អ្នកជំនាញបង្ហើបពីវិធីសាស្រ្តចាយវាយជាមួយនឹងការសន្សំច្បាស់លាស់

ដោយៈ លក្ខិណា

ភ្នំពេញៈ សន្សំមុនចាយគឺសំដៅដល់ការរកលុយមកទុន សម្រាប់ទិញរបស់អ្វីដែលមួយដែលជាតម្រូវការ និងជាចំណង់ចំណូលចិត្ត ហើយចាយមុនសន្សំដោយសំដៅលើការទិញរបស់អ្វីមួយមកប្រើប្រាស់ ទៅតាមចំណូលចិត្តរួច ហើយបង់រំលស់ជាប្រចាំខែទៅលើរបស់ដែលបានទិញយកប្រើប្រាស់។

នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ ចាយមុនសន្សំត្រូវបានគេមើលឃើញថា មានសកម្មភាពច្រើន ដោយមានក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុជាច្រើនបានបង្កើតឡើង និងផ្ដល់សេវាបង់រំលស់ទៅកាន់អតិថិជន ដោយសហការជាមួយក្រុមហ៊ុនលក់ទំនិញនិងផលិតផល ។ តើការចាយមុនសន្សំ និងសន្សំមុនចាយមួយណាល្អប្រសើរជាង?។

លោកវេជ្ជបណ្ឌិតគួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន MJQ បានឱ្យដឹងថា ប្រជាជននៅក្នុងប្រទេសកម្ពុជាពេលនេះ ហាក់សប្បាយនឹងការចាយលុយ មុនសន្សំ ដោយខ្ចីលុយគេមកទិញរបស់មកបំពេញតម្រូវការរបស់ខ្លួន ដើម្បីភាពហ៊ឺហាររបស់ខ្លួន ភាពឡួយឆាយរបស់ខ្លួន ដោយមិនខិតខំសន្សំ ដើម្បីទិញនៅពេលមានលុយគ្រប់ឡើយ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “សកម្មភាពចាយមុនសន្សំនឹងធ្វើឱ្យបរាជ័យ ដូច្នេះបុគ្គលគ្រប់រូបត្រូវចេះ គ្រប់គ្រងថវិការបស់ខ្លួនឱ្យបានត្រឹមត្រូវ ហើយធ្វើអ្វីក៏ដោយក៏ត្រូវគិតគូរច្បាស់លាស់ដែរ មិនថាការបើកអាជីវកម្មរួមគ្នា”។ លោកបន្តថា “ការបើកអាជីវកម្មរួមគ្នា វាក៏នឹងបង្កជាហានិភ័យទៅជាជំលោះរវាងដៃគូររកស៊ីជាមួយគ្នា។ ចង់បើកក្រុមហ៊ុនត្រូវធ្វើទៅតាមលទ្ធភាពដែលមាន គឺមានប៉ុន្មានធ្វើប៉ុណ្ណឹង សឹមពេលក្រុមហ៊ុននោះ ធំធាត់គេអាចរួមបញ្ចូលគ្នាសហការគ្នា ដូចដែលក្រុមហ៊ុនធំៗជាច្រើនទាំងក្នុងប្រទេសកម្ពុជា និងលើពិភពលោកបានធ្វើ ដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួន”។

លោកង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុមួយរូបប្រចាំប្រទេសកម្ពុជា ក៏បានលើកឡើងថា នៅក្នុងពេលនេះ ការដែលមិនជំពាក់ធនាគារ គឺជាឥរិយាបទហិរញ្ញវត្ថុ ដែលមិនសមហេតុសមផល។ ការលើកឡើងរបស់លោក គឺសំដៅដល់ការជំពាក់ធនាគារ ដើម្បីវិនិយោគប៉ុណ្ណោះ មិនមែនជំពាក់ធនាគារទិញរបស់ទំនើបដែលមិនចាំបាច់នោះទេ។

លោកបន្តថា “ការទិញរបស់បង់រំលស់ ក៏ជាការជួយមួយចំណែកដោយយកលុយមួយចំណែកនៅសល់ពីការបង់រំលស់ ទៅវិនិយោគលើអ្វីមួយ ដែលអាចបង្កើនប្រាក់ចំណូលបន្ថែមទៀតបាន “។

ក្រុមអ្នកជំនាញនៃហិរញ្ញវត្ថុជាច្រើនទៀតក៏បានលើកឡើងថា របស់ណាដែលចាំបាច់ប្រើប្រាស់ ក្នុងការរកចំណូលបន្ថែម ហើយមិនទាន់មានប្រាក់សន្សំគ្រប់គ្រាន់ក្នុងការទិញប្រើប្រាស់នោះទេ អាចទិញបង់រំលស់បាន ដោយទុកមួយចំនួនសម្រាប់បង្កើនប្រាក់ចំណូលនិងមួយចំនួន អាចរំលស់របស់ដែលប្រើប្រាស់ចាំបាច់៕

LEAVE A REPLY

Please enter your comment!
Please enter your name here