ក្រុមហ៊ុន​ហុងកុង Swire Properties ចុះ​កិច្ចព្រមព្រៀង​លក់​ខុន​ដូ ២០យូ​នី​តក្នុងតម្លៃ ៣០០លាន​ដុល្លារ

ដោយៈ​សុខុម

សិង្ហ​បុរី:  ក្រុមហ៊ុន​អចលនទ្រព្យ Swire Properties របស់​ក្រុង​ហុងកុង បាន​ចុះ​កិច្ចព្រមព្រៀង លក់​ខុន​ដូ​ប្រណីត​ទាំង២០យូ​នី​ត​ក្នុង​អគារ​ខុន​ដូ Eden ដែល​សាងសង់​រួចរាល់​ជា​ស្ថាពរ​របស់ខ្លួន​ស្ថិតនៅ​ឧទ្យាន 2 Draycott Park ប្រទេស​សង្ហ​បុរី ក្នុងតម្លៃ​រហូតដល់​ទៅ​ប្រមាណ​រហូតដល់ ៣០០លាន​ដុល្លារ។ នេះ​បើ​យោងតាម​សារព័ត៌មាន The Business Times ចុះផ្សាយ​កាលពី​ថ្ងៃទី២៥ មីនា។

ទោះជា​យ៉ាងណា គ្មាន​ការបញ្ជាក់​លម្អិត​អំពី កិច្ចព្រមព្រៀង​ទិញ​លក់​នេះ​ទេ ប៉ុន្តែ​ប្រភព​មួយ​គ្រាន់តែ​ទម្លាយ​ឱ្យដឹងថា អ្នកទិញ​មកពី​អាស៊ី​ខាងជើង (North Asia)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម​ប្រភព​ដដែល​ឱ្យដឹងទៀតថា កិច្ចព្រមព្រៀង​ទិញ​លក់​នេះ ត្រូវបាន​ធ្វើឡើង​តាមរយៈ​ស្ត្រី​ជា​ភ្នាក់ងារ​អចលនទ្រព្យ (អ្នក​គួ​ក​ជេ) ម្នាក់​ឈ្មោះ Sandra Yiap មកពី​ក្រុមហ៊ុន HUTTONS ASIA PTE LTD ក្នុងប្រទេស​សិង្ហ​បុរី រួម​ជាមួយនឹង​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Savills។

ទោះជា​យ៉ាងណា នៅពេល​សារព័ត៌មាន The Business Times ទាក់ទង​ដើម្បី​សុំ​ការបញ្ជាក់​អំពី​កិច្ចព្រមព្រៀង​ទិញ​លក់​នេះ ក្រុមហ៊ុន HUTTONS ASIA PTE LTD បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​នោះទេ។

តម្លៃ​សរុប​នេះ​មានន័យថា លក់បាន​ថ្លៃ​ខ្ពស់កប់ពពក រហូតដល់​ប្រមាណ ៤.៩០០ដុល្លារ​ក្នុង​មួយ​ហ្វី​ត​ការ៉េ ឬ​ប្រមាណ ៥០.០០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។ គម្រោង​ខុន​ដូ​នេះ​មាន​កម្ពស់២២ជាន់ និង​ក្នុង​មួយ​ជាន់​គឺមាន​តែមួយ​យូ​នី​ត​ប៉ុណ្ណោះ រាប់​ចាប់ពី​ជាន់​ទី៣ ដល់​ជាន់​ទី២២ ។ យូ​នី​តនីមួយៗមាន​បន្ទប់​គេង​ចំនួន៤ ជាមួយនឹង​ផ្ទៃ​សរុប ៣.០៣៥ ហ្វី​ត​ការ៉េ ឬ ២៨២ ម៉ែត្រការ៉េ។

អគារ​ខុន​ដូ ដែល​ផ្ដល់​កម្មសិទ្ធិ​កាន់កាប់ គ្មាន​រយៈពេល​កាលកំណត់​នេះ ត្រូវបាន​សាងសង់​បញ្ចប់​ជា​ស្ថាពរ​ក្នុង​ឆ្នាំ២០១៩ ។ គម្រោង​អគារ​នេះ រួមមាន​អាង​ហែល​ទឹក​សម្រាប់​មនុស្សពេញវ័យ​មួយ អាង​ហែល​ទឹក​សម្រាប់​កុមារ​មួយ សួនច្បារ​មួយ និង​សួនច្បារ​ជាន់​ដំបូល (sky garden) មួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here