តើកត្តាអ្វីខ្លះកំពុងជម្រុញទឹកចិត្តឱ្យពលរដ្ឋប្រើប្រាស់សេវាកម្មបង់រំលស់?

ដោយៈ លក្ខិណា
ភ្នំពេញៈ មនុស្សម្នាក់ៗតែងមានតម្រូវការ និងចំណង់ចំណូលចិត្តខុសៗគ្នា ទៅតាមស្ថានភាពជីវភាពរស់នៅជាក់ស្ដែង ហើយក៏មិនមាននរណាម្នាក់ ចង់មានកាតព្វកិច្ចបង់បំណុលប្រចាំខែនោះទេ តែដោយសារតែកត្តាមួយចំនួន បានជំរុញឱ្យពួកគេប្រើប្រាស់កម្មបង់រំលស់ ដែលធ្វើឱ្យមានកាតព្វកិច្ចបំណុលដោយមិនដឹងខ្លួន។

យ៉ាងណាការជំពាក់បំណុលមិនជាអាក្រក់ទេ បើសិនជាការប្រើប្រាស់បំណុលនោះប្រកបដោយការគិតពិចារណា ។
មានតក្តាមួយចំនួនដែលជំរុញទឹកចិត្ត ឱ្យបុគ្គលមួយចំនួន បានប្រើប្រាស់សេវាកម្មបង់រំលស់ ដែលជាកាតព្វកិច្ចបំណុលប្រចាំខែដោយមិនដឹងខ្លួន។ កត្តាទាំងនោះមានដូចជា
១ ចំណង់ ឬតម្រូវការ
ចំណុចដំបូងបង្អស់ ដែលគួរពិចារណានោះ គឺតើលោកអ្នកត្រូវការរបស់នោះជាបន្ទាន់ដែរឬទេ? ឬមួយគ្រាន់តែជាចំណង់មួយឆាវទេ? បើសិនជាអ្នកពិតជាត្រូវការវាមែន ដើម្បីបម្រើប្រយោជន៍ក្នុងជីវភាពរស់នៅ ហើយប្រាក់សន្សំមិនទាន់គ្រប់គ្រាន់នៅឡើយ អ្នកអាចជ្រើសរើសការបង់រំលស់បាន តែបើអ្នកគិតថា អ្នកមិនទាន់ត្រូវការវាភ្លាមៗទេ ហើយមិនចង់ខាតបង់លើការប្រាក់ច្រើន ការសន្សំឲ្យគ្រប់ចំនួនជាជម្រើសប្រសើរបំផុត។
២ ផែនការចំណូលចំណាយ
អត្ថប្រយោជន៍ធំបំផុតរបស់សេវាកម្មបង់រំលស់ គឺអ្នកពុំចាំបាច់ចំណាយលុយទាំងដុល ទៅទិញរបស់ដែលអ្នកស្រឡាញ់ ដោយចំណាយបន្តិចៗម្ដងជារៀងរាល់ខែ ជាជាងបង់ទាំងដុល ដែលអាចប៉ះពាល់ដល់ផែនការហិរញ្ញវត្ថុផ្សេងៗទៀត។ ប៉ុន្តែបើអ្នកមានលុយសន្សំគ្រប់ហើយ ស្រាប់តែអ្នកបែរជាគ្មានប្រាក់សម្រាប់គ្រាមានអាសន្ន ប្រាក់សម្រាប់ចំណាយ លើការចាយវាយហានិភ័យណាមួយនោះ ច្បាស់ណាស់អ្នកគួររៀបចំរៀបផែនការចំណូលចំណាយសាឡើងវិញ។
៣ អត្រាការប្រាក់ និងតម្រូវការឯកសារ
ជាធម្មតាទៅហើយដែលសេវាកម្មបង់រំលស់ តម្រូវឱ្យអ្នកបង់អត្រាការប្រាក់ប្រចាំខែដែល អត្រាការការប្រាក់នៃសេវាកម្មបង់រំលស់ វាអាស្រ័យលើរបស់អ្នកចង់បាន ដូចជា ផ្ទះ ឡាន ម៉ូតូឬ ឬទូរសព្ទ។ សេវាកម្មបង់រម្លស់ទាមទារឯកសារច្រើន ដើម្បីបញ្ជាក់ថា អ្នកពិតជាមានចំណូលចំណាយប្រចាំខែ និងមានលទ្ធភាពអាចបង់រម្លស់បានកម្រិតណា ខណៈពេល ដែលការប្រើប្រាស់លុយសន្សំទៅទិញ មិនសូវឈឺក្បាលនឹងអត្រាការប្រាក់ ក៏ដូចជាឯកសារសាំញ៉ាំទម្រាំមានរបស់មកប្រើ។

ជួនកាលទៀត បូកដកថ្លៃការប្រាក់ចុះឡើងៗ ចង់ប្រហាក់ប្រហែលលុយដែលសន្សំក៏ថាបាន! បើអ៊ីចឹងមែននោះ ម្ដេចមិនទិញផ្ដាច់ដោយប្រើលុយសន្សំទាំងអស់ ដែលមានតែម្ដងទៅ ហើយអ្នកក៏មិនខាតការប្រាក់ផង។
ឧទាហរណ៍ថា ទូរសព្ទដែលអ្នកចង់ទិញតម្លៃ $1,000 ដោយគេបញ្ជាក់ប្រាប់អ្នកថា បង់រម្លស់ត្រឹមតែ$105ប៉ុណ្ណោះក្នុងមួយខែ ជាមួយរយៈពេល១ឆ្នាំ។ អញ្ចឹងយើងអាចឃើញថា ដើម្បីបានទូរសព្ទមួយគ្រឿងតម្លៃ$1000 អ្នកត្រូវខាតការប្រាក់ $260 បន្ថែមទៀត។

ដូច្នេះបើសិនលោកអ្នកគិតថា អាចនៅប្រើទូរសព្ទចាស់ជាបណ្ដោះអាសន្នសិនបាន ក៏គួរប្រើសិនទៅ ហើយតម្លៃ iPHONE 12 ក៏អាចធ្លាក់ថ្លៃខ្លះៗដែរ ទម្រាំអ្នកអាចសន្សំលុយគ្រប់ចំនួន ប្រសិនបើអ្នកមិនចង់ខាតថ្លៃការប្រាក់។ យើងឃើញថា មធ្យោបាយទាំងទ្វេនេះ យើងពុំអាចសន្និដ្ឋានមួយណាល្អជាងមួយណាឡើយ ដ្បិតថាវាអាស្រ័យលើស្ថានភាពហិរញ្ញវត្ថុ និងរូបភាពផ្សេងៗគ្នានៃតម្រូវការរបស់មនុស្សម្នាក់ៗ។
បើសិនជាត្រូវការវាបន្ទាន់ ហើយលោកអ្នកមិនចង់ដកលុយសន្សំ មកចាយឲ្យអស់ពីខ្លួន ដើម្បីសល់ប្រាក់ខ្លះទប់ទល់នឹងចំណាយផ្សេងៗ អ្នកអាចជ្រើសរើសការបង់រម្លស់បាន តែបើអ្នកមិនចង់ខាតការប្រាក់ច្រើន ហើយមិនទាន់ត្រូវការវាភ្លាមៗនោះ ការសន្សំបែបតក់ៗពេញបំពង់ជាជម្រើសប្រសើរបំផុត៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here