តំបន់ដីឡូត៍ចាប់ផ្ដើម ផ្លាស់ប្តូរនិន្នាការអភិវឌ្ឍន៍ដោយកំពុងប្រែក្លាយជាបុរីបណ្ដើរៗ

ដោយៈលក្ខិណា
ភ្នំពេញៈ តំបន់ដីឡូត៍កាលពីប៉ុន្មានឆ្នាំមុន និងបច្ចុប្បន្ននេះ បាននិងកំពុងកែប្រែដោយមានក្រុមហ៊ុនអភិវឌ្ឍន៍ បានចាប់ផ្ដើមអភិវឌ្ឍជាសំណង់បុរីបណ្ដើរៗហើយ ដើម្បីផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ ដែលកំពុងត្រូវការលំនៅឋាននៅក្នុងរាជធានីភ្នំពេញ និងតំបន់ជាយរាជធានី។

លោកចេ សុន អ្នកអភិវឌ្ឍន៍ដីឡូត៍ និងលំនៅឋានមួយរូបនៅតំបន់ជាយរាជធានីភ្នំពេញបានឱ្យដឹងថាបច្ចុប្បន្ននេះ តំបន់ដែលពីមុនជាដីឡូ៍បានកែប្រែ ទៅជាតំបន់លំនៅឋានបណ្ដើរៗហើយ ជាពិសេសតំបន់ជុំវិញរមណីយដ្ឋានភ្នំពេញរាជ្យទ្រព្យ គេឃើញមានការអភិវឌ្ឍជាបុរីលំនៅឋានជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការពលរដ្ឋ ។

លោកបន្តថា “ពេលនេះភ្នំឧត្តុង្គ មិនមែនជាតំបន់ដែលឆ្លាយពីភ្នំពេញទៀតឡើយ ព្រោះពីភ្នំពេញ ទៅភ្នំឧត្តុង្គមានផ្លូវស្រួល ខ្វាត់ខ្វែង ធ្វើដំណើរមិនយូរដូចមុនទៀតឡើយ”។ លោកបន្តថា “បូករួមនឹងសក្ដានុពលរមណីយដ្ឋានភ្នំឧត្តុង្គ ឬភ្នំព្រះរាជ្យទ្រព្យ កាន់តែទាក់ទាញភ្ញៀវទេសចរ ទៅសម្រាកលំហែនៅថ្ងៃឈប់សម្រាកទៀតនោះ បានធ្វើឱ្យអ្នកអភិវឌ្ឍន៍ចាប់ផ្ដើមអភិវឌ្ឍលំនៅឋាននៅតំបន់ជុំវិញនោះ ជាពិសេសនៅក្នុងស្រុកពញ្ញាឮ នៃខេត្តកណ្ដាល និងជំរុញឱ្យសក្ដានុពលនៃវិស័យដីឡូត៍នៅតំបន់នោះ កាន់តែមានការចាប់អារម្មណ៍ ពីសំណាក់ពលរដ្ឋបើទោះបីជាកម្ពុជាជួបវិបត្តិកូវីដ១៩ក្ដី”។

លោកបន្ថែមថា មិនយូរប៉ុន្មាន សក្ដានុពលអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅជុំវិញភ្នំព្រះរាជ្យទ្រព្យ នឹងកាន់តែមានសន្ទុះ នៅពេលវិបត្តិកូវីដ១៩ ត្រូវបានដោះស្រាយចប់ ហើយពលរដ្ឋដែលត្រូការដីសម្រាប់សង់លំនៅឋាន និងអ្នកត្រូវការលំនៅឋានស្រាប់នឹងចាប់ផ្ដើមសម្លឹងមើលតំបន់ណា ដែលមានសក្ដានុពល សម្រាប់ការតាំងទីលំនៅ។
លោកបញ្ជាក់ថា បើទោះបីជាពេលនេះ កម្ពុជាជួបប្រទះនឹងវិបត្តិកូវីដ១៩ក្ដី តែការទិញលក់ដីឡូត៍ នៅតំបន់ជុំវិញភ្នំព្រះរាជ្យទ្រព្យ ជាពិសេសនៅក្នុងស្រុកពញ្ញាឮនៃខេត្តកណ្ដាល នឹងទទួលបានសកម្មភាពទិញលក់ជាបន្តបន្ទាប់ ហើយតម្លៃវិញក៏មិនមានការធ្លាក់ចុះនោះដែរ ជាក់ស្ដែងទីផ្សារដីឡូត៏ចន្លោះពី៧៨០០ដុល្លារ ទៅ១២០០០ដុល្លារអាមេរិកក្នុងមួយឡូត៍។

លោកបណ្ឌិតគីម ហ៊ាង ប្រធានKW Cambodia បានថ្លែងថា ការអភិវឌ្ឍរាជធានីភ្នំពេញ កាន់តែមានការរីកសាយទៅកាន់តំបន់ជាយៗក្រុង ដោយសារកត្តាតម្លៃដីនៅតំបន់ជាយក្រុងនៅមានកម្រិតនៅឡើយ ហើយអ្នកដែលមានជីវភាពក្រោមមធ្យម ឬមធ្យម ដែលចង់បានផ្ទះឬបានដីសម្រាប់សង់ផ្ទះ ត្រូវការទៅរកតំបន់ណាដែលនៅជាយក្រុង ព្រោះពួកគេមិនអាចទិញដីនៅតំបន់កណ្ដាលក្រុងបានឡើយ ។

ដោយឡែកលោក ច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជាបានឱ្យដឹងថា ទីណាមានការអភិវឌ្ឍទៅលើហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ មានភ្លើងអ្នកវិនិយោគ នឹងទៅកាន់ទីនោះដើម្បីអភិវឌ្ឍ ហើយពលរដ្ឋជាអ្នកទិញអចលនទ្រព្យ ក៏ត្រូវការតំបន់ណា ដែលងាយស្រួលក្នុងការរស់នៅ ប្រកបអាជីវកម្ម និងងាយស្រួលក្នុងការចេញរាជធានីភ្នំពេញ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here