ក្រុមហ៊ុនតៃវ៉ាន់Foxconnគ្រោងសហការវិនយោគជាមួយក្រុមហ៊ុនវៀតណាមលើការផលិតរថយន្តអគ្គិសនី

ដោយៈ សុខុម
តៃប៉ិ/ហាណូយ: ប្រភពពីរបានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ក្រុមហ៊ុន Foxconn របស់កោះតៃវ៉ាន់ កំពុងចរចាជាមួយក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast ដើម្បីចាប់ដៃសហការផលិតរថយន្តអគ្គិសនី។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃទី១៩ មីនា។

ប្រភពស្និទ្ធនឹងរឿងនេះបាននិយាយដោយសុំមិនបញ្ចេញអត្តសញ្ញាណ ដោយពួកគេមិនត្រូវបានអនុញ្ញាតឱ្យនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយដូច្នេះថា ក្រុមហ៊ុន Foxconn បានស្នើសុំទិញសង្វាក់ផលិតកម្មរថយន្តអគ្គិសនី (EV) របស់ក្រុមហ៊ុន VinFast។

ទោះជាយ៉ាងណា ក្រុមហ៊ុន VinFast បុត្រសម្ព័ន្ធរបស់ Vingroup JSC ដែលជាក្រុមហ៊ុនធំបំផុតនៅប្រទេសវៀតណាម ចង់ចាប់ដៃគូសហការជាជាងការលក់ ព្រោះចង់ផ្សព្វផ្សាយឱ្យពិភពលោកបានដឹងថា ខ្លួនជាក្រុមហ៊ុនផលិតរថយន្តដែលមិនបង្កផលប៉ះពាល់ដល់បរិស្ថាន ហើយណាមួយក៏ចង់រក្សាអាជីវកម្មផលិតរថយន្តអគ្គិសនីរបស់ខ្លួនផងដែរ។

ទាក់ទិនបញ្ហានេះ ក្រុមហ៊ុន Foxconn បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះឡើយ។ ចំណែកឯអ្នកនាំពាក្យក្រុមហ៊ុន Vingroup បាននិយាយថា ក្រុមហ៊ុនគ្មានព័ត៌មានអំពីបញ្ហានេះទេ។
ក្រុមហ៊ុន Foxconn គឺក្រុមហ៊ុនម៉ៅការផលិតគ្រឿងអេឡិចត្រូនិកដ៏ធំបំផុក្នុងពិភពលោក ហើយក៏ជាអ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុនសហរដ្ឋអាមេរិក Apple Inc ដែលផលិតទូរស័ព្ទ iPhone ដ៏ល្បីរន្ទឺផងដែរ។
ក្រុមហ៊ុននេះបានដាក់ចេញនូវផែនការដើម្បីក្លាយជាអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ និងសេវាកម្មដ៏ធំមួយនៅក្នុងទីផ្សាររថយន្តអគ្គិសនីទូទាំងពិភពលោក ហើយក្រោយឈានដល់កិច្ចព្រមព្រៀងណាមួយជាមួយក្រុមហ៊ុន VinFast ក្រុមហ៊ុន Foxconn នឹងចរចាកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតរថយន្តអ៊ីតាលី Fiat Chrysler និងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីទើបតែចាប់ផ្ដើមថ្មីៗតាមក្រោយទៀត។

ក្រុមហ៊ុនអ្នកជំនាញក្នុងវិស័យនេះមើលឃើញថា មហិច្ឆិតាដ៏ធំរបស់ក្រុមហ៊ុនតៃវ៉ាន់ មួយនេះគំរាមធ្វើឱ្យកក្រើកឧស្សាហកម្មផលិតរថយន្តអគ្គិសនី៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here