អ្នកជំនាញលើកឡើងពីកត្តាសំខាន់ៗដែលជម្រុញឲ្យប្រជាពលរដ្ឋខ្មែររស់នៅខុនដូកាន់តែច្រើន

ដោយគង់ ម៉ាលីនណា

ភ្នំពេញៈ មានកត្តាសំខាន់ៗជាច្រើនបាននិងកំពុងធ្វើឲ្យមានការផ្លាស់ប្តូរបែបផែនជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ខណៈពួកគេកាន់តែច្រើនបានសម្រេចចិត្តវិនិយោគលើខុនដូ និងទិញសំរាប់ការរស់នៅ។

សហស្ថាបនិក និងជាអគ្គនាយកនៃPropertyarea.asia ដែលបានតាមដានកាវិវត្តនៃវិស័យអចលនទ្រព្យនៅកម្ពុជា លោកយិន លាងគង់បានមានប្រសាសន៍ថា ពិតណាស់ការរីកចម្រើននៃវិស័យបច្ចេកវិទ្យា ការកើនឡើងនូវការយល់ដឹងរបស់ប្រជាពលរដ្ឋ និងការរីកចម្រើននៃសេដ្ឋកិច្ចសង្គម ពិតជាបាននិងកំពុងផ្លាស់ប្តូររបៀបនៃការគិតរបស់ប្រជាពលរដ្ឋ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ការស្នាក់នៅតាមខុនដូ បានផ្តល់ភាពងាយស្រួលច្រើន​ដោយសារគំរោងខ្លះបានផ្តល់សេវាកម្ម ជាកញ្ចប់នៅក្នុងគម្រោងរបស់ពួកគេ ដូចជា មានអាហែងទឹក មានSky Bar មានMini Mart សេវាកម្មហាត់ប្រាណ និងកន្លែងកំសាន្តនៅលើដំបូលដទៃទៀត”។

លោកយិន លាងគង់បានបន្តទៀតថា បទពិសោធន៍បែបនេះ បានធ្លាប់កើតមាននៅប្រទេសថៃ ម៉ាឡេស៊ី វៀតណាមជាដើម ដែលប្រជាពលរដ្ឋដំបូងឡើយពួកគេមិនចង់រស់នៅតាមខុនដូនោះទេ ប៉ុន្តែការរីកចម្រើនផ្នែកនគរូបនីយកម្ម បានផ្លាស់ប្តូរប្រព័ន្ឋនៃការគិតរបស់ពួកគេយ៉ាងឆាប់រហ័ស ហើយប្រជាជនខ្មែរបាននិងកំពុងទទួលឥទ្ឋិពលនេះ។

លោកសំ សុខនឿនប្រធានសមាគមគមអចលនទ្រព្យសកលបានមានប្រសាសន៍ថា ការរីកចម្រើនសេដ្ឋកិច្ចសង្គម កំនើនតម្លៃអចលនទ្រព្យក្នុងទីក្រុង កម្រិតជីវភាពនិងការយល់ដឹងរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង បាននិងកំពុងធ្វើឲ្យនិន្នាការរស់នៅតាមខុនដូរបស់ប្រជាពលរដ្ឋខ្មែរកើនឡើងជាស្វ័យប្រវត្តិ។

លោកបន្តថា“វាមិនមែនជារឿងចម្លែកទេ តែនេះជានិន្នាការវិវត្តន៍របស់សង្គម ដែ​លនឹងធ្វើឲ្យផ្នត់គំនិតរបស់ប្រជាពលរដ្ឋផ្លាស់ប្តូរជាស្វ័យប្រវត្តិ”។

យោងតាមការសិក្សារបស់ក្រុមហ៊ុនUrban Living Solutionបានរកឃើញថា ទីក្រុងភ្នំពេញនឹងមានប្រជាពលរដ្ឋ រស់នៅប្រមាណ៥លាននាក់នៅឆ្នាំ២០៣០ខាងមុខ ដែលកំនើនប្រជាសាស្រ្តនេះបាន និងកំពុងជះឥទ្ឋិពលដល់ការផ្លាស់ប្តូរបែបផែនជីវិត ការផ្លាស់ប្តូរផ្នែកនគររូបនីយកម្មទីក្រុង។

ការសិក្សានេះបានរកឃើញកត្តាសំខាន់ៗចំនួន៣ ដូចជា ទី១ កំនើនតម្លៃអចលនទ្រព្យពិសេសលំនៅដ្ឋាន នឹងធ្វើឲ្យប្រជាជនរស់នៅតាមខុនដូ ទី២ ការកកស្ទះចរាចរណ៍នឹងកើនឡើងកាន់តែខ្លាំង ហេតុនេះ ប្រជាពលរដ្ឋនឹងស្វែងរកកន្លែងរស់នៅជិតកន្លែងធ្វើការរបស់ពូកគេ។ ទី៣ ការផ្លាស់ប្តូរគុណភាពជីវិត មានន័យថាគុណភាពជីវិតកាន់តែប្រសើរឡើង ដោយសារការរីកចម្រើននៃបច្ចេកវិទ្យា ដោយពួកគេអាចកុំម៉ង់អាហារញុំាបានតាមការចង់បាន និងមានសេវាកម្មដឹកដល់ផ្ទះរបស់ពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here