ថៃដាក់ចេញចក្ខុវិស័យកំណើនសេដ្ឋកិច្ច៤ភាគរយនៅឆ្នាំនេះ ខណៈIMFព្យាករតិចជាងនេះ

ដោយៈ ម៉ាណេត
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ លោកArkhom Termpittayapaisith បាននិយាយនៅពីថ្ងៃពុធនេះថា រដ្ឋាភិបាលកិច្ចខ្លួនមានគោលបំណង ដើម្បីសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ច៤ភាគរយនៅឆ្នាំនេះ។

ការព្យាករណ៍នេះដោយរំពឹងលើការស្ទុះងើបឡើងវិញ នៃវិស័យទេសចរណ៍នៅត្រីមាសទី៤ ឆ្នាំនេះ ខណៈមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) រំពឹងថានឹងមានកំណើនត្រឹមតែ២,៦ភាគរយ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។

សេដ្ឋកិច្ចរបស់ប្រទេស ដែលពឹងផ្អែកលើវិស័យទេសចរណ៍នេះ បានធ្លាក់ចុះ៦,១ភាគរយកាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរយៈពេលជាងពីរទសវត្សរ៍ ដោយវិស័យទេសចរណ៍ ត្រូវបានរងផលប៉ះពាល់ខ្លាំងបំផុត ពីវិបត្តិជំងឺរាតត្បាតសាកល។

លោក Arkhom បានថ្លែងក្នុងសិក្ខាសាលាស្តីពីធុរកិច្ចមួយថា សេដ្ឋកិច្ចកំពុងមានភាពល្អប្រសើរ ប៉ុន្តែនៅពេលដែលការងើបឡើងវិញពេញលេញ នោះគឺពឹងផ្អែកភាគច្រើនទៅលើកត្តាខាងក្រៅ។
លោកបានមានប្រសាសន៍ថា“ការនាំចេញមិនបានកើនឡើងច្រើនទេ ហើយវិស័យទេសចរណ៍ក៏ធ្លាក់ចុះខ្លាំងបំផុត”។លោកថ្លែងបន្តថា “ភ្ញៀវទេសចរបរទេសត្រូវបានគេរំពឹងថានឹងវិលត្រឡប់មកវិញនៅចុងឆ្នាំនេះ ខណៈថៃត្រៀមបន្ធូរបន្ថយការរឹតត្បិតការចូលមកដល់របស់ភ្ញៀវទេសចរ”។
លោកមានប្រសាសន៍ថា យើងជឿជាក់ថា ប្រាក់ចំណូលពីវិស័យទេសចរណ៍នៅត្រីមាសទីបួននឹងចាប់ផ្តើមហូរចូលមកវិញ។
ប្រទេសថៃ គ្រោងនឹងចាប់ផ្តើមកាត់បន្ថយ ការធ្វើចត្តាឡីស័ករបស់ខ្លួនពី១៤ ទៅ៧ថ្ងៃ សម្រាប់ការមកដល់របស់ភ្ញៀវបរទេស ដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ ចាប់ពីខែក្រោយ។ ការចត្តាឡីស័កនឹងអាចត្រូវបានលើកលែងចាប់ពីខែតុលាខាងមុខ។
កាលពីឆ្នាំមុន ចំនួនអ្នកទេសចរបរទេសបានធ្លាក់ចុះ៨៣ភាគរយ ធៀបនឹងចំនួនភ្ញៀវទេសចរប្រមាណ៤០លាននាក់ ដែលមកកាន់ប្រទេសថៃកាលពីឆ្នាំ២០១៩។ ទីភ្នាក់ងារផែនការរដ្ឋព្យាករណ៍ថា នឹងមានភ្ញៀវទេសចរ៣,២លាននាក់នៅឆ្នាំនេះ។
លោកArkhom បានមានប្រសាសន៍ថា រដ្ឋាភិបាលសង្ឃឹមថា នឹងមានកំណើនសេដ្ឋកិច្ច៤ភាគរយ នៅឆ្នាំនេះ ដោយមានការចូលរួមពីតម្រូវការក្នុងស្រុក ការស្ទុះងើបនៃការនាំចេញ និងការបង្កើនការវិនិយោគសាធារណៈផងដែរ។
លោក Arkhom បានថ្លែងថា “គោលដៅកំណើនសេដ្ឋកិច្ច៤ភាគរយនៅឆ្នាំនេះ ពិតជាមហិច្ឆតា ប៉ុន្តែរដ្ឋាភិបាលនៅតែសង្ឃឹមថានឹងសម្រេចបានកំណើននេះ”។
ក្រសួងហិរញ្ញវត្ថុថៃបានព្យាករណ៍ជាផ្លូវការថា សេដ្ឋកិច្ចខ្លួននឹងមានកំណើន២,៨ភាគរយក្នុងឆ្នាំនេះ ស្របពេលដែលមូលនិធិរូបិយវត្ថុអន្ដរជាតិរំពឹងថា នឹងមានកំណើនត្រឹមតែ២,៦ភាគរយ។
លោកបានបន្តថា “រដ្ឋាភិបាលកំពុងពិចារណា លើការពង្រីកគម្រោងឧបត្ថម្ភធនសម្រាប់ការចំណាយ ដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុក”។
លោក Arkhom មានប្រសាសន៍ថា ប្រទេសសេដ្ឋកិច្ចធំបំផុតទី២ នៅអាស៊ីអាគ្នេយ៍នេះនឹងចំណាយពេលប្រហែល២ឆ្នាំ ដើម្បីវិលត្រឡប់ទៅរកកម្រិតមុនជំងឺរាតត្បាត ដូច្នេះគោលនយោបាយរូបិយវត្ថុ ត្រូវតែធ្វើការស្របគ្នានឹងគោលនយោបាយសារពើពន្ធ រហូតដល់ការស្ទុះងើបឡើងវិញមាននឹងនរ។
លោក Arkhom បាននិយាយថា “ថៃមិនមានផែនការកាត់បន្ថយពន្ធសាជីវកម្ម២០ភាគរយរបស់ខ្លួនទេ ដោយសារតែប្រាក់ចំណូលពន្ធគឺជាប្រភពចំណូលដ៏សំខាន់”៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here