ដោយៈសុខុម
ភ្នំពេញៈ ការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ដែលបានអូសបន្លាយពេលរាប់ឆ្នាំ និងដែលមិនទាន់ចប់នៅឡើយគិតមកទល់ពេលនេះ បានជះផលប៉ះពាល់ធ្ងន់ធ្ងរមកលើសេដ្ឋកិច្ច នៃប្រទេសជាច្រើនទូទាំងពិភពលោក។
ខណៈរដ្ឋាភិបាលប្រទេសនានា កំពុងតែប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីគ្រប់គ្រងការឆ្លងរាតត្បាតនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា សេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំ២០២០ បានដាំក្បាលចុះ៣,៥% ។
ខណៈវ៉ាក់សាំងកូវីដ-១ថ្មីៗ ត្រូវបានផលិតឡើងដោយជោគជ័យ នៅត្រឹមដំណាច់ឆ្នាំកន្លងទៅ ការផ្ទុះករណីឆ្លងថ្មីៗ បានបន្តធ្វើឱ្យផ្នែកសេដ្ឋកិច្ច ស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា។
ស្រដៀងគ្នានេះដែរ នៅក្នុងប្រទេសកម្ពុជា ផលប៉ះពាល់ពីការការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បានធ្វើឱ្យសេដ្ឋកិច្ចដាំក្បាលចុះ ទោះបីជាកម្ពុជា កំពុងចាត់វិធានការដើម្បីទាញសេដ្ឋកិច្ចរបស់ខ្លួនឱ្យងើបចេញពីវិបត្តិនេះយ៉ាងណាក្ដី។
លោក Prayag Chitrakar នាយកប្រចាំប្រទេសនៃក្រុមហ៊ុនដឹកជញ្ជូន DHL Express Cambodia បានលើកឡើងអំពីផលប៉ះពាល់នៃវីរុសកូវីដ-១៩ថា “សេដ្ឋកិច្ចរបស់កម្ពុជា បានរងផលប៉ះពាល់ដោយផ្ទាល់ ពីការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ហើយតាមការព្យាករថា សេដ្ឋកិច្ចប្រទេសនេះ បានដាំក្បាលចុះ២% ក្នុងឆ្នាំ២០២០ ។ វិស័យសំខាន់ៗបានរងផលប៉ះពាល់ធ្ងន់ធ្ងរ ជាពិសេសវិស័យទេសចរណ៍ ការផលិតសម្រាប់ការនាំចេញ និងសំណង់ដែលមានទំហំសរុបជាង ៧០% នៃកំណើន GDP របស់ប្រទេសនេះ” ។
ចំនួនភ្ញៀវទេសចរបានដាំក្បាលចុះខ្លាំង ដោយធ្លាក់ចុះរហូតដល់៧៤% មកនៅត្រឹម ១,២ លាននាក់ចន្លោះពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០ បើធៀបនឹងចំនួនភ្ញៀវទេសចរណ៍ ៤,៨ លាននាក់ដែលទទួលបានក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ។
ការរអាក់រអួលនូវខ្សែសង្វាក់ផ្គត់ផ្គង់ទូទាំងពិភពលោក ដែលបណ្តាលមកពីការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ក៏បានជះផលប៉ះពាល់ធ្ងន់ធ្ងរ មកលើទីផ្សារនាំចេញរបស់ប្រទេសកម្ពុជាផងដែរ ជាពិសេសទំនិញសំខាន់ៗឈានមុខគេ ដូចជា សម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងគ្រឿងបង្គុំអគ្គិសនី (electrical component) ជាដើម។
ក្នុងពេលជាមួយគ្នានេះដែរ ការធ្លាក់ចុះនូវការវិនិយោគផ្ទាល់ពីបរទេស (FDI) ក៏បានធ្វើឱ្យកំណើនក្នុងវិស័យសំណង់ និងអចលនទ្រព្យរបស់ខ្លួនបង្អង់ល្បឿនផងដែរ។
*ការស្ដារសេដ្ឋកិច្ចឆ្ពោះទៅរកកំណើន
ប៉ុន្ដែសំណួរសួរថា តើពេលនេះសេដ្ឋកិច្ចរបស់កម្ពុជា អាចងើបឡើងវិញរួចដែរឬទេ? ការសិក្សាស្រាវជ្រាវចុងក្រោយរបស់ធនាគារពិភពលោក (World Bank) ព្យាករថា ការងើបឡើងវិញ នៃវិស័យទេសចរណ៍របស់កម្ពុជា ប្រហែលជាយឺតយ៉ាវក្នុងឆមាសទី១ ដើមឆ្នាំ២០២១នេះ។
ទោះជាយ៉ាងណា វិស័យនេះ ប្រហែលជាងើបឡើងលឿន ក្នុងឆមាសទី២ ក្នុងឆ្នាំដដែល ខណៈវ៉ាក់សាំងកូវីដ-១៩ មានកាន់តែទូលំទូលាយ ហើយមហាជនកាន់តែមានទំនុកចិត្តលើវ៉ាក់សាំងទាំងនោះ។
ការបើកទូលាយរបស់កម្ពុជា ចំពោះពាណិជ្ជកម្មគឺជាកត្តាមួយផ្សេងទៀត ដែលទំនងជាជួយជំរុញការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ខ្លួន។
យោងតាមសន្ទស្សន៍ផ្សារ ភ្ជាប់ទំនាក់ទំនងជាសកលរបស់ក្រុមហ៊ុន DHL សម្រាប់ឆ្នាំ២០២០ (DHL Global Connectedness Index 2020) ដែលវាស់វែងការរីកចម្រើននៃពាណិជ្ជកម្ម មូលធន ព័ត៌មាន និងរំហូរប្រជាជនបង្ហាញថា ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ៤៦ ជាប្រទេសដែលមានទំនាក់ទំនងច្រើនបំផុត ទូទាំងពិភពលោក ហើយនេះ ជាចំណាត់ថ្នាក់ខ្ពស់គួរសម សម្រាប់ប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។
លោក Prayag Chitrakar លើកឡើងបន្ថែមទៀតថា “ការរក្សាបាននូវឱកាសពាណិជ្ជកម្ម នៅតែបន្តមានសារៈសំខាន់ ក្នុងជំរុញការវិនិយោគរបស់បរទេស ក្នុងប្រទេសនេះ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទំនងជានឹងផ្ដល់ឱកាសទទួលបានកំណើនថ្មីៗសម្រាប់វិស័យសំខាន់ៗរបស់ប្រទេសនេះ ដែលនឹងមានសារៈសំខាន់ នៅក្នុងការស្ដារសេដ្ឋកិច្ច ឱ្យវិលមករកសភាពប្រក្រតីឡើងវិញនៅឆ្នាំនេះ” ។
ឆ្នាំ២០២១ នេះអាចជាឆ្នាំដ៏ល្អសម្រាប់សេដ្ឋកិច្ចកម្ពុជា ដោយសារការបន្តជួយគាំទ្រទាំងក្នុងស្រុក និងក្រៅស្រុកលើចំណុចខាងក្រោម៖
១/ ការបន្តជួយគាំទ្រ
ការអន្តរាគមន៍របស់រដ្ឋាភិបាល ទំនងជាកត្តាដ៏សំខាន់មួយ ដែលជួយជំរុញឱ្យសេដ្ឋកិច្ចរបស់កម្ពុជា វិលទៅរកសភាពប្រក្រតីវិញ។ ចាប់តាំងពីខែមេសា ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជា បានជួយគាំទ្រដល់សេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវវិធានការស្ដារសេដ្ឋកិច្ច ឱ្យងើបឡើងវិញ នៅពេលការឆ្លងរាតត្បាតថមថយទៅវិញ។
ការជួយគាំទ្រដោយផ្ទាល់មិនធ្លាប់មាននេះ ដែលស្មើនឹង ៥% នៃ GDP គិតមកដល់ពេលនេះ បានរួមបញ្ចូលទាំងទំហំទឹកប្រាក់ចំនួន ១,១៦ ពាន់លានដុល្លារអាមេរិក នៅក្នុងការចាក់បញ្ចូលទុនក្នុងទីផ្សារ និងការធានារ៉ាប់រងលើប្រាក់កម្ចី ការចំណាយលើការអភិវ ឌ្ឍ ការកាត់បន្ថយពន្ធអាករ សម្រាប់អាជីវកម្មដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ និងជាច្រើនទៀត។
រដ្ឋាភិបាលកម្ពុជា បានប្រកាសវិធានការជុំថ្មី ដើម្បីជំរុញសមត្ថភាពផលិតក្នុងស្រុកសម្រាប់ការនាំចេញ និងស្ដារសេដ្ឋកិច្ចឱ្យវិលទៅរកសភាពប្រក្រតីវិញ។ វិធានការទាំងនេះរួមមានការផ្តល់ជំនួយហិរញ្ញវត្ថុ ដល់កម្មករដែលត្រូវបានព្យួរការងារ ក្នុងវិស័យវាយនភណ្ឌ និងសម្លៀកបំពាក់ ដែលរួមបញ្ចូលគ្នាស្មើជាង៨០% នៃការនាំចេញសរុប និង ១៦% នៃ GDP របស់កម្ពុជា។
នៅក្នុងវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ រដ្ឋាភិបាលក៏កំពុងពន្យារការលើកលែងពន្ធប្រចាំខែ សម្រាប់សណ្ឋាគារ ផ្ទះសំណាក់ ភ្នាក់ងារទេសចរណ៍ និងភោជនីយដ្ឋាន ដែលកំពុងប្រតិបត្តិការនៅតាមខេត្តមួយចំនួន ក្នុងចំណោមវិធានការផ្សេងៗទៀតផងដែរ។
ជាមួយគ្នានេះដែរ ធនាគារជាតិនៃកម្ពុជា នឹងអនុញ្ញាតឱ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា បន្តរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីរបស់ខ្លួនឡើងវិញ រហូតដល់ពាក់កណ្តាលឆ្នាំ២០២១ ។
២/ ឱកាសពាណិជ្ជកម្មថ្មីៗ
ចំណុចមួយផ្សេងទៀតដែលប្រទេសកម្ពុជា កំពុងពឹងផ្អែកសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ខ្លួន គឺការរឹតបន្តឹងទំនាក់ទំនងពាណិជ្ជកម្ម ជាពិសេសតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចុងក្រោយ ដែលខ្លួនបានចុះហត្ថលេខា ឬកំពុងតែចចា។
កិច្ចព្រមព្រៀងទាំងនេះ រួមមាន ទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីដំបូងរបស់កម្ពុជា ដែលតាមការរំពឹងទុកថា នឹងចូលជាធរមាននៅដើមឆ្នាំ២០២១ នេះផងដែរ។
ប្រទេសចិន ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា ដែលមានទំហំ២៣,៦% នៃពាណិជ្ជកម្មសរុបរបស់ខ្លួននៅក្នុងឆ្នាំ២០១៩ ។ កិច្ចព្រមព្រៀងនេះ គ្របដណ្ដប់លើផលិតផលរហូតដល់ទៅប្រមាណ៣០០មុខ ហើយនឹងជួយពង្រឹងការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនបន្ថែមទៀត។
បន្ទាប់មកនឹងមានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ក្នុងពេលឆាប់ៗខាងមុខនេះ ដែលកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការចរចា។ តាមការរំពឹងទុកថា កិច្ចព្រមព្រៀងនេះ នឹងជំរុញការនាំចេញសំខាន់ៗ ទៅកាន់ប្រទេសកូរ៉េខាងត្បូង រួមមានសម្លៀកបំពាក់ ស្បែកជើង ទំនិញប្រើប្រាស់សម្រាប់ដំណើរកម្សាន្ត ជ័រកៅស៊ូ ឱសថ ផលិតផលកសិកម្ម និងគ្រឿងបង្គុំឧបករណ៍អេឡិចត្រូនិក។
តាមការរំពឹងទុកថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP) ដែលបង្កើតប្លុកពាណិជ្ជកម្មធំបំផុតរបស់ពិភពលោក នឹងជួយបង្កើនទំនុកចិត្តខ្លាំងផ្នែកសេដ្ឋកិច្ចនៅទូទាំងតំបន់អាស៊ី។
យោងតាមធនាគារពិភពលោកឱ្យដឹងថា គ្រាន់តែកិច្ចព្រមព្រៀង RCEP ថ្នាក់តំបន់នេះ មួយអាចបង្កើនការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិនដល់ទៅ ២៣% ឯណោះ។
៣/ កំណើនរំហូរការវិនិយោគផ្ទាល់ពីបរទេស (FDI)
ការវិនិយោគផ្ទាល់ពីបរទេស (FDI) កំពុងតែផ្ដល់សញ្ញាល្អដែរសម្រាប់ឆ្នាំ២០២១ នេះ។ មួយភាគធំបំផុតនៃរំហូរ FDI ចូលមកក្នុងប្រទេសកម្ពុជា គឺបានពីប្រទេសចិន ដោយការវិនិយោគភាគច្រើន ទៅលើវិស័យសំខាន់ៗ ដូចជា សម្លៀកបំពាក់ សំណង់ (ជាពិសេសគម្រោងហេដ្ឋារចនាសម្ព័ន្ធធំ) គ្រឿងបង្គុំអគ្គិសនី និងឧបករណ៍អេឡិចត្រូនិក កសិកម្ម រ៉ែ និងថាមពល ធ្យូងថ្ម និងទេសចរណ៍។
ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប្រទេសចិន បានកំណត់ខ្លួនឯងឱ្យក្លាយជាដៃគូសេដ្ឋកិច្ច ដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់។ លំហូរ FDI ពីប្រទេសចិន បានឈានដល់៨៦០លានដុល្លារអាមេរិក ក្នុងរយៈពេល១១ ខែដំបូងនៃឆ្នាំ២០២០ ដោយកើនឡើងរហូតដល់ទៅ ៧០% ឆ្នាំធៀបនឹងឆ្នាំ។ ដោយសារសូចនាកររឹងមាំបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសចិន នឹងទទួលបានកំណើនក្នុងឆ្នាំ២០២១ ប្រទេសកម្ពុជា ក៏ទំនងជានឹងទទួលបានកំណើនផងដែរ។
ប្រភព FDI សំខាន់ៗផ្សេងទៀតរួមមានពីប្រទេសកូរ៉េ អង់គ្លេស ម៉ាឡេស៊ី ជប៉ុន និងក្រុងហុងកុង។
ស្រដៀងគ្នានេះដែរ មួយភាគធំនៃការវិនិយោគពីប្រទេសទាំងនេះ គឺវិស័យកាត់ដេរសម្លៀកបំពាក់ សំណង់ និងហេដ្ឋារចនាសម្ព័ន្ធ បន្ទាប់មកគឺវិស័យទេសចរណ៍ និងកសិកម្ម។
ការស្រាវជ្រាវថ្មីៗនេះ ធ្វើឡើងដោយធនាគារពិភពលោក បានរកឃើញសញ្ញាវិជ្ជមានថា លំហូរ FDI កំពុងតែវិលមកវិញជាបណ្ដើរៗ ដែលទំនងជាដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានស្រាប់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលអាចនឹងកើតមាននៅពេលខាងមុខ។
ជាឧទាហរណ៍ ក្នុងវិស័យកសិកម្ម គម្រោងសរុបដែលត្រូវបានអនុម័តគិតជា FDI ពីប្រទេសនានាបានកើនឡើងជិត៣ ខ្ទង់ដល់១០០ លានដុល្លារអាមេរិក ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២០ ៕