ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ចិនធំៗចំនួន៣ ត្រៀម​មក​ចុះ​ប​ញ្ចី​នៅ​ហុងកុង​ដើម្បីងាក​មក​ចាប់យក​ចំណែក​ទីផ្សារ​ក្នុងស្រុក

ដោយៈ សាវុធ

ហុងកុងៈ ប្រភព​ជាក់លាក់​មួយ​បានឱ្យដឹងថា ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន (EV) ដែល​ចុះបញ្ជី​នៅ​សហរដ្ឋអាមេរិក រួមមាន​ក្រុមហ៊ុន Li Auto Inc ក្រុមហ៊ុន Nio Inc និង​ក្រុមហ៊ុន Xpeng Inc គ្រោង​នឹង​ចុះបញ្ជី​នៅ​ហុងកុង​នៅ​ឆ្នាំនេះ ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​នៅ​ប្រទេស​ខ្លួន​ផ្ទាល់។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន CNA នៅ​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ។

ក្រុមហ៊ុន​ទាំងបី​នេះ មាន​គោលបំណង​លក់​ហ៊ុន យ៉ាងហោចណាស់៥ភាគរយ នៃ​មូលធន​ភាគហ៊ុន​សរុប នៅក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អាស៊ី​មួយ​នេះ។ ផ្អែកលើ​មូលធននីយកម្ម ទីផ្សារ​ញូវយ៉ក​របស់​ក្រុមហ៊ុន​ទាំងបី កាលពី​ថ្ងៃ​ចន្ទ ការប្រមូល​មូលនិធិ​ពី​ផ្សារ​ហ៊ុន​នៅ​ហុងកុង​អាចឈាន​ដល់៥ពាន់​លាន​ដុល្លារ​អាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រភព​មួយ​ដែល​បាន​បដិសេធ មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា ក្រុមហ៊ុន​បាននិងកំពុង​ធ្វើការ ជាមួយ​អ្នក​ប្រឹក្សា​យោបល់​អំពី​ការលក់​ភាគហ៊ុន ដែល​អាច​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ឆ្នាំនេះ។

ក្រុមហ៊ុន Li Auto ក្រុមហ៊ុន Nio និង​ក្រុមហ៊ុន Xpeng ដែល​ប្រមូលប្រាក់​បាន​ចំនួន១៤,៧ពាន់​លាន​ដុល្លារ នៅក្នុង​ផ្សារ​ហ៊ុន​សហរដ្ឋអាមេរិក ចាប់តាំងពី​ឆ្នាំ២០១៨ ។ ភាគហ៊ុន ដែល​បាន​ចុះបញ្ជី​នៅ​អាមេរិក របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ទាំងបី បាន​កើនឡើង​ចន្លោះ​ពី៣,៧ភាគរយ ទៅ៥,៣ភាគរយ​នៅក្នុង​ការលក់​ភាគហ៊ុន​ដំបូង។

ផែនការ​នេះ​ធ្វើឡើង នៅពេលដែល​ក្រុមហ៊ុន​ទាំងបី​បង្កើន​ដើមទុន ដើម្បី​ផ្តល់​មូលនិធិ​ដល់​ការអភិវឌ្ឍ​បច្ចេកវិទ្យា និង​ពង្រីក​បណ្តាញ​លក់ ដើម្បី​ប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី​ធំ​បំផុត​របស់​ពិភពលោក ដែល​ក្រុមហ៊ុន Tesla Inc របស់​សហរដ្ឋអាមេរិក​កំពុង​ជំរុញ​ការលក់​យានយន្ត​ផលិត​នៅ​ប្រទេស​ចិន។

ឆ្នាំនេះ​ត្រូវបាន​គេ​មើលឃើញថា មាន​សារៈ​ខ្លាំង​សំខាន់​ណាស់ សម្រាប់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី ដើម្បី​ដណ្តើម​ចំណែក​ទីផ្សារ ខណៈ​ឧស្សាហ​កម្មនេះ​រំពឹងថា ការលក់​រថយន្ត​ថាមពល​ថ្មី​របស់​ចិន នឹង​កើនឡើង​ជិត ៤០ភាគរយ ដែល​កាលពី​ឆ្នាំមុន​មាន​ត្រឹមតែ ១,៨លាន​គ្រឿង។

លោក Shi Ji អ្នកវិភាគ​របស់​ក្រុមហ៊ុន Haitong International បាន​និយាយថា “ទោះបី​មាន​ធនធាន​ហិរញ្ញវត្ថុ​ច្រើន​នាពេល​បច្ចុប្បន្ន បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន​ក៏ដោយ ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី នៅតែ​ត្រូវការ​វិនិយោគ​យ៉ាងច្រើន​សម្បើម លើ​បច្ចេកវិទ្យា​ជំនាន់​ថ្មី។ ការស្វែងរក​បញ្ជី​ផ្សារ​ហ៊ុន​នៅ​ទីផ្សារ​របស់ខ្លួន​គឺ​រឿង​មួយ​ដ៏​ល្អ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here