ខេត្ត​កែប​ត្រៀម​បង្ហាញ​សមិទ្ធផល​ធនធានធម្មជាតិ​ថ្មី ដើម្បី​ទទួល​ទេសចរណ៍​នៅ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ

ដោយៈ រ៉ា​ណេ​ត

កែបៈ រដ្ឋបាលខេត្ត​កែប បាន​និង​បង្កើន​សោភ័ណ​ឆ្នេរ​កម្សាន្ត​មួយទៀត ដែលជា​សមិទ្ធផល​ទេសចរណ៍​ថ្មី​នៅក្នុង​ខេត្ត សម្រាប់​រង់ចាំ​ក្រុម​អ្នក​ទេសចរណ៍ កំពុងមាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង បន្ទាប់ពី​ក្រុមការងារ​បាន​បំផុស ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ឱ្យ​យកចិត្តទុកដាក់​លើ​ផ្នែក​បរិស្ថាន ការធ្វើ​អនាម័យ​ជាប្រចាំ ជាពិសេស​កំពុង​ត្រូវបាន​រៀបចំ ជា​តំបន់ឆ្នេរ​ទេសចរណ៍​ដ៏​ទាក់ទាញ​ប្រចាំខេត្ត​កែប។

អភិបាលខេត្ត​កែប លោក​សោម ពិសិដ្ឋ បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ដើម​សប្ដាហ៍​នេះ​ថា ខេត្ត​បានរៀបចំ​ឆ្នេរ​អង្កោល ដែលជា​កន្លែង​កម្សាន្ត​ចាស់ ប៉ុន្តែ​មិនសូវមាន​ទេសចរ​ចាប់អារម្មណ៍​នោះ ឱ្យក្លាយ​ទៅជា​គោលដៅ​ទេសចរណ៍​មួយ ប្រកបដោយ​ទេសភាព​ទាក់ទាញ​បំផុត ដែល​គេ​មិនអាច​មើលរំលង ហើយ​សង្ឃឹមថា​ក្រោយពេល​ធ្វើការ​អភិវឌ្ឍន៍​បាន​រួចរាល់ ភ្ញៀវ​ច្បាស់​ជា​សម្រុក​ទៅ​លំ​ហែក​ម្សា ន្ត​នៅ​ទីនោះ​ច្រើន​ជាក់​ជាមិនខាន ព្រោះ​ផ្លូវ​ទៅកាន់​រមណីយដ្ឋាន​ឆ្នេរ​អង្កោល​នេះ អ្នកទេសចរ​អាចធ្វើ​ដំណើ​រ​តាមផ្លូវ​មួយ​ខ្សែ ចេញពី​ឆ្នេរកែប ប្រ៉​ប​តាម​ឆ្នេរសមុទ្រ​ប្រវែង​ប្រមាណ១០គីឡូម៉ែត្រ​តែប៉ុណ្ណោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​អភិបាល​បាន​បញ្ជាក់ថា “ដោយ​មើលឃើញ​ពី​សក្តានុពល​ខេត្ត​កែប បច្ចុប្បន្ន​រដ្ឋបាលខេត្ត​បាន​ព្យាយាម​អភិវឌ្ឍន៍ និង​កែលម្អ​តំបន់​ទេសចរណ៍​នានា​ឱ្យ​កាន់តែ​ល្អ និង​ទាក់ទាញ ធ្វើយ៉ាងណា​អាចជួយ​ជំរុញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​កម្សាន្ត​នៅ​ខេត្ត​កែប មាន​ចំនួន​ជាង៤ម៉ឺន​នាក់​ក្នុង១ថ្ងៃ” ។

ជាមួយនឹង​ការកើនឡើង​នូវ​ចំនួន​ភ្ញៀវ​នេះ រដ្ឋបាលខេត្ត​បានស្នើ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ដែល​អាស្រ័យ​ផល​ពី​តំបន់​កម្សាន្ត​មួយ​នេះ ត្រូវ​យកចិត្តទុកដាក់ ដើម្បី​រក្សា​អនាម័យ​ជូន​ភ្ញៀវទេសចរ​ឱ្យមាន​ការពេញចិត្ត​ពេញ​ថ្លើម” ។

លោក​សោម ពិសិដ្ឋ​បាន​បន្តថា នៅក្នុង​កំឡុងពេល​មានការ​គំរាមកំហែង ពី​ជំងឺ​នៅពេលនេះ ចំពោះ​អាជីវករ​ទាំងអស់ ត្រូវមាន​ទឹក​អាល់កុល សាប៊ូ សម្រាប់​ភ្ញៀវ​លាង​សម្អាត​ដៃ និង​ត្រូវ​រៀបចំ​ធុងសំរាម​ឱ្យបាន​ល្អ និង​មាន​របៀបរៀបរយ។ ដោយឡែក​ចំពោះ​ភ្ញៀវទេសចរ គួរតែមាន​ម៉ាស់ អាល់កុល​ឬ​ជែ​លតា​ម​ខ្លួន ដើម្បី​ការពារ​ជំងឺឆ្លង​កូ​វីដ១៩ ។

លោក​បន្ថែមថា “តំបន់ឆ្នេរ​កំសាន្ត​ខេត្ត​កែប បានរៀបចំ​យ៉ាង​ស្អាត ប្រកបដោយ​អនាម័យ មាន​សុ​វត្តិភាព ដោយ​អនុវត្តន៍​តាម​ប្រសាសន៍​សម្តេច​តេ​ជោ និង​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​អំពី​ការពារ​ជំងឺ​កូ​វីដ១៩” ។

បច្ចុប្បន្ន រដ្ឋបាលខេត្ត​កែប​បាន និង​កំពុង​ជំរុញ ផែនការ​ទីផ្សារ​ទេសចរណ៍​ខេត្ត​កែប ២០២០-២០២៤ ដើម្បី​រួមចំណែក​ប្រែក្លាយ​ខេត្ត​កែប​ឱ្យទៅជា “គោលដៅ​ទេសចរណ៍​លម្ហែ​រកា​យក​ម្រិ​ត​ខ្ពស់”ដ៏​ទាក់ទាញ​មួយ​នៅ​កម្ពុជា ។

ផែនការ​ទីផ្សារ​ទេសចរណ៍​ខេត្ត​កែប​នេះ នឹង​ដើរតួ​ជា​ផែនទី​បង្ហាញផ្លូវ សម្រាប់​ការធ្វើ​ទីផ្សារ​ទេសចរណ៍ ក្នុង​រយៈពេល៥ឆ្នាំ​ខាងមុខ ប្រកបដោយ​ទស្សនៈ​វែងឆ្ងាយ ដើម្បី​ចង្អុលបង្ហាញ និង​រួមចំណែក​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ទាក់ទាញ “ទីផ្សារ​ទេសចរណ៍​មានគុណ​ភាព” តាមរយៈ​ការទាក់ទាញ ចំណែក​ទីផ្សារ​សក្តានុពល​ដូចជា “ទេសចរ​លំដាប់​ខ្ពស់” “ទេសចរ​វ័យ​ចំណាស់ ចូលនិវត្តន៍” និង “ ទេសចរ​ធ្វើដំណើរ​ជាមួយ​គ្រួសារ” ។

រដ្ឋាភិបាល​តាមរយៈ​ក្រសួងទេសចរណ៍​បាន និង​កំពុង​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប ដើម្បី​ក្លាយជា​គោលដៅ​ទេសចរណ៍ធម្មជាតិ ស្ងប់ស្ងាត់ ប្រណីត​កម្រិត​ខ្ពស់ ប្រកបដោយ​ភាព​ទាក់ទាញ និង​ភាព​ប្រកួតប្រជែង​នៅក្នុង​តំបន់ និង​ពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here