ដោយៈ ប៊ី
គូឡាឡាំពួៈ ក្រុមហ៊ុនឯកទេសខាងខួង និងបុកគ្រឹះEconpile Holdings Bhd ដែលមានមូលដ្ឋាននៅម៉ាឡេស៊ី បានចាប់ផ្តើមដំណើរការគម្រោងរបស់ខ្លួន ដែលមានទំហំទឹកប្រាក់៨៧.៥លានដុល្លារអាមេរិកនៅកម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Strait Times កាលពីថ្មីៗនេះ។
ក្រុមហ៊ុនEconpile បានឱ្យដឹងថា គ្រឿងម៉ាស៊ីនសំខាន់ៗរបស់ខ្លាំង សម្រាប់ការងារសាងសង់គ្រឹះ និងដងស្ទួច បានមកដល់កំពង់ផែក្រុងព្រះសីហនុ កាលពីពាក់កណ្តាលខែមករា ហើយបានរៀបចំពេញលេញនៅទីតាំងគម្រោង រួមជាមួយក្រុមការងារជំនាញនៅក្នុងរាជធានីភ្នំពេញ។
លោក Raymond Pang នាយកប្រតិបត្តិក្រុមហ៊ុន Econpile បាននិយាយថា ក្រុមហ៊ុនបានបញ្ជាឱ្យក្រុមការងារ និងគ្រឿងម៉ាស៊ីនបង្កើនល្បឿនបានឆាប់ បន្ទាប់ពីកិច្ចសន្យាត្រូវបានប្រគល់ជូននៅខែធ្នូ ឆ្នាំ២០២០។
លោកបានថ្លែងទៀតថា ការរៀបចំការងារឥឡូវនេះបាន និងកំពុងចាប់ផ្តើម ហើយគម្រោងនឹងចាប់ផ្តើម ចូលរួមចំណែកប្រាក់ចំណូលនៅត្រីមាសទី៣ឆ្នាំនេះ។
ក្រុមហ៊ុន Econpile Holdings Bhd កាលពីខែធ្នូ ឆ្នាំមុន បានកប្រកាសថា ខ្លួនទទួលបានកិច្ចព្រមព្រៀងមួយ ក្នុងទំហំទឹកប្រាក់រហូតដល់ទៅ៨៥,៧លានដុល្លារអាមេរិក ហើយប្រាក់នេះ នឹងទទួលបានពីប្រតិបត្តិការសម្រាប់ការងារខួង និងបុកគ្រឹះសម្រាប់គម្រោងសាងសង់ មជ្ឈមណ្ឌលកម្សាន្តដ៏ធំមួយនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា(ទំនងជាគំរោង Naga3)។
ទោះជាយ៉ាងណាក្រុមហ៊ុននេះ មិនបានបញ្ជាក់ថា គំរោងមជ្ឈមណ្ឌលកំសាន្តដ៏ធំនៅរាជធានីភ្នំពេញ ជាសកម្មសិទ្ឋរបស់ក្រុមហ៊ុនណានោះទេ។
ក្រុមហ៊ុននេះបានបញ្ជាក់ថា ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលខ្លួន បានកាន់កាប់ទាំងស្រុង Econpile (M) Sdn Bhd ទទួលបានកិច្ចសន្យានេះកាលពីថ្ងៃទី១៤ ធ្នូ ពីក្រុមហ៊ុនចិន MCC International Inc Ltd។
យោងតាមកិច្ចសន្យា គម្រោងនេះនឹងត្រូវបញ្ចប់ក្នុងរយៈពេល៣០ខែ គិតចាប់ពីកាលបរិច្ឆេទចាប់ផ្ដើម ហើយគេរំពឹងថាវានឹងរួមចំណែកជាវិជ្ជមាន ដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុន សម្រាប់ការបញ្ចប់ឆ្នាំសារពើពន្ធនៅថ្ងៃទី៣០ មិថុនា ឆ្នាំ២០២១ (ឆ្នាំសារពើពន្ធ ២០២១) តទៅ។
ក្រុមហ៊ុននេះបានបន្ថែមថា “គ្មានហានិភ័យអ្វីធំដុំនោះទេ ក្រៅពីហានិភ័យប្រតិបត្តិការពាក់ព័ន្ធនឹង គម្រោងអំឡុងរយៈពេលនៃកិច្ចសន្យា។ គណៈគ្រប់គ្រងនឹងដាក់ចេញវិធានការគ្រប់គ្រង និងនីតិវិធីប្រតិបត្តិការ ដើម្បីកាត់បន្ថយផលប៉ះពាល់ ឬហានិភ័យដែលអាចកើតមានព្រឹត្តិការណ៍បែបនេះ”៕