គម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលនិងឯកជនធំៗនឹងជះឥទ្ធិពលដល់តម្លៃអចលនទ្រព្យ

ដោយៈ លក្ខិណា
ភ្នំពេញៈ ជាទូទៅនៅពេលលេចលឺគម្រោងអភិវឌ្ឍន៍ណាមួយ របស់រាជរដ្ឋាភិបាល និងគម្រោងអភិវឌ្ឍន៍ឯកជនធំៗ តែងធ្វើឱ្យតម្លៃអចលនទ្រព្យជាពិសេសដីធ្លី មានការប្រែប្រួល ដូចជា គម្រោងសាងសង់ស្ពានឆ្លងទន្លេ គម្រោងសង់ស្ពានអាកាស និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។

ក្រុមហ៊ុនជំនាញអចលនទ្រព្យបានលើកឡើងថា គម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលដូចជា ទីក្រុងរណប ផ្សារទំនើប ផ្លូវថ្នល់ អាកាសយានដ្ឋានជាដើម អាចជះឥទ្ធិពលធំទៅលើតម្លៃ និងសក្ដានុពលសម្រាប់ភាពជោគជ័យ ក្នុងការវិនិយោគអចលនទ្រព្យ។ ហេតុនេះ វិនិយោគិន ចាំបាច់គួរតាមដានព័ត៌មានពាក់ព័ន្ធ នឹងគម្រោងអភិវឌ្ឍន៍នានា ចក្ខុវិស័យ និងផែនការទាំងរយៈពេលខ្លី និងរយៈពេលវែងរបស់រដ្ឋាភិបាលជាប់ជានិច្ច។


គម្រោងអភិវឌ្ឍន៍មួយចំនួននាពេលបច្ចុប្បន្ន រួមមានដូចជា គម្រោងផ្លូវល្បឿនលឿន គម្រោងព្រលានយន្ដហោះជាដើម ដែលអាចញ៉ាំងឱ្យដីឡើងថ្លៃ ឬមានឥទ្ធិពលវិជ្ជមានឬអវិជ្ជមានដល់ដំណើរការសេដ្ឋកិច្ច ។
ដោយហេតុថានេះ ទើបគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលមួយចំនួន មិនត្រូវបានបង្ហាញទូលំទូលាយ ដើម្បីរក្សាស្ថិរភាពតម្លៃដីនិងអចលនទ្រព្យ ។
លោកបណ្ឌិតគីមហ៊ាង ប្រធានKW Cambodiaបានលើកឡើងថា នៅពេលរដ្ឋាភិបាលប្រកាសគម្រោងអភិវឌ្ឍអ្វីមួយ នៅតំបន់ណាមួយនោះ វាបានធ្វើឱ្យតម្លៃដីធ្លីងើបរួចទៅហើយទៅមិនទាន់អភិវឌ្ឍន៍ក្ដី តែគម្រោងអភិវឌ្ឍន៍មួយចំនួន វាបានធ្វើឱ្យតម្លៃអចលនទ្រព្យធ្លាក់ចុះទៅវិញ ជាក់ស្ដែងគម្រោងសង់ស្ពានអាកាស។


លោកបន្តថា “ផ្ទះ និងដី ដែលនៅក្រោមស្ពាននឹងមិនអាចហក់ឡើងបានទេ តែវាមានតែថយចុះវិញព្រោះ នៅពេលសង់ស្ពានរួច មនុស្សនឹងធ្វើដំណើរតាមលើស្ពាន ហើយក្រោមស្ពាននឹងមិនសូវមានអ្នកឆ្លងកាត់ដូចមុននោះឡើយ”។
ជាមួយគ្នានេះ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានលើកឡើងផងដែរថា ទីណាមានការអភិវឌ្ឍគម្រោងរបស់រដ្ឋទីនោះនឹងទាក់ទាញគម្រោងអភិវឌ្ឍន៍របស់ឯកជន ជាពិសេសគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពន ជាដើម ។ ដោយកត្តានេះហើយ ទើបរដ្ឋាភិបាលលោកបានពង្រីកហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ពីទីក្រុងទៅកាន់តំបន់ជាយក្រុង ដើម្បីឱ្យវិនិយោគិទៅអភិវឌ្ឍនៅតំបន់ទាំងនោះជាបន្តបន្ទាប់ ។
លោកបន្តថា “ជាការកត់សម្គាល់តំបន់ជាយរាជធានីភ្នំពេញ ស្ទើរតែគ្រប់ផ្នែក ទទួលបានការអភិវឌ្ឍ ពីគម្រោងអភិវឌ្ឍន៍នានារបស់វិនិយោគិន គ្រាន់តែមានសន្ទុះខុសគ្នាបន្តិបន្តួចប៉ុណ្ណោះ”៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here