តើ​ការ​ខ្ចីលុយ​ពី​ធនាគារ ជា​រឿង​គួរ​ខ្មាស់អៀន ឬ​គួរ​យកមក​វិនិយោគ

ដោយៈ​លក្ខិណា

ភ្នំពេញៈ ផ្នត់គំនិត​របស់​ប្រជាជន​កម្ពុជា​មួយចំនួន​ធំ ពេលដែល​ខ្លួន​បាន​ខ្ចីលុយ​ពី​ធនាគារ​ឬ​ពី​មីក្រូហិរញ្ញវត្ថុ ហាក់​មាន​ភាព​លាក់លៀម មិន​ចង់ឱ្យ​អ្នកណា​ដឹង​នោះទេ ដោយ​គិតថា​ខ្មាស​គេ ខ្លាច​គេ​ថា​អន់ បើទោះបីជា​ខ្លួន​យកលុយ​នោះ មក​ពង្រីក​អាជីវកម្ម មក​ធ្វើឱ្យ​ប្រាក់ចំណូល​កើនឡើង​ក្ដី។

ប៉ុន្តែ​សម័យនេះ ការខ្ចី​លុយ​ពី​ធនាគារ​ឬ​មីក្រូហិរញ្ញវត្ថុ គេ​ត្រូវបាន​ចាត់ទុកថា​ជា​មនុស្ស​ឆ្លាត​វៃ​ចេះ​ប្រើ​លុយ​ដើម្បី​រកលុយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យ៉ាងណាក៏ដោយ មុននឹង​សម្រេច​ខ្ចីលុយ​ពី​ធនាគារ ឬក៏​មីក្រូហិរញ្ញវត្ថុ​ក៏ត្រូវ​មានការ​គិតពិចារណា​លើ​ចំណុច​មួយចំនួន​ផងដែរ។

១ ប្រើប្រាស់​បំណុល​នោះ ជា​បំណុល​ល្អ

ការខ្ចី​លុយ​យកទៅ​អភិវឌ្ឍ​មុខ​ជំនួញ ដែល​អាចធ្វើឱ្យ​អាជីវកម្ម​កាន់តែ​រីកចម្រើន ឬ ការទិញ​ផ្ទះ ឬ​ដី ដែល​អាចដាក់​ជួល​ឬ ទុក​លក់​យកចំណេញ សុទ្ធ​ជាការ​វិនិយោគ​យកលុយ​បង្កើត​លុយ ហើយ​អាច​ចាត់ទុក​វា​ជា​បំណុល​ល្អ។

ប៉ុន្តែ​បើក​ម្ចី​នោះ​ត្រូវបាន​ប្រើប្រាស់ ទៅលើ​ចំណាយ​មិនចាំបាច់ ដូចជា ទិញ​សម្ភារ​ប្រើប្រាស់​ដែល មិនបាន​បង្កើត​ចំណូល ឬ​ផលចំណេញ​ណាមួយ ក្នុង​រយៈពេល​វែង​ឬ​ខ្លី​ក៏ដោយ អ្នក​គួរ​ពិចារណា​ឱ្យបាន​ម៉ត់ចត់​ជាមុន ជាពិសេស​គឺ​លើ​លទ្ធភាព​សងបំណុល ដើម្បី​ចៀសវាង​កម្ចី​នោះ​ក្លាយជា​កម្ចី​អាក្រក់ ដែល​អាច​ប៉ះពាល់​ដល់​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក​នៅ​ថ្ងៃក្រោយ។

២. ជៀសវាង​ខ្ចីលុយ​ល​លើសពី៤០% នៃ​ប្រាក់ចំណូល​របស់ខ្លួន

បើ​យោងតាម​ក្រុម​អ្នកជំនាញ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​បានឱ្យដឹងថា ការខ្ចី​លុយ​ពី​ធនាគារ​គឺ ចាំបាច់​ត្រូវ​សិក្សា​ពី​ប្រាក់ចំណូល​ខ្លួនឯង ឱ្យ​ច្បាស់​ជាមុនសិន។ អ្នក​ពុំគួរ​ខ្ចី​លើសពី៤០ ឬ៥០% នៃ​ប្រាក់​ចំ​ណួ​ល​ប្រចាំខែ​ដែល​រក​បានទេ។ បើ​មិន​ដូច្នោះ វា​អាច​នឹង​បង្ក​ឲ្យ​មាន​ហានិភ័យ​ខ្ពស់។ រីឯ​ខាង​ធនាគារ ក៏​មើល​លើ​សមត្ថភាព​របស់​យើង​ផងដែរ​ថា​យើង​អាចមាន​លទ្ធភាព ក្នុងការ​សងបំណុល​បាន​ឬ​អត់។

ដូចនេះ​ទោះយ៉ាងណា ការខ្ចី​លុយ​ពី​ធនាគារ ក៏មាន​សុវត្ថិភាព​ជាង​ការខ្ចី​លុយ​ពី​អ្នក​ចងការ​ប្រាក់​ក្រៅ​ប្រព័ន្ធ​ដែរ។

លោក​ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន EMC បានឱ្យដឹងថា “ការ​មិនមាន​ជំពាក់​បំណុល គឺជា​ឥរិយាបទ​ហិរញ្ញវត្ថុ​មិន​សម​ហេតុផល។ បំណុល​ល្អ គឺជា​គន្លឹះ​ឈានទៅរក​ការកសាង​ទ្រព្យសម្បត្តិ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here