ដោយៈ ម៉ាណេត
ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានថ្លែងថា អ្នកវិនិយោគក្នុងស្រុកមានសារៈសំខាន់ ក្នុងការជំរុញកំណើនអចលនទ្រព្យ និងសេដ្ឋកិច្ចនៅកម្ពុជា ក្នុងអំឡុងវវិបត្តិកូវីដ១៩ ។
លោកបន្តថា វិនិយោគិនក្នុងស្រុកនៅតែសំខាន់បំផុត ក្នុងការជំរុញកំណើនវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជា ហើយជាក់ស្ដែងសម្រាប់វិស័យអចលនទ្រព្យ ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩ ដែលធ្វើឱ្យវិនិយោគិនក្រៅស្រុកមានផលលំបាក ក្នុងការមកវិនិយោគកម្ពុជា ប៉ុន្ដែសកម្មភាពវិនិយោគិនក្នុងស្រុកនៅដំណើរការ។
លោកបន្តថា “បន្ទាប់ពីឆ្លងកាត់វិបត្តិនេះ នឹងធ្វើឱ្យប្រជាជនកម្ពុជាមានភាពរឹងមាំ ចាស់ទុំ និងអាចដោះស្រាយនៅពេលមានវិបត្តិ នៅពេលក្រោយៗទៀត។លោកបន្ថែមថា “អ្នកវិនិយោគក្នុងស្រុកនៅតែដើរតួនាទីសំខាន់ ក្នុងការជំរុញកំណើនអចលនទ្រព្យ និងសេដ្ឋកិច្ចនៅកម្ពុជាបានមួយភាគធំ” ។
លោកច្រឹក សុខនីមបានថ្លែងថា វិបត្តិកូវីដ១៩នេះ ក៏ជាការផ្ដល់ឱកាសក្នុងការរៀនសូត្រអំពីភាពប្រឈម ក្នុងវិបត្តិបញ្ហាលើពិភពលោកផងដែរ។ បន្ទាប់ពីឆ្លងកាត់វិបត្តិនេះ នឹងធ្វើឲ្យប្រជាជនកម្ពុជា មានភាពរឹងមាំ ចាស់ទុំ និងអាចដោះស្រាយនៅពេលមានវិបត្តិ នៅពេលក្រោយៗទៀត។
លោកបញ្ជាក់ទៀតថា អ្នកវិនិយោគនឹងចាប់ផ្ដើមធ្វើដំណើរ នៅពេលទទួលបានវ៉ាក់សាំងកូវីដ១៩ និងប្រទេសដែលត្រូវទៅវិនិយោគ មានវ៉ាក់សាំងដូចគ្នា។ បច្ចុប្បន្នទោះបីកម្ពុជា ទទួលបានវ៉ាក់សាំងកូវីដ១៩រួចរាល់ក្ដី ប៉ុន្ដែប្រទេសដទៃទៀតមិនទាន់ ទទួលបានពេញលេញ។
លោកបន្ដថា “បើជំងឺកូវីដ១៩ នៅតែបន្ដអូសបន្លាយ លោកមើលឃើញថា អចលនវត្ថុកម្ពុជា អាចប្រឈមនឹងការថមថយខ្លះ ប៉ុន្ដែរហូតមកដល់ពេលនេះ មិនទាន់មានសញ្ញាថមថយណាមួយឡើយ ដោយសារតែវិស័យធនាគារ នៅតែបន្ដប្រាក់កម្ចីលើវិស័យនេះ ដូច្នេះវិស័យអចលនទ្រព្យ នៅបន្ដភាពរឹងមាំដដែល” ។
ទាក់ទងនឹងវិស័យអចលនទ្រព្យ មន្ដ្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបានលើកឡើងកាលពីថ្មីៗនេះថា វិស័យអចលនទ្រព្យ និងសំណង់ជាជន្ទល់យ៉ាងរឹងមាំ ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ ក្នុងអំឡុងពេលនៃការរីករាលដាន នៃជំងឺកូវីដ១៩ផងដែរ៕