ដោយៈសុខុម
សហរដ្ឋអាមេរិក: ទោះបីជាប្រឈមការលំបាកខ្លាំង ក្នុងឆ្នាំ២០២០ ដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩យ៉ាងណាក្ដី ក៏ភ្នាក់ងារអចលនទ្រព្យទូទាំងសហរដ្ឋអាមេរិក នៅតែមានសុទិដ្ឋិនិយម និងសម្លឹងឆ្ពោះទៅមុខជានិច្ច ហើយថែមទាំងព្យាករថា ការលក់អចលនទ្រព្យ នឹងទទួលបានកំណើនខ្លាំងក្នុងឆ្នាំ២០២១ នេះ។

នេះបើយោងតាមទិន្នន័យផ្លូវការចេញ ផ្សាយនៅសប្តាហ៍នេះ តាមរយៈរបាយការណ៍ភ្នាក់ងារអចលនទ្រព្យប្រចាំឆ្នាំ២០២១ មានឈ្មោះថា 2021 State of the Real Estate Agent Report ចេញដោយក្រុមហ៊ុន HomeASAP LLC។
ក្រុមហ៊ុន HomeASAP គឺជាក្រុមហ៊ុនឈានមុខគេ ផ្នែកផ្ដល់ដំណោះស្រាយទីផ្សារតាមអនឡាញសម្រាប់អ្នកជំនាញខាងអចលនទ្រព្យ។

សម្រាប់របាយការណ៍នេះ ក្រុមហ៊ុនHome ASAP បានធ្វើការស្ទង់មតិបណ្ដាភ្នាក់ងារអចលនទ្រព្យនៅទូទាំងសហរដ្ឋអាមេរិក។ លទ្ធផលនៃការស្ទង់មតិបានរកឃើញគួរ ឱ្យអបអរសាទរថា ភ្នាក់ងារជាង៥៨% បានបង្ហាញសុទិដ្ឋិនិយម ចំពោះទីផ្សារលំនៅដ្ឋានក្នុងឆ្នាំ២០២១នេះ ដោយពួកគេជឿថា ការលក់អចលនទ្រព្យ នឹងទទួលបានកំណើនខ្លាំង។
ទោះជាយ៉ាងណា មិនមែនភ្នាក់ងារទាំងអស់ សុទ្ធតែមានសុទិដ្ឋិយមបែបនេះឡើយ។ ភ្នាក់ងារម្នាក់នៅរដ្ឋម៉ារីលែន (Maryland) បានលើកឡើងថា អត្រាគ្មានការងារធ្វើខ្ពស់នឹងជះផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ច ទោះបីជាទីផ្សារលំនៅដ្ឋានទទួលបានការចាប់អារម្មណ៍នៅពេលនេះក៏ដោយ។
ភ្នាក់ងារផ្សេងៗទៀតបានលើកឡើងថា ស្តុកលំនៅដ្ឋានមានតិចក៏ជាក្ដីបារម្ភធំដែរ។ ភ្នាក់ងារម្នាក់នៅរដ្ឋអាយដាហូ (Idaho) និយាយថា ដោយសារស្តុកលំនៅដ្ឋានមានតិច តម្លៃផ្ទះនឹងហក់ឡើងខ្ពស់កប់ពពក ដែលធ្វើឱ្យអ្នកទិញក្នុងស្រុកគ្មានលទ្ធភាពទិញ៕







