វិភាគៈហេត្វីបានជាសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិកមានសន្ទុះងើប ឡើងវិញមិនស្មើគ្នា?

ដោយៈ ម៉ាណេត

វ៉ាស៊ីនតោនៈ របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចចុងក្រោយ របស់ធនាគារពិភព ដែលគេហទំព័រ Cambodiafinancialtimes.com ទទួលបាននៅថ្ងៃនេះនិយាយថា ទូទាំងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក សន្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច នៅតែមានភាពខុសគ្នាខ្លាំងនៅឡើយ ជាងមួយឆ្នាំក្រោយពីមានការរាតត្បាតជំងឺកូវីដ១៩។

មានតែប្រទេសចិន និងវៀតណាមទេ ដែលសេដ្ឋកិច្ចដាំក្បាលចុះហើយងើបឡើងវិញចេញរាងជាអក្សរV ដែលក្នុងនោះទិន្នផលសេដ្ឋកិច្ច បានកើនឡើងលើសកម្រិតមុនពេលមានការរាតត្បាតជំងឺនេះ។ នៅក្នុងប្រទេសផ្សេងទៀត ទិន្នផលផលសេដ្ឋកិច្ចនៅមានជាមធ្យមប្រហែល៥ភាគរយ គឺទាបជាងកម្រិតមុនគ្រាផ្ទុះការរាតត្បាតទៅទៀត។ អ្នករងការប៉ះទង្គិចខ្លាំងបំផុត គឺបណ្តាប្រទេសនៅតាមកោះប៉ាស៊ីហ្វិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សកម្មភាពរបស់សេដ្ឋកិច្ច បានពឹងផ្អែកលើប្រសិទ្ធភាពនៃការទប់ស្កាត់វីរុស លើសមត្ថភាពទាញយកអត្ថប្រយោជន៍ ពីការងើបឡើងវិញនៃពាណិជ្ជកម្មអន្តរជាតិ និងសម​ត្ថ​ភាពរបស់រដ្ឋាភិបាល ក្នុងការផ្តល់ការគាំទ្រផ្នែកសារពើពន្ធនិងរូបិយវត្ថុ។

នៅក្នុងឆ្នាំ២០២០ ភាពក្រីក្រនៅក្នុងតំបន់ បានឈប់ធ្លាក់ចុះជាលើកដំបូង បន្ទាប់ពីបានធ្លាក់ចុះអស់ច្រើនទសវត្សរ៍កន្លងមក។ ដោយសារតែជំងឺរាតត្បាត ប្រជាជនប្រមា​ណ៣២លាននាក់នៅក្នុងតំបន់ នៅតែមិនអាចរើខ្លួនចេញផុតពីភាពក្រីក្រ (បន្ទាត់ភាពក្រីក្រគិតជាប្រាក់៥,៥០ដុល្លារអាមេរិកក្នុងមួយថ្ងៃ)បាន។

លោកស្រី វិកតូរីយ៉ា ក្វាក្វា អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក និយាយថា  “វិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីការរាតត្បាតវីរុសកូវីដ១៩នេះ បានបង្អាក់ការកាត់បន្ថយភាពក្រីក្រ ហើយបង្កើនវិសមភាពវិញ”។ លោកស្រីបន្តថា “ក្នុងគ្រាដែលប្រទេសនានា ចាប់ផ្តើមងើបឡើងវិញ នៅឆ្នាំ២០២១ គេចាំបាច់ត្រូវចាត់វិធានការបន្ទាន់ ដើម្បីការពារប្រជាជនងាយរងគ្រោះ និងធានាឱ្យមានការងើបឡើងវិញនៃសេដ្ឋកិច្ចដែលមានបរិយាបន្ន, មានភាពបៃតង និងភាពធន់”។

វិសមភាពបានកើនឡើង ដោយមកពីការរាតត្បាតជំងឺ និងវិធានការរឹតត្បិតការធ្វើដំណើរ ព្រមទាំងកង្វះលទ្ធភាពស្មើភាពគ្នា ក្នុងការទទួលបានសេវាកម្មសង្គម និងបច្ចេកវិទ្យាឌីជីថលផងដែរ។ នៅក្នុងប្រទេសមួយចំនួន កុមារក្នុងគ្រួសារក្រីក្របំផុតចំនួន២ភាគ៥ នៃចំណោមគ្រួសារទាំងអស់ មានតិចជាង២០ភាគរយទេ ដែលនៅបន្តការរៀនសូត្រ បើធៀបទៅនឹងកុមារនៃគ្រួសារធូរធារ ដែលមានចំនួន១ភាគ៥នៃគ្រួសារ។

រីឯស្ត្រីវិញ ពួគគេកំពុងរងអំពើហិង្សាច្រើនជាងមុន ក្នុងនោះមាន២៥ភាគរយនៃអ្នកឆ្លើយសំណួរនៅក្នុងប្រទេសឡាវ និង៨៣ភាគរយនៅប្រទេសឥណ្ឌូនេស៊ី ដែលបាននិយា​យថា អំពើហិង្សាក្នុងគ្រួសារ មានសភាពកាន់តែអាក្រក់ទៅៗ ដោយសារតែវីរុសកូវីដ១៩។

កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ ត្រូវបានគេរំពឹងថានឹងកើនពីការប៉ាន់ស្មាន១,២ភាគរយក្នុងឆ្នាំ២០២០ ដល់៧.៥ ភាគរយនៅឆ្នាំ២០២១។ ប៉ុន្តែយើងប្រហែលជានឹងមានសន្ទុះងើបឡើងវិញក្នុងល្បឿនបីខុសគ្នា។

ប្រទេសចិន និងវៀតណាម ត្រូវបានគេរំពឹងថា នឹងកើនឡើងកាន់តែខ្លាំងនៅក្នុងឆ្នាំ២០២១ ក្នុងកម្រិត៨,១ ភាគរយនិង៦,៦ ភាគរយ រៀងៗខ្លួន ពី ២,៣ភាគរយ និង ២,៩ភាគរយ ក្នុងឆ្នាំ២០២០។

ប្រទេសធំៗដទៃទៀតក្នុងតំបន់ ដែលនៅខ្លាចការវាយលុករបស់វីរុសនៅឡើយ នឹងទទួលបានកំណើនមធ្យម៤,៦ភាគរយ គឺយឺតជាងកាលនៅមុនគ្រាមានការរាតត្បាតវីរុស។ សម្រាប់ប្រទេសនៅតាមកោះ ដែលពឹងផ្អែកលើទេសចរណ៍ ដំណើរងើបឡើងវិញនៃសេដ្ឋកិច្ចត្រូវបានរំពឹងទុកថា នឹងអូសបន្លាយយូរជាងការព្យាករណ៍ទុកទៅទៀត។

របាយការណ៍បានប៉ាន់ប្រមាណថា វិធានការទ្រទ្រង់សេដ្ឋកិច្ច ដែលរដ្ឋាភិបាលអាមេរិក បានដាក់ចេញកាលពីពេលថ្មីៗនេះ អាចនឹងរួមចំណែកបាន១ខ្ទង់ភាគរយជាមធ្យមដល់កំណើន នៃបណ្តាប្រទេសក្នុងតំបន់នៅឆ្នាំ២០២១ និងដល់ការប្រឹងងើបឡើងវិញនៃសេដ្ឋកិច្ចបានយ៉ាងតិច៣ខែទៀតដែរ។ អ្វីដែលជាហានិភ័យចំពោះចក្ខុវិស័យនេះ គឺអាច  មកពីភាពយឺតៗ នៃការអនុវត្តកម្មវិធីវ៉ាក់សាំងកូវីដ១៩ ដែលអាចធ្វើឱ្យកំណើននៅក្នុងប្រទេសមួយចំនួនយឺតជាង១ខ្ទង់ភាគរយ។

របាយការណ៍នេះ អំពាវនាវឱ្យបន្តសកម្មភាពទប់ស្កាត់ជំងឺនេះ ឱ្យជាប់ ជួយដល់សេដ្ឋកិច្ច និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន ក្នុងការស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញ។ របាយការណ៍ក៏ព្រមានដែរថា បើគិតតាមបរិមាណស្តុក និងការបែងចែកវ៉ាក់សាំងនាពេលបច្ចុប្បន្ននេះ បណ្តាប្រទេសឧស្សាហកម្មនឹងចាក់វ៉ាក់សាំងបាន៨០ភាគរយ នៃប្រជាជនរបស់ខ្លួនគិតត្រឹមចុងឆ្នាំ២០២១ រីឯប្រទេសកំពុងអភិវឌ្ឍន៍ ដែលអាចនឹងសម្រេចបានប្រហែល ៥៥ភាគរយប៉ុណ្ណោះ។

នៅក្នុងប្រទេសអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកកមួយចំនួន វិធានការសម្រាលការលំបាកជីវភាពនៅមានតិចតួច បើធៀបទៅនឹងទំហំនៃការបាត់បង់ប្រាក់ចំណូល ហើយវិធានការទ្រង់ទ្រង់សេដ្ឋកិច្ច ក៏មិនទាន់ឆ្លើយតបបានទាំងស្រុង ចំពោះការខ្វះខាតនៃតម្រូវការ នៅពេលដែលការវិនិយោគសាធារណៈ ក៏មិនសូវមានជាដុំកំភួន នៅក្នុងកិច្ចខិតខំស្តារសេដ្ឋកិច្ចឡើងវិញ រីឯបំណុលសាធារណៈវិញ។ វាបានកើនឡើងជាមធ្យម៧ភាគរយនៃផលិ​តផលក្នុងស្រុកសរុប។

វិធានការធ្វើឱ្យសេដ្ឋកិច្ចកាន់តែ “បៃតង” ត្រូវចាញ់ប្រៀបនឹងសកម្មភាពពណ៌ “ត្នោត” នៅក្នុងកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ចនៅទូទាំងតំបន់ ដោយក្នុងនោះ មានតែវិធានការស្តារឡើងវិញជាមធ្យមតែមួយក្នុងបួនប៉ុណ្ណោះ ដែលមានមេត្រីចំពោះអាកាសធាតុ ក្នុងចំណោមប្រទេសក្នុងតំបន់។

លោកអាឌីត្យា ម៉ាទូសេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោក សម្រាប់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក បាននិយាយថា “ជាងពេលណាៗទាំងអស់ យើងត្រូវការកិច្ចសហប្រតិ​បត្តិការអន្តរជាតិដើម្បីទប់ទល់ជំងឺនេះ គាំទ្រសេដ្ឋកិច្ច និងស្តារសេដ្ឋកិច្ចឡើងវិញដោយភាពបៃតង”។

ប្រទេសចិនអាចដើរតួនាទីនេះយ៉ាងសំខាន់ ដោយនាំចេញផលិតផលវេជ្ជសាស្ត្របន្ថែមទៀត បង្កើនការប្រើប្រាស់របស់ខ្លួន និងចាត់វិធានការអាកាសធាតុឱ្យកាន់តែខ្លាំង  ក្លា។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសចិនក៏នឹងបានអត្ថប្រយោជន៍ ពីពិភពលោកមួយដែលកាន់តែមានសុវត្ថិភាព និងកំណើនប្រកបដោយតុល្យភាពផងដែរ”។

របាយការណ៍នេះ អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការផលិត និងការអនុម័តវ៉ាក់សាំង ក៏ដូចជាក្នុងការបែងចែកវ៉ាក់សាំង ដោយផ្អែកលើតម្រូវការ ដើម្បីជួយទប់ស្កាត់ការរាលដាលវីរុសកូវីដ១៩។ ការសម្របសម្រួលផ្នែកសារពើពន្ធនឹងជួយបង្កើនឥទ្ធិពលរបស់កម្មភាពរួមគ្នានេះ ពីព្រោះរដ្ឋាភិបាលខ្លះហាក់ដូចជាធ្វើអន្តរាគមន៍ជួយផ្នែកសេដ្ឋកិច្ចតិចតួចស្តួចស្តើងណាស់។

ក្រៅពីកិច្ចសហប្រតិបត្តិការ កាត់បន្ថយការបំភាយឧស្ម័ន ជំនួយអន្តរជាតិនឹងជួយប្រទេសកំពុងអភិវឌ្ឍន៍ក្រីក្រ ឱ្យមានលទ្ធភាពចាត់វិធានការអាកាសធាតុ កាន់តែស៊ីជម្រៅថែមទៀត។

របាយការណ៍ក្រោមចំណងជើងថា Uneven Recovery ដែលផ្តោតលើគោលនយោបាយចាក់វ៉ាក់សាំង សារពើពន្ធ និងការប្រែប្រួលអាកាសធាតុ ជាការបន្តពីការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចចំនួនពីរលើកមុនរួចមកហើយ សម្រាប់តំបន់នេះក្នុងឆ្នាំ ២០២០ ដែលបានពិនិត្យទៅលើទិដ្ឋភាព គោលនយោបាយចំនួន៦ពាក់ព័ន្ធការងើបឡើងវិញ ពីជំងឺរាតត្បាតរបស់កូវីដ១៩ ក្នុងនោះរួមមាន ការទប់ស្កាត់ដោយឆ្លាតវៃ ការរៀនសូត្រដោយឆ្លាតវៃ ការបង្កើនកិច្ចគាំពារសង្គម ការគាំទ្រដល់ក្រុមហ៊ុន គោលនយោបាយមានតុល្យភាពសម្រាប់វិស័យហិរញ្ញវត្ថុ និងកំណែទម្រង់ពាណិជ្ជកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here