អ្នកវិនិយោគ​ជប៉ុន​កំពុង​ចាប់ផ្តើម​អគារ​ពាណិជ្ជកម្ម​ខ្ពស់បំផុត​នៅ​កណ្តាល​ក្រុង​តូ​ក្យូ

ដោយៈ​ឧ​ត្ត​ម

តូ​ក្យូ:  ក្រុមហ៊ុន​អចលនទ្រព្យ​ជប៉ុន Mori Building Co. បាន​ទម្លាយ​ឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា គម្រោង​អគារ​ខ្ពស់បំផុត​នៅ​ប្រទេស​ជប៉ុន បានចាប់ផ្ដើម​ដំណើរការ​សាងសង់​ហើយ​ដែល​នៅ​ចំ​កណ្ដាល​ទីក្រុង​តូ​ក្យូ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Japan Times ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម​ក្រុមហ៊ុន​ដដែល​នេះ​ឱ្យដឹងថា អគារ​កម្ពស់៣៣០ម៉ែត្រ នៅក្នុង​សង្កាត់ Minato Ward ដែល​សម្បូរ​ដោយ​អគារ​ការិយាល័យខ្ពស់ៗ និង​ខុន​ដូប្រណីតៗនេះ​គ្រោង​សាងសង់​រួចរាល់​ជា​ស្ថាពរ​នៅ​ឆ្នាំ២០២៣ ។

ដោយយោង​ទៅលើ​តម្លៃ​ផ្ទះ ក្នុង​តំបន់​នោះ​នាពេល​បច្ចុប្បន្ន ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា យី​នី​ត​ខុន​ដូ​ដែល​មើលទៅ​ឃើញ​ទេសភាព ដ៏​ស្រស់ត្រកាល​នៃ​ទីក្រុង​តូ​ក្យូ មិន​ចាញ់​អគារ​Tokyo Tower នេះ​មានតម្លៃ​យ៉ាងហោចណាស់ ក៏​ប៉ុន្មាន​ពាន់​លាន​យេន​ឬ​អាច​ចាប់ពី​ជាង២០លាន​ដុល្លារ​អាមេរិក ឡើងទៅ​ដែរ​ក្នុង​មួយ​យូ​នី​ត។

អគារ​ដែល​គេ​ប្រសិទ្ធ​នាម​ថា “Aman Residences, Tokyo” នេះ​នឹងមាន​ខុន​ដូ​ចំនួន ៩១ យូ​នី​ត​ចាប់ពី​ជាន់​ទី៥៤ ដល់​ជាន់​ទី៦៤ ក្នុង​កម្ពស់​ចាប់ពី២៦០ទៅ៣៣០ ម៉ែត្រ។

ទោះជា​យ៉ាងណា ក្រុមហ៊ុន Mori Building មិនបាន​ទម្លាយ​ឱ្យដឹងថា តើ​ខុន​ដូ​ទាំងនេះ​សម្រាប់​ជួល ឬក៏​លក់​នោះឡើយ។

ដើម្បី​ទាក់ទាញ​អ្នក​ជួល​មានទ្រព្យ​ស្ដុកស្ដម្ភ មកពី​ជុំវិញ​ពិភពលោក ក្រុមហ៊ុន​អភិ​វ ឌ្ឍ​ន៍​អគារ​នេះ នឹង​សាងសង់​សាលារៀន​អន្តរជាតិ​មួយ​ក្បែរ​នោះ ដែល​ស្ថិតនៅក្រោម​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​របស់ខ្លួន ដែល​កំពុងដំណើរការ​សាងសង់ នៅក្នុង​សង្កាត់ Toranomon-Azabudai កណ្តាល​ក្រុង​តូ​ក្យូ ជាទី​ក្រុង​ដែលមាន​មនុស្ស​រស់នៅ​ច្រើនជាងគេ​លើ​ពិភពលោក​នេះ។

រហូតមកទល់​ពេលនេះ អគារ​ខ្ពស់បំផុត​នៅ​ប្រទេស​ជប៉ុន​ថ្មី​នេះ នៅ​មិនទាន់​មានឈ្មោះ​ជា​ផ្លូវការ​នៅឡើយ​ទេ ហើយក៏​គ្មាន​ការបញ្ជាក់​ជា​ផ្លូវការ អំពី​ទំហំ​ទុនវិនិយោគ​លើ​អគារ​នេះដែរ។ ប៉ុន្តែ​យើង​អាច​ប៉ាន់ស្មាន​បាន​ថា អគារ​នេះ​មានតម្លៃ​មិន​ក្រោម​ពាន់​លាន​ដុល្លារ​អាមេរិក​នោះឡើយ។

អគារ​ខ្ពស់បំផុត​នៅ​ប្រទេស​ជប៉ុន នាពេល​បច្ចុប្បន្ន​គឺ​អគារ Abeno Harukas នៅ​ក្រុង​អូ​សា​កា(Osaka) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here