ចំណេះដឹងហិរញ្ញវត្ថុៈមុនអាយុ៣០តើគួរធ្វើអ្វីខ្លះដើម្បីឱ្យមានសេរីភាពហិរញ្ញវត្ថុ ?

ដោយៈលក្ខិណា

ភ្នំពេញៈ មានមនុស្សមិនតិចទេ ដែលបានចាយពេលវេលាខ្លួនឯងចោល ដោយមិនបានគិតគូរពីផែនការជីវិត ឬផែនការហិរញ្ញវត្ថុ នៅមុនពេលខ្លួនមានអាយុ៣០ឆ្នាំ។

ដូច្នេះហើយទើបធ្វើឱ្យបុគ្គលជាច្រើន ត្រូវរស់នៅនិងធ្វើការយូរ ទោះដល់អាយុចូលនិវត្តន៍ហើយក៏នៅតែធ្វើការ ដើម្បីចិញ្ចឹមគ្រួសារ។ ដូច្នេះតើនៅមុនពេលដែលខ្លួនអាយុ៣០ឆ្នាំ តែគួរធ្វើអ្វីខ្លះដើម្បីឱ្យពេលដែលចូលនិវត្តន៍នៅតែមានប្រាក់ចំណូលដដែល?។

ការស្រាវជ្រាវមួយបានបង្ហាញថា កត្តាដែលគួរធ្វើ៧ចំនុច នៅមុនអាយុ៣០ ដើម្បីឱ្យ​មានសេរីភាពហិរញ្ញវត្ថុ នៅពេលចូលវ័យកណ្ដាល ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១.បង្កើតទម្លាប់ហិរញ្ញវត្ថុល្អៗ

ជារឿងមួយល្អ ដែលអ្នកចាប់ផ្ដើមបង្កើតទម្លាប់ហិរញ្ញវត្ថុល្អៗ នៅចន្លោះអាយុ២០-៣០ឆ្នាំ។ ទម្លាប់ទាំងនេះ អាចជាការរៀបចំផែនការថវិកាប្រចាំខែ ការតាមដានចំណាយប្រចាំខែទៀងទាត់ ទម្លាប់សន្សំ ប្រាក់សម្រាប់ចូលនិវត្តន៍ និងសម្រាប់គ្រាអាសន្ន ទម្លាប់បង់ថ្លៃវិក្កយប័ត្រទឹកភ្លើង និងសេវាផ្សេងៗទាន់ពេលវេលា ទម្លាប់អានសៀវភៅអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួនជាដើម។

ទម្លាប់ហិរញ្ញវត្ថុល្អ ជួយសម្រួលដល់ការរស់នៅរបស់យើង ពេលដែលយើងឈានចូលដល់ដំណាក់កាលមានទំនាក់ទំនងគូស្រករ មានកូន ឬត្រូវការផ្លាស់ប្ដូរការងារ ។

២.សាងអាជីពមួយរ៉ឹងមាំ

នេះជាពេលវេលាដ៏សំខាន់​ ដែលអ្នកអាចរកមើលការងារមួយ ដែលត្រូវនឹងចំណង់ចំណូលចិត្ត និងអត្តចរិតរបស់ខ្លួន។ ទន្ទឹមនឹងនេះ បើការងារដែលអ្នកចូលចិត្តផ្ដល់ចំណូ​លខ្ពស់ផងកាន់តែប្រសើរ ។ពេលរកឃើញហើយ អ្នកត្រូវប្រើពេលវេលានេះធ្វើការបណ្ដើរ និងពង្រឹងជំនាញដែលការងារនេះ ត្រូវការក្នុងពេលទន្ទឹមគ្នា ។ អ្នកក៏អាចប្រើពេលវេលានេះដើម្បីស្គាល់ និងកសាងទំនាក់ទំនង ជាមួយបុគ្គលពាក់ព័ន្ធសំខាន់ៗក្នុងវិស័យការងាររបស់អ្នកផងដែរ។ នៅចន្លោះវ័យនេះ អ្នកមានសេរីភាពច្រើនផ្នែកទាំងពេលវេលា និងសុខភាព ក្នុងការធ្វើដំណើរ និងមានពេលវេលាអាចកែកុន ឬចាប់ផ្ដើមឡើងវិញបានក្នុងករណីដែលអ្នករកមិនទាន់ឃើញការងារដែលត្រូវនឹងអ្នក។

៣. រៀបចំផែនការចូលនិវត្តន៍

នៅអាយុជាងម្ភៃទេ ហេតុអីត្រូវគិតដល់រឿងចូលនិវត្តន៍នៅអាយុ៦០នោះ? យើងសាកគិតលេខជាមួយគ្នា បើយើងសន្សំ២៥ដុល្លាររាល់ខែ ក្នុងគណនីសន្សំសម្រាប់ចូលនិវត្តន៍ ដោយមិនប៉ះពាល់លុយនោះទាល់តែសោះ ចាប់ផ្ដើមពីអាយុ២៥ឆ្នាំ នៅថ្ងៃកំណើតវ័យ៦០ឆ្នាំរបស់អ្នក អ្នកក៏សន្សំបានប្រាក់១០,៥០០ដុល្លារដែរ ដោយមិនទាន់រាប់បញ្ចូលការប្រាក់ដែលអ្នកទទួលបានពីគណនីសន្សំនោះនៅឡើយទេ ។

៤. សន្សំសម្រាប់ការបង់Down Payment នៃកម្ចីទិញផ្ទះ

អាចមានផ្ទះមួយជាកម្មសិទ្ធផ្ទាល់ខ្លួន មុនឈានចូលអាយុ៤០ឆ្នាំ ជាកម្លាំង និងសេរីភាពផ្លូវចិត្តមួយ ប្រៀបដូចជាអ្នកបានផ្ដល់រង្វាន់ធំមួយឱ្យខ្លួនឯង និងគ្រួសារដូច្នោះដែរ។ ការខិតខំប្រឹងប្រែងក្រោកពីព្រលឹម ចូលគេងយប់ជ្រៅជាច្រើនឆ្នាំកន្លងមក បានហុចផលជាដុំកំភួនមួយឱ្យអ្នក គឺទីជម្រកសមរម្យ និងស្រស់ស្អាតមួយដែលអ្នកពេញចិត្ត។

៥. សាកល្បងបង្កើនប្រភពចំណូល

ឆ្លៀតពេលអ្នកនៅមានពេល មានកម្លាំងកាយ កម្លាំងប្រាជ្ញា អ្នកគួរចាប់ផ្ដើមស្វែងរកប្រភពចំណូលបន្ថែម លើប្រភពចំណូលគោលដែលអ្នកទទួលបានពីប្រាក់ខែ។ ការងារក្រៅម៉ោងបែបឯករាជ្យ (freelance) ដូច ជាការបកប្រែភាសា សរសេរអត្ថបទ បង្កើត និងរចនាគេហទំព័រ ។ ក្រៅពីនេះការវិនិយោគក្នុងរូបភាពផ្សេងៗ និងការចាប់ផ្ដើមអាជីវកម្មដោយខ្លួនឯង ក៏ជាប្រភពចំណូលបន្ថែមដែរ។

៦. វិនិយោគលើខ្លួនឯង

វិនិយោគលើខ្លួនឯង ក្នុងអត្ថបទនេះ យើងចង់ផ្ដោតទាំងលើចំណេះដឹង ជំនាញ និងសុខភាព ទាន់ពេលដែលសមត្ថភាពខួរក្បាលរបស់អ្នកនៅរឹងមាំ ជាជាងទុកពេលទំនេរ អ្នកអាចចុះឈ្មោះរៀនវគ្គដែលស្របនឹងការងាររបស់អ្នក (អាចជាវគ្គខ្លី ថ្នាក់បរិញ្ញាប័ត្រ អនុបណ្ឌិត បណ្ឌិត)។ ទន្ទឹមនឹងនេះ លោកអ្នកក៏គួរ យកចិត្តទុកដាក់ចំពោះសុខភាព ដោយធ្វើលំហាត់ប្រាណជាប្រចាំ ឆ្លៀតពេលដើរលេងលំហែរ និងប្រុងប្រយ័ត្នចំពោះរបបអាហាររបស់អ្នកផងដែរ។

៧.ទិញសេវាធានារ៉ាប់រងដែលចាំបាច់

ការទិញធានារ៉ាប់រង ដែលសមស្របសម្រាប់ស្ថានភាពរបស់អ្នក នឹងជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់អ្នក និងគ្រួសារអ្នកនៅគ្រាដែលអ្នកត្រូវការចាំបាច់។ អាស្រ័យ ស្ថានភាពរស់នៅ លក្ខខណ្ឌហិរញ្ញវត្ថុ ចំណង់ចំណូលចិត្ត និងផែនការអនាគត អ្នកអាចនឹងរៀបចំជីវិតនៅមុនវ័យ៣០ឆ្នាំខុសៗគ្នា។

យ៉ាងណាមិញ មិនថាអ្នករៀបចំបែបណាក៏ដោយ នេះជាចន្លោះពេលដែលត្រូវការអ្នកដាក់កម្លាំងកាយ កម្លាំងចិត្តច្រើនបំផុត ព្រោះវានឹងកំណត់ស្ថានភាពរស់នៅរបស់អ្នកនៅដំណាក់កាលបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here