អ្នកជំនាញៈ ក្នុងវិបត្តិCovid19 តម្រូវការដីសំរាប់សាងសង់ផ្ទះលំហែរកាយមានការកើនឡើង

ដោយៈ ប៊ី

ភ្នំពេញៈ តម្រូវការប្រភេទអចលនទ្រព្យ សំរាប់សាងសង់ផ្ទះបែបទេសចរណ៍ នៅតាមបណ្តាខេត្តទេសចរណ៍សក្តានុពល កំពុងមានកើនឡើងនាពេលបច្ចុប្បន្ន ដែលធ្វើឱ្យវិនិយោគិនមួយចំនួនចាប់ផ្តើមផ្លាស់ប្តូរ ទៅរកការអភិវឌ្ឍរមណីយដ្ឋាន ឬកន្លែងកម្សាន្ត ដោ​យមានការពុះដីឡូតិ៍ សម្រាប់សាងសង់លំនៅដ្ឋានលំហែកាយ។

ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Easy Property Investment លោកម៉ម សិរី​បញ្ញាបានថ្លែងប្រាប់គេហទំព័រ Propertyarea.asia នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ថា តម្រូវការប្រភេទដី បែបទេសចរណ៍នៅតាមបណ្តាខេត្ត ដែលមានសក្តានុពល កំពុងមានកើនឡើងនាពេលបច្ចុប្បន្ន ខណៈវិនិយោគិននៅបណ្តាខេត្តទាំងនេះ ចាប់ផ្តើមផ្លាស់ប្តូរឥរិយាបទវិនិយោគ ពីការលក់ដីធំៗ ទៅការអភិវឌ្ឍរមណីយដ្ឋាន ឬកន្លែងកម្សាន្ត ដោយមានការពុះដីឡូតិ៍សម្រាប់សាងសង់លំនៅដ្ឋានលំហែកាយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានថ្លែងថា “នៅអ្នកទិញទៅដើរកម្សាន្ត តំបន់ទេសចរណ៍មួយចំនួន ពួកគាត់តែងមានក្តីស្រៃចង់បានផ្ទះ និងដីនៅតំបន់នោះតែម្តង ហើយបច្ចុប្បន្នពួកគាត់មានលំនៅដ្ឋានរួចហើយនៅទីក្រុងភ្នំពេញ”។ លោកបន្តថា “ដោយសារការងារមានភាពស្មុគស្មាញ គាត់ទៅកម្សាន្តនៅតាមបណ្តាខេត្ត គាត់លែងចង់ជួលសណ្ឋាគារ និងផ្ទះសំណាក់ ដោយចង់បានដីខ្លួនឯងជាប្រភេទដីចម្ការ ឬដីនៅតំបន់ទេសចរណ៍”។

លោកម៉ម សិរីបញ្ញាបានឱ្យដឹងទៀតថា ដូច្នេះបច្ចុប្បន្នមានវិនិយោគិនជាច្រើនបានក្លាយការវិនិយោគរបស់ពួកគាត់ ពីការលក់ទំហំធំទៅជាការអភិវឌ្ឍន៍រីសត (រមណីយដ្ឋាន) ដោយមានការពុះឡូតិ៍លក់នៅគម្រោងនោះតែម្តង ហើយអ្នកទិញអាចទិញទំហំដី ក្នុងគម្រោងទាំងនេះ ទៅតាមទំហំដែលគាត់ចង់បាន ដើម្បីសាងសង់លំនៅដ្ឋានបែបលំហែកាយ។

លោកបានបន្តថា“ការវិនិយោគលើគម្រោងដីឡូតិ៍បែបរីសតនេះ ឃើញថាមានកើនឡើងនៅតាមខេត្តទេសចរណ៍មួយចំនួន ដូចជាខេត្តកំពត កោះកុង និងមណ្ឌលគីរីជាដើម”។

នៅពេលវិនិយោគិនទាំងក្នុង និងក្រៅស្រុកចាប់ផ្តើមគម្រោងដីឡូតិ៍រីសត ក្នុងខេត្តទេសចរណ៍ណាមួយ ឧទាហរណ៍ ដូចក្នុងខេត្តកំពត ហើយក្នុងខេត្តកំពត យើងមានទេស​ភាពភ្នំ ទឹក និងចំការជាដើម នឹងផ្តល់ប្រយោជន៍ដល់សហគមន៍ក្នុងតំបន់។

លោកម៉ម សិរីបញ្ញាបានថ្លែងទៀតថា អ្វីដែលផ្តល់ផលប្រយោជន៍ប្រជាជន គឹយើងអាចជួយដល់សហគមន៍ ដោយបង្កើតការងារ និងចំណូល តាមរយៈការអភិវឌ្ឍន៍បែបចម្រុះនៅក្នុងគម្រោងរីសត។

ទាក់ទងនឹងវិបត្តិកូវីដ១៩ លោកបានលើកឡើងថា “ក្នុងស្ថានការណ៍បច្ចុប្បន្ននេះ ពិភពលោកកំពុងជួបប្រទះនឹងបញ្ហា ហើយយើងក៏ជួបនឹងបញ្ហាដូចគ្នា ដោយសារវិបត្តិកូវីដ១៩”។ លោកបន្តថា “ខ្ញុំអាចនិយាយបានថា វាមានផលប៉ះពាល់ ប៉ុន្តែយើងមិនអាចអង្គុយកាប់បំពង់ រងចាំទឹកភ្លៀងនោះទេ ឬនៅក្នុងរណ្តៅមួយ ដោយមិនប្រឹងវារឡើងនោះទេ ព្រោះបើយើងមិនធ្វើសកម្មភាពអ្វីសោះ យើងនឹងដួលទាំងអស់គ្នា”។

លោកបានថ្លែងទៀតថា ដូច្នេះយើងត្រូវបានធ្វើយ៉ាងម៉េច ឱ្យមានដំណើរចរន្តសាច់ប្រាក់ ហើយយើងឃើញថា អ្នកវិនិយោគមួយចំនួននៅប្រឹងប្រែងធ្វើ និងអ្នកទិញនៅបន្តទិញ ដែលជាឱកាសមួយល្អ ក្នុងការទទួលបានតម្លៃល្អ។

លោកអំនាវពាវដល់វិនិយោគិនទាំងអស់ កុំឱ្យមានការភិតភ័យ សម្រាប់ការវិនិយោគនាពេលបច្ចុប្បន្ន និងបន្តអភិវឌ្ឍន៍ និងវិនិយោគទៅតាមគម្រោង និងផែនការរបស់ខ្លួន ប៉ុន្តែត្រូវគោរពតាមការណែនាំរបស់រដ្ឋភិបាល តាមរយៈការដាក់គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

ជាមួយគ្នានេះ លោកឌឹត ចណ្ណានាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី រៀលធី បានថ្លែងប្រាប់ផងដែរថា បច្ចុប្បន្ន រំហូរនៃអ្នកទេសចរ ដើម្បីស្វែងរកអចលនទ្រព្យ មានការកើនឡើងច្រើន ពិសេសនៅតាមបណ្តាខេត្តទេសចរណ៍សក្តានុពល ដូចជានៅខេត្តកំពត មណ្ឌលគីរី និងរតនគីរីជាដើម។

លោកថ្លែងទៀតថា “ការវិនិយោគលើអចលនទ្រព្យប្រភេទកើនឡើង ដោយសារតែអ្នកវិនិយោគអាចទិញ ដីនៅតំបន់ទេសចរណ៍ សម្រាប់ការសាងសង់លំនៅដ្ឋានបែបនលំហែកាយផង ក៏ដូចទុកសម្រាប់ផលចំណេញនាខាងមុខផង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here