ដោយ:គង់ ម៉ាលីនណា
ភ្នំពេញ: ខណៈសេវាកម្មស្ទើរគ្រប់វិស័យ កំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីកូវីដ១៩ ប៉ុន្តតែសេវាកម្មដឹកជញ្ជូនមានការពេញនិយម ពិសេសខាងផ្នែកចំណីម្ហូបអាហារ ខណៈដែលមនុស្សជាច្រើនមិនសូវចេញក្រៅ។
នាយកក្រុមហ៊ុន Super App Technology plc លោក ប៉ាត់ ចំណានបានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះថា ក្រុមហ៊ុនលោកមានផ្តល់សេវាកម្មសំខាន់ៗចំនួន៣នាពេលបច្ចុប្បន្ន ដូចជា សេវាកម្មតាក់ស៊ីអេប ការផ្ញើរទំនិញ និងផ្សារអនឡាញ។ លោកបន្តថា ក្រោយបើកឱ្យប្រើប្រាស់ផ្លូវការនូវកម្មវិធីតាម អេប ដើម្បីបញ្ជាទិញទំនិញ និងកក់ទុកនូវមធ្យោបាយធ្វើដំណើរ គិតមកទល់បច្ចុប្បន្ននេះ អ្នកដោនឡូតនិងប្រើប្រាស់ចំនួនសរុបជាង២ម៉ឺននាក់។
ជាមួយគ្នានេះ យើងងមានដៃគូសហការជាហាងលក់ទំនិញចំនួនជាង៣០០ហាង និងផ្នែកដឹកជញ្ជូន (កង់បី និងម៉ូតូ)ចំនួនជាង៣ពាន់។
លោកចំណានបានទទួលស្គាល់ថា សេវាកម្មដឹកជញ្ជូន ពិសេសផ្នែកម្ហូបអាហារមានការពេញនិយម ក្នុងអំឡុងពេលនៃការរីករាលនៃជំងឺកូវីដ១៩ ហើយដើរតួយ៉ាងសំខាន់ក្នុងការជួយម្ចាស់អាជីវកម្ម រកចំណូលទ្រទ្រង់អាជីវកម្មពួកគាត់ ឱ្យនៅតែបន្តដំណើរការបាន។
លោកលើកឡើងបន្តថា “កំឡុងពេលដែលមានបញ្ហាកូវីដឃើញថា ប្រជាពលរដ្ឋខ្មែរយើងគឺគាត់នៅផ្ទះគាត់ទំនេរច្រើន ញ្ចឹងគាត់ងាកមកOrder តាមរយៈ Appមានការកើនឡើង វាខុសពីវិស័យផ្សេងៗ ក្នុងនឹងខ្ញុំគិតថា ពេលនឹងដែលក្រុមហ៊ុនតិចណូឡូជីត្រូវពង្រឹងថែមទៀត ដើម្បីជំរុញសេដ្ឋកិច្ចតាមរយៈការ Order ទំនិញផ្សេងៗតាមរយៈ App ធ្វើយ៉ាងម៉េចជួយឱ្យកំណើនសេដ្ឋកិច្ចរបស់យើង ក្នុងស្រុកដំណើការបានទៅល្អប្រសើរធម្មតា”។
ផ្ទុយទៅវិញសេវាកម្មដឹកជញ្ជូនតាមកង់បី មិនត្រឹមតែស្ថិតក្នុងសភាពទ្រឹងនោះទេ ប៉ុន្តែក៏កំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ។
លោក តុប និមល អគ្គនាយកក្រុមហ៊ុនPassApp Technologies Co.,Ltd) ដែលផ្តល់សេវាកម្មដឹកជញ្ជូន តាមរយះម៉ូតូកង់បី និងរថយន្តតាក់សី បានឱ្យដឹងថា ក្នុងអំឡុងជំងឺកូវីដ១៩ ផ្ទុះឡើងលក្ខណៈសហគមន៍ម្តងៗ ជាពិសេសព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ តែងតែរងផលប៉ះពាល់ធ្ងន់ធ្ងរ។ លោកបន្ថែមថា ក្នុងបច្ចុប្បន្ននេះ ការដឹកជញ្ជូននឹងគឺមានការធ្លាក់ចុះខ្លាំងមែនទែន មែនទែនទៅវាធ្លាក់រហូតដល់ខ្ទង់៦០ ទៅ៧០ភាគរយ មានការធ្លាក់ចុះខ្លាំងជាគំហុគ ដោយសារមួយរយះក្រោយនេះ ប្រហែលជាអាចថាករណីឆ្លងវាច្រើនខ្លាំងក្នុងមួយថ្ងៃៗ។
លោកបន្តថា “ក្នុងស្ថានភាពបែបនេះ សេវាកម្មដឹកជញ្ជូនអ្នកដំណើរបានធ្លាក់ចុះរាល់ថ្ងៃ ខុសពីការដឹកជញ្ជូនម្ហូបអាហារ ដែលមនុស្សអត់ចេញទៅក្រៅ គាត់អាចធ្វើការកម្ម៉ង់តាមការដឹកជញ្ជូនញ្ចឹងទៅ ប៉ុន្តែដល់ពេលមនុស្សអត់ចេញ សេវាកម្មដឹកជញ្ជូនភ្ញៀវគឺមានការធ្លាក់ចុះហើយ”៕