អ្នកលក់អចលនទ្រព្យបានពង្រីកមូលដ្ឋាននៃការលក់តាមប្រព័ន្ឋឌីជីថល

ដោយៈលក្ខិណា

ភ្នំពេញៈ នៅក្នុងវិបត្តិកូវីដ១ បានធ្វើឱ្យការជួបជុំ ឬជួបជជែកផ្ទាល់រវាងវិនិយោគិនឆ្លងប្រទេស ក៏ដូចជា វិនិយោគិនក្នុងស្រុកដូចគ្នាត្រូវបានកាត់បន្ថយ ដើម្បីរក្សាគម្លាត សុវត្ថិភាព ពីការឆ្លងរាលដាលនៃជំងឺកូវីដ ជាពិសេសនោះក្នុងពេលកម្ពុជា កំពុងជួបប្រទះការ​ឆ្លងជាសហគមន៍នៃជំងឺកូវីដ១៩។

ទោះយ៉ាងណាក្ដី វិបត្តិនេះនឹងមិនអាចរារាំង ដល់ការទិញលក់អចលនវត្ថុនៅក្នុងប្រទេសកម្ពុជា ដោយធ្វើការជួបជុំក៏ដូចជាការទិញលក់តាមប្រព័ន្ធឌីជីថលជំនួសវិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយត្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១ មិនានេះថា បើទោះបីជាកូវី១៩ មិនអនុញ្ញាត្តឲ្យមានការជួបជុំគ្នាច្រើន ដើម្បីជជែកគ្នាជាមួយវិនិយោគិនក្នុងស្រុក ក៏ដូចជាក្រៅស្រុកក្តី តែដោយសារតែបច្ចេកវិទ្យារីកចម្រើន យើងក៏បានរើសយកជម្រើសថ្មីមួយទៀត គឺការជួបជុំគ្នារយៈZoom និងការទិញលក់តាមរយៈអនឡាញជំនួសវិញ ។

លោកបន្តថា “បើនិយាយពីស្ថានភាពកូវីដ១៩ កម្ពុជាជាប្រទេសមានភព្ទសំណាងមួយ ដែលការរីករាលមិនធំដូចប្រទេសជិតខាងមួយចំនួន ដោយមានការគ្រប់គ្រងស្ថានភាពបានល្អពីសំណាក់រាជរដ្ឋាភិបាល”។ លោកបន្តថា “កម្ពុជាមិនបានហាមប្រាមដល់ការជួបជុំធុរជន ឬវិនិយោគិនក្នុងស្រុកនោះទេ តែត្រូវប្រកាន់ខ្ជាប់នូវវិធានរបស់ក្រសួងសុខាភិបាល ខុសពីប្រទេសមួយចំនួន ដែលមិនអនុញ្ញាតឱ្យក្រៅផ្ទះ ក្នុងពេលផ្ទុះខ្លាំងនោះទេ ដូច្នេះទើបធ្វើឱ្យការទិញលក់ ការវិនិយោគអចលនទ្រព្យនៅតែបន្តថាក្នុងពេលមានវិបត្តិយ៉ាងណាក្ដី”។

ជាមួយគ្នានេះ លោកស្រីGrace Rachny Fong នាយិកាក្រុមហ៊ុនCentury 21 Cambodiaបានឱ្យដឹងផងដែរថា កាលពីមុនមានវិបត្តិនៃជំងឺកូវីដ១៩ អ្នកទិញអចលនទ្រព្យ គឺត្រូវទៅមើលទីតាំងដោយផ្ទាល់ ទើបសម្រេចចិត្តទិញជាក្រោយ ក៏ប៉ុន្តែនៅពេលមានវិបត្តិកូវីដ១៩ អ្នកវិនិយោគឬអ្នកទិញអចលនទ្រព្យមួយចំនួន បានផ្លាស់ប្តូរផ្នត់គំនិតបែបនេះ ដោយពួកគេមើលទីតាំងមើលអចលនទ្រព្យ តាមរយៈប្រព័ន្ធឌីជីថល និងអាចសម្រេចចិត្តទិញអចលនទ្រព្យនោះ តាមប្រព័ន្ធឌីជីថលនេះដែរ ដែលជាការងាយស្រួលមួយសម្រាប់វិនិយោគិន និងអ្នកទិញអចលនទ្រព្យ។

យ៉ាងណាក្ដីលោកស្រីរំពឹងថា នៅពេលកម្ពុជាចាក់វ៉ាក់សាំង ដល់ប្រជាជនកាន់តែច្រើនរួចហើយ ការរីករាលដាលនៃជំងឺនេះនឹងត្រូវបានកាត់បន្ថយ ហើយការធ្វើជំនួញដោយផ្ទាល់នឹងអាចមកដូចដើម តែការធ្វើតាមប្រព័ន្ធឌីជីថលក៏នៅតែបន្តដដែល ដូច្នេះវាអាចមានពីរជម្រើសក្នុងការធ្វើជំនួញអចលនទ្រព្យ ។

នៅក្នុងពេលដែលមិនអាចជួបផ្ទាល់នេះដែរ ការងារមួយចំនួនរបស់រដ្ឋាភិបាលកម្ពុជាក៏ត្រូវបានធ្វើឡើង តាមរយៈប្រព័ន្ធឌីជីថល ដូចជា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួន ក៏ត្រូវធ្វើឡើងតាមអនឡាញ ការប្រជុំជាលក្ខណៈអន្តរជាតិក៏ធ្វើតាមអនឡាញនេះដែរ ដែលអាចបញ្ជាក់ថាកូវីដ១៩ មិនអាចជួបផ្ទាល់តែមិនអាចរារាំងដល់ដំណើរការវិនិយោគ និងដំណើរការការងារផ្សេងៗបានទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here