ការលក់​លំនៅដ្ឋាន​ឯកជនថ្មីៗក្នុងប្រទេស​សិង្ហ​បុរី ដាំ​ក្បាល​ចុះ ៦០.៥% ក្នុង​ខែកុម្ភៈ ឆ្នាំ២០២១

ដោយ សុខុម

សិង្ហ​បុរីៈ សារព័ត៌មាន CNA បាន​ចុះផ្សាយ​ថា ការលក់​លំនៅដ្ឋាន​ឯកជនថ្មីៗក្នុងប្រទេស​សិង្ហ​បុរី បាន​ដាំ​ក្បាល​ចុះ​រហូតដល់​ទៅ​ប្រមាណ ៦០.៥% ក្នុង​ខែកុម្ភៈ ដើមឆ្នាំ២០២១ ក្រោយ​ទទួលបាន​កំណើន​ខ្ពស់​ក្នុង​ខែមករា នៅពេល​ក្រុមហ៊ុន​អភិវឌ្ឍន៍​នានា​បាន​ផ្អាក​ការបើក​លក់​អំឡុងពេល​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម​ទិន្នន័យ​ដែល​អាជ្ញាធរ​អភិវឌ្ឍន៍​ទីក្រុង​ឡើងវិញ (URA) បាន​បញ្ចេញ​កាលពី​ថ្ងៃ​ច័ន្ទ ទី១៥ ខែមីនា បង្ហាញថា ក្រុមហ៊ុន​អភិវឌ្ឍន៍​នានា​លក់​ផ្ទះ​បានតែ ៦៤៥ យូ​នី​ត​ប៉ុណ្ណោះ​កាលពី​ខែ​មុន បើ​ប្រៀបធៀប​ទៅនឹង​ចំនួន ១.៦៣២ យូ​នី​ត​ដែល​លក់បាន​កាលពី​ខែមករា ដោយ​មិន​រាប់បញ្ចូល​ខុន​ដូ។

ចំនួន​ផ្ទះ​ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​ប្រកាស​បើក​លក់​កាលពី​ខែ​មុន មានតែ​ចំនួន ១៦៧ យូ​នី​ត​ប៉ុណ្ណោះ បើ​ប្រៀបធៀប​ទៅនឹង​ចំនួន​ប្រមាណ ២.៦០០ យូ​នី​ត​ដែល​ក្រុមហ៊ុន​ប្រកា​សលក់​ក្នុង​ខែមករា។

ការលក់​នៅ​ខែកុម្ភៈ ក៏បាន​ធ្លាក់ចុះ ៣៣,៩% ផងដែរ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែល​ពេលនោះ​ផ្ទះ​ឯកជនថ្មីៗចំនួន ៩៧៦ យូ​នី​ត​ត្រូវបាន​លក់​ចេញ។

លោកស្រី Christine Sun អនុប្រធាន​ផ្នែក​ស្រាវជ្រាវ និង​វិភាគ​ទីផ្សារ​អចលនទ្រព្យ​ប្រចាំ​ទីភ្នាក់ងារ​អចលនទ្រព្យ OrangeTee & Tie បាន​លើកឡើងថា “អ្នកទិញ​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​ហាក់​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​កាលពី​ខែ​មុន នៅពេល​ក្រុមហ៊ុន​អភិវឌ្ឍន៍​ផ្អាក​ការបើក​លក់ ហើយ​ស្របពេល​សកម្មភាព​លក់​បាន​បង្អង់​ល្បឿន​អំឡុង​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ចិន” ។

លោកស្រី​បានលើកឡើង​ទៀតថា “ទាំង​អតិថិជន និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​បាន​ស្ដាប់​តាម​ការណែនាំ​របស់​រដ្ឋា​ភិ​បាល​ឱ្យ​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​ក្នុងស្ថានភាព​មិន​ប្រាកដ​ប្រជា នៃ​ម៉ាក្រូសេដ្ឋកិច្ច​នាពេល​បច្ចុប្បន្ន។ ទាំង​ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​អ្នកទិញ​ផ្ទះ​សុទ្ធតែ​ទទួលបាន​ការណែនាំ​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ភាព​ជ្រួលជ្របល់​ក្នុង​ទីផ្សារ​អចលនទ្រព្យ ហើយ​ថា រដ្ឋាភិបាល​អាច​នឹង​អន្តរាគមន៍ ប្រសិនបើ​ទីផ្សារ​នេះ​ហក់​ឡើង​លឿន​ពេក” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here