សង្ឃឹមថា នៅពេល​អនាគត​ភាគហ៊ុន​នោះ​នឹង​ផ្តល់ប្រាក់​ចំណេញ​ឱ្យ​គាត់​ច្រើនជាង​ពេលបច្ចុប្បន្ន​ឡើយ។ ដូច្នេះហើយ បានជា​ពេលខ្លះ គេ​និយាយថា ផ្សារ​ហ៊ុន​ជា​វេទិកា​តស៊ូ​មតិ​អំពី​តម្លៃ​របស់​ក្រុមហ៊ុន​ចុះបញ្ជី និង​ថ្លៃ​ហ៊ុន​របស់​វា។

ការព្យាយាម​ស្វែងយល់​ពី​មូលហេតុ​នៅ​ពីក្រោយ​នេះ​ទៀត ពិតជា​មានការ​ពិបាក។ មនុស្សម្នាក់ៗមាន​ទស្សនៈ​វិនិច្ឆ័យ​និង​ការយល់ឃើញ​របស់ខ្លួនរៀងៗខ្លួន ទៅលើ​ការទិញ​ឬ​លក់​ភាគហ៊ុននីមួយ។ យើង​អាច​ចែក​កត្តា​ដែល​ធ្វើ​មនុស្ស​សម្រេចចិត្ត​ទិញ​ឬ​លក់​ភាគហ៊ុន​ជា​ពីរធំៗគឺ​កត្តា​វិទ្យាសាស្ត្រ និង​កត្តា​ចិត្តសាស្ត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here