អ្នកស្វែងដីធ្លីសម្រាប់វិនិយោគក្នុងតំបន់ឆ្នេរកែប កំពតមានកំណើនទោក្នុងវិបត្តិកូវីដ១៩

ដោយៈលក្ខិណា

ភ្នំពេញៈ បើទោះបីជាបច្ចុប្បន្ននេះ កម្ពុជាប្រឈមនឹងវិបត្តិកូវីដ១៩ក្ដី ដែលធ្វើឱ្យអាវជីវកម្មនិងសកម្មភាពវិនិយោគមួយចំនួន បានផ្អាកសកម្មនិងដំណើរការ តែមានការរាយការណ៍ថា អ្នកស្វែងរកទិញដីធ្លីនៅតំបន់ឆ្នេរនៃខេត្តកំពត និងកែប នៅតែមានសន្ទុះ ហើយមានកំណើនខ្ពស់ជាងកាលពីមុនវិបត្តិកូវីដ១៩ រាលដាលក្នុងសហគមន៍ ២០ កុម្ភៈទៅទៀត។

លោកលឹម រដ្ឋា ភ្នាក់ងារទិញលក់ដីធ្លីនៅខេត្តកំពត និងកែបបានឱ្យដឹងតតាមទូរស័ព្ទនាព្រឹកថ្ងៃទី៣០ មិនានេះថា ការទិញលក់ដីធ្លីនៅក្នុងវិបត្តិកូវីដ១៩នេះ មិនត្រូវធ្វើឡើងដោយផ្ទាល់នោះទេ។ ភ្ញៀវខ្លះដែលចង់មើលដី គាត់គ្រាន់តែអោយពួកយើងផ្ញើទីតាំងច្បាស់លាស់ និងរូបភាពនៃដីធ្លីនោះ ព្រមជាមួយនឹងតម្លៃនិងទំហំដីធ្លីបើពួកគាត់ត្រូវពួកគាត់ចរចាជាមួយម្ចាស់ដី ហើយបើសិនជាពេញចិត្តគេចុះមកតែមួយភ្លេត គឺដាក់កក់សម្រេចទិញលក់តែម្ដង ។

លោកបន្តថា “កូវីដ១៩ វាមិនបានធ្វើឱ្យប៉ះពាល់ ដល់ការទិញលក់ដីធ្លីនោះទេ ពោលគឺការទិញលក់នៅតែមាន គ្រាន់តែមធ្យោបាយនៃការទិញលក់នោះ គឺធ្វើឡើងតាមរូបភាពបែបផ្សេង”។លោកថា“ដីនៅតាមតំបន់ឆ្នេរនៅតែមានតម្រូវការ ដោយមិនពាក់ព័ន្ធនឹងកូវីដ១៩នោះទេ តែមួយរយៈនេះ ភ្ញៀវមិនបានចុះមកផ្ទាល់ឡើយ ដោយសួរនាំតាមអនឡាញជំនួសវិញ ដោយដាក់គោលដៅឱ្យជួយរកដីនៅតាមឆ្នេរតាមមាត់សមុទ្រ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកលឹម រដ្ឋាបានបន្ថែមថា ទោះស្ថិតនៅក្នុងវិបត្តិនៃកូវីដ១៩ ដីធ្លីនៅតាមឆ្នេរមិនបានចុះថ្លៃ ដូចការព្យាករណ៍មួយចំនួននោះឡើយ ផ្ទុយទៅវិញមានតែឡើងថ្លៃ ហើយភ្ញៀវដែលរកដីមាត់ឆ្នេរក៏មិនសូវរកដីធំៗដែរ តែអ្នកលក់វិញមានតែដីធំៗ ទើបធ្វើឱ្យការទិញលក់មិនសូវត្រូវរ៉ូវគ្នា។

ជាមួយគ្នានេះ លោកគឹម សង្គ្រាមភ្នាក់ងារអចលនវត្ថុមួយរូបនៅក្នុងខេត្តកំពតក៏បានឱ្យដឹងផដែរថា សក្ដានុពលនៃការអភិវឌ្ឍនៅក្នុងតំបន់ឆ្នេរ បានទាក់ទាញឱ្យការវិនិ​យោគបន្ថែមពីវិនិយោគិន ក្នុងនិងក្រៅប្រទេស បើទោះបីជាយើងជួបប្រទះនឹងជំងឺកូវីដ១៩ក្ដី ។

លោកបន្តថា “កត្តាមួយចំនួនបានជំរុញឱ្យវិនិយោគិន នៅតែបន្តដាក់ទុនទៅលើអចលនទ្រព្យនៅក្នុងខេត្តកំពត គឺកំពង់ផែទឹកជ្រៅដែលកំពង់សាងសង់ ហើយនឹងបញ្ចប់នៅពេលឆាប់ៗនេះ”។ លោកបន្តថា “ដូច្នេះយើងសាកស្រម៉ៃមើល នៅពេលកំពង់ផែទឹកជ្រៅមួយនេះ បានបញ្ចប់តើនឹងមានសកម្មភាពអ្វីខ្លះ កើតឡើងនៅក្នុងខេត្តកំពត”។

ប្រាកដណាស់លំហូរទំនិញការដឹកជញ្ជូន នឹងឆ្លងកាត់ខេត្តនេះ ហើយកន្លែងស្តុកទំនិញក៏នឹងត្រូវធ្វើឡើង នៅក្បែរកំពងផែទឹកជ្រៅនោះដែរ។ មួយវិញទៀត វានឹងទាក់ទាញភ្ញៀវទេសចរណ៍ មកពីបរទេសឆ្លងកាត់កំពង់ផែមួយនេះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here