ជប៉ុនសម្រេចដំឡើងពន្ធកាន់តែខ្ពស់លើការនាំចូលសាច់គោពីអាមេរិក

ដោយៈ ម៉ាណេត

តូក្យូៈ ក្រសួងកសិកម្មជប៉ុនបានឱ្យដឹងនៅពីថ្ងៃពុធនេះថា ខ្លួននឹងសម្រេចដំឡើងពន្ធគយលើការនាំចូលសាច់គោរបស់សហរដ្ឋអាមេរិកជាបណ្តោះអាសន្ន ខណៈបរិមាណបានកើនឡើងលើសកម្រិត ដែលបានព្រមព្រៀងរវាងប្រទេសទាំងពីរ សម្រាប់ឆ្នាំសារពើពន្ធ ដែលនឹងបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយសារព័ត៌មាន CNA នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។

ចាប់ពីថ្ងៃព្រហស្បតិ៍ខាងមុខ ពន្ធគយលើសាច់គោលអាមេរិកនឹងកើនឡើងពី២៥,៨ភាគរយ ដល់៣៨,៥ភាគរយ សម្រាប់រយៈពេល៣០ថ្ងៃ រហូតដល់ថ្ងៃទី១៦ ខែមេសា ដែលនេះជាលើកទី១ ដែលវិធានការការពារត្រូវបានដាក់លើការនាំចូលសាច់គោរបស់សហរដ្ឋអាមេរិក ចាប់តាំងពីខែសីហា ឆ្នាំ២០១៧។

ក្រសួងកសិកម្មជប៉ុនបាននិយាយថា ប្រទេសជប៉ុនបាននាំចូលសាច់គោសហរដ្ឋអាមេរិកសរុបចំនួន២៤២.២២៩តោន នៅត្រឹមដើមខែមីនា ដែលលើសពីចំនួនអតិបរិមា២៤២.០០០តោន ដែលកំណត់ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងជប៉ុន-សហរដ្ឋអាមេរិក សម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្ន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការនាំចូលសាច់គោពីអូស្រ្តាលីបានធ្លាក់ចុះ ដោយសារតម្រូវការសាច់គោសហរដ្ឋអាមេរិកកើនឡើងច្រើននៅទីផ្សារជប៉ុន។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីក្រសួងកសិកម្មជប៉ុន។

ប្រភពព័ត៌មានមួយបាននិយាយថា ការយកពន្ធទាបលើសាច់គោសហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងជប៉ុន និងសហរដ្ឋអាមេរិកបានចូលជាធរមានកាលពីឆ្នាំមុន ក៏បានធ្វើឱ្យសាច់គោសហរដ្ឋអាមេរិកកាន់តែមានការប្រកួតប្រជែងផងដែរ។

យោងតាមមន្រ្តីក្រសួងកសិម្មបានឱ្យដឹងថា ការដំឡើងពន្ធគយនេះត្រូវបានរំពឹងថានឹងមានផលប៉ះពាល់តិចតួចដល់ទីផ្សារសាច់គោក្នុងស្រុក ខណៈពន្ធនឹងធ្លាក់ចុះដល់២៥ភាគរយវិញ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here