ដោយៈ ណេតរ៉ា
ភ្នំពេញៈ វិស័យអចលនទ្រព្យនៅក្នុងប្រទេកសម្ពុជា បានទទួលរងនូវផលប៉ះពាល់ពីការបញ្ជាទិញ និងវិនិយោគមកពីក្រៅប្រទេស ដែលបង្កឡើងដោយការរីករាលនៃជំងឺកូវីដ ១៩ រហូតមដល់បច្ចុប្បន្ន ប៉ុន្តែអ្នកជំនាញមើលឃើញថា វិស័យនេះនឹងងើបឡើងវិញ ប្រមាណពី៦០ ទៅ៧០ភាគរយនៅចុងឆ្នាំនេះ។
លោកស្រី Grace Rachny Fong អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានទទួលស្គាល់ថា វិស័យអលនទ្រព្យ ពិតជាទទួលរងនូវផលប៉ះពាល់ ពីជំងឺកូវីដ១៩ ដូចទៅនឹងវិស័ផ្សេងទៀត ប៉ុន្តែនៅចុងឆ្នាំនេះនឹងប្រសើរឡើងវិញ បន្ទាប់ពីកម្ពុជាបើកយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស និងប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ានក៏បានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ដែរ។
លោកស្រីបន្តថា “ខ្ញុំរំពឹងថានៅចុងឆ្នាំនេះ គឺនៅក្នុងខែ១១ ឬខែ១២ អ្នកធ្វើដំណើរនៅតាមបណ្តាប្រទេសជិតខាងរបស់យើងសឹង្ហបុរី មាឡេស៊ី និងប្រទេសជប៉ុន។ គាត់នឹងមានទំនុកចិត្តកាន់តែខ្លាំង ហើយធ្វើការហោះហើរពីប្រទេសគាត់ មកប្រទេសយើង ដោយសារប្រទេសទាំងសងខាងមានវ៉ាក់សាំងការពារ” ។
បើតាមលោកស្រី Grace Rachny Fong វិស័យអលនទ្រព្យនៅក្នុងប្រទេសកម្ពុជានឹងមានភាពល្អប្រសើរឡើងចន្លោះពី៦០ ទៅ៧០ ភាគរយនៅចុងឆ្នាំ២០២១ នេះ ព្រោះប្រទេសទាំងនៅកម្ពុជា និងតំបន់បានទទួលការចាក់វ៉ាក់ជំងឺកូវីដ១៩ ។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងថា វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា បានជួបបញ្ហាប្រឈមទៅនឹងវិបត្តិនៃជំងឺកូវីដ១៩ ប៉ុន្តែភាប្រឈមនេះ មិនអាចរាំងខ្ទប់មិនឱ្យវិស័យនេះ មិនឲ្យមានការរីកចំរើនទេ។
លោកបន្តថា “បញ្ហាប្រឈមនេះ ត្រូវបានពិភពលោកដោះស្រាយ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាអនឡាញ ។ ជាមួយគ្នានេះ វិស័យអចលនទ្រព្យ ក៏បានពឹងពាក់បច្ចេកវិទ្យានេះ ក្នុងការទិញលក់វិស័យអលនទ្រព្យទាំង នៅក្នុងប្រទេសកម្ពុជា តំបន់អាស៊ាន និងពិភពលោកទាំងមូល” ។
លោកសុខនីមបានថ្លែងថា ជារួមយើងមើលឃើញថា ប្រទេសកម្ពុជា ជាប្រទេសសំណាងមួយ ដែលមានការគ្រប់គ្រងបានល្អលើជំងឺកូវីដ១៩ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចជោហ៊ុន សែន បានដោះស្រាយទៅវិបត្តិនេះ ក្នុងរយៈពេល២ដងរួចមកហើយ។
ទោះជាយ៉ាង លោកច្រឹក សុខនីមថា នៅក្នុងវិបត្តិនេះ ក៏ជាឱកាសសម្រាប់ធ្វើការវិនិយោគលើវិស័យអចលទ្រព្យ បើទោះបីមិនមានវិនិយោគមកពីក្រៅប្រទេស ប៉ុន្តែ សម្រាប់វិនិយោគិននៅក្នុងស្រុក នៅតែបន្តចាប់យកឱកាសនេះ ដើម្បីធ្វើការវិនិយោគបន្ត ហើយវិស័យនេះ នៅតែបន្តឆ្ពោះទៅមុខ៕