ដោយៈ លក្ខិណា
ភ្នំពេញ៖ ទោះបីជាកម្ពុជាកំពុងជួបវិបត្តិកាន់តែធ្ងន់ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ក្ដី តែរដ្ឋាភិបាលនៅតែបន្តអភិវឌ្ឍគម្រោងដែលបានគ្រោងទុកដដែល ជាក់ស្ដែងកំណាត់ផ្លូវជាតិលេខ៥បានឈានដល់ដំណាក់កាលចាក់អ៊ុតកៅស៊ូ២ស្រទាប់ កម្រាស់៩សង់ទីម៉ែត្រហើយ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញម្នាក់បានឱ្យដឹងថា គម្រោងជួសជុលកំណាត់ផ្លូវជាតិលេខ៥ ដែលរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀងកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការជួសជុលឡើងវិញជាមួយ និងការពង្រីកទទឹងផ្លូវជាតិនេះផងដែរ ដែលគិតមកដល់ពេលនេះ ឈានដល់ការងារអ៊ុតកៅស៊ូហើយ ក្រោយពីបានធ្វើគ្រឹះ និងជួសជុលសំបុកមាន់រួចរាល់ ហើយការងារនេះគ្រោងនឹងបញ្ចប់១០០ភាគរយនៅថ្ងៃទី២៥ មីនាខាងមុខនេះ។
មន្ត្រីដដែលនេះបានបន្តថា បើទោះបីស្ថិតក្នុងដំណាក់កាលការ រីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈក្តី តែរដ្ឋបាលរាជធានីភ្នំពេញដៃម្ខាងនៅតែធ្វើការអភិវឌ្ឍ ហើយដៃម្ខាងទៀតប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ក្នុងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ជាក់សម្រាប់ពេលនេះស្របពេលដែលរាជធានីភ្នំពេញកំពុងប្រឈម និងការរីករាលដាលជំងឺកូវីដ១៩ តែក្រុមការងារនៅតែធ្វើការជួសជុល និងការពង្រីកទទឹងផ្លូវជាតិលេខ៥ ដែលទទួលរងការខូចខាត ដោយជំនន់ទឹកភ្លៀងកន្លងមក ដោយចាប់ផ្តើមពីរោងចក្រSKD ដល់មុខយឿត្រី គីឡូម៉ែត្រលេខ៩។
មន្ត្រីរូបនេះបញ្ជាក់ថា ចំពោះការងារ ដែលត្រូវអនុវត្តនោះរួមមាន ក្រុមការងារជួសជុលគ្រឹះនឹងអ៊ុតកៅស៊ូកំរាស់៥សង់ទីម៉ែត្រ ប្រវែង២៧៦៥ម៉ែត្រទទឹងចន្លោះពី១០ម៉ែត្រទៅ១៣ម៉ែត្រ។ ការងារពង្រីកចិញ្ជើម ២ម៉ែត្រកន្លះសងខាង នឹងអ៊ុតកៅស៊ូកំរាស់ ៩សង់ទីម៉ែត្រ ប្រវែង ១០៨៥ម៉ែត្រទទឺង៥ម៉ែត្រ ដោយចាប់ផ្ដើមអ៊ុតកាលពីថ្ងៃទី១០មិនា ហើយគ្រោងបញ្ចប់នៅថ្ងៃទី២៥ ខែមិនាខាងមុខនេះ។
បើតាមមន្ត្រីសាលាខណ្ឌឬស្សីកែវឲ្យដឹងដែរថា ទីតាំងដែលកំពុងជួសជុលនេះតែងទទួលរងការដក់ទឹកភ្លៀង ជាប្រចាំទើប កាលពីពេលថ្មីៗនេះអាជ្ញាធរខណ្ឌបានបើកមុខទឹកមួយកន្លែង ដើម្បីនាំទឹកភ្លៀងដែលដក់លើផ្លូវនេះហូរទៅទន្លេ តាមប្រពន្ធ័លូមុខកាត់១ម៉ែត្រកន្លះប្រវែង២៥០ម៉ែត្រ។
ការងារជួសជុលកែលម្អរផ្លូវនេះនឹងបន្តធ្វើនៅគ្រប់ ទីតាំង ឬផ្លូវដែលមានការខូចខាតក្រោយជំនន់ទឹកភ្លៀង ដែលរដ្ឋបាលរាជធានីភ្នំពេញគ្រោង នឹងធ្វើការជួសជុល កែលម្អរ សរុប២៩ខ្សែក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញ៕