ដោយៈសុខុម
សិង្ហបុរី: មហាសេដ្ឋីអចលនទ្រព្យរបស់ប្រទេសសឹង្ហបុរី បានរងការខាតបង់យ៉ាងធ្ងន់ធ្ងរ ដោយសារវិបត្តិជំងឺកូវីដ១៩ ប៉ុន្តែទឹកចិត្តជាអ្នកប្រយុទ្ឋក្នុងសមរភូមិជំនួញមួយរូប លោកនៅតែប្តេជ្ញាឆ្ពោះទៅមុខ។
យោងតាមសារព័ត៌មាន Bloomberg ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៦ កុម្ភៈ ឱ្យដឹងថា កំពូលមហាសេដ្ឋីអចលនទ្រព្យរបស់សិង្ហបុរី បានប្ដេជ្ញាងើបឈរឡើងវិញ និងសម្លឹងឆ្ពោះទៅមុខ ក្រោយវិនិយោគទឹកប្រាក់១,៧៨ ពាន់លានដុល្លារសិង្ហបុរី (១,៣ ពាន់លានដុល្លារអាមេរិក) លើក្រុមហ៊ុនអចលនទ្រព្យចិនដីគោក បានរងការខាតបង់់ប្រចាំឆ្នាំធ្ងន់ធ្ងរមិនធ្លាប់មានស្ទើរតែចងក។
ក្រុមហ៊ុន City Developments Ltd របស់កំពូលមហាសេដ្ឋីអចលនទ្រព្យ Kwek Leng Beng បានទទួលរងការខាតបង់សុទ្ធ រហូតដល់ទៅ១,៩ ពាន់លានដុល្លារសិង្ហបុរី (១,៤៣ ពាន់លានដុល្លារអាមេរិក) សម្រាប់ឆ្នាំសារពើពន្ធ ២០២០ ដែលបានបញ្ចប់ត្រឹមថ្ងៃទី៣១ ខែធ្នូ។ នេះគឺជាការខាតបង់ធ្ងន់ធ្ងរបំផុត ជាលើកដំបូងរបស់ខ្លួនចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៧០ ដោយសារការវិនិយោគរបស់លោក នៅក្នុងក្រុមហ៊ុនអចលនទ្រព្យចិនដីគោក Sincere Property Group។
ក្នុងសន្និសីទកាសែតស្ដីពី លទ្ធផលខាតបង់នេះកាលពីថ្ងៃសុក្រ លោកអគ្គនាយក Kwek Leng Beng បានលើកឡើងថា “ពេលនេះយើងត្រូវបំភ្លេចរឿងចាស់ៗ ទាំងនេះចោលឱ្យអស់។ ខ្ញុំចង់បោះជំហានឆ្ពោះទៅមុខ ដើម្បីស្ដារឱ្យក្រុមហ៊ុនរីកចម្រើនឡើងវិញ” ។ លោកបន្តថា “ខ្ញុំមិនចង់បន្តនិយាយអំពីក្រុមហ៊ុន Sincere [Sincere Property Group] ទៀតនោះទេ” ។
ខណៈការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ក៏បានជះផលប៉ះពាល់ដល់ប្រាក់ចំណូលសណ្ឋាគារ និងចំណូលពីការជួលរបស់ខ្លួនដែរនោះ ការទិញយកភាគហ៊ុនមួយភាគធំនៅក្នុងក្រុមហ៊ុនអចលនទ្រព្យ Sincere Property Group ដែលមានមូលដ្ឋាននៅក្រុងឆុងឈីង (Chongqing) ប្រទេសចិន កាលពីខែមេសា ឆ្នាំ២០២០ ជាការវិនិយោគដ៏ធំសម្បើមមួយ ដែលបានបង្កឱ្យមានជម្លោះ បែកបាក់ផ្ទៃក្នុងគ្រួសាររបស់លោក ដែលមានទ្រព្យសម្បត្តិរួមសរុប១៦,៥ ពាន់លានដុល្លារ។ នេះបើយោងតាមបញ្ជីរាយនាមមហាសេដ្ឋីកំពូលៗនៅអាស៊ី របស់សន្ទស្សន៍មហាសេដ្ឋកិច្ច Bloomberg Billionaires Index។
នាយក៣រូបនៃក្រុមហ៊ុន City Developments Ltd ដែលរួមមានទាំងបងប្អូនជីដូនមួយរបស់លោក Kwek Leng Beng ផងបានលាលែងពីតំណែង ដោយសារជំទាស់នឹងកិច្ចព្រមព្រៀងខាងលើនេះ។
ក្រុមហ៊ុនCity Developments Ltd និយាយថា ការខាតបង់លើក្រុមហ៊ុនSincere Property Group មានចំនួនរហូតដល់ទៅ៩៣% នៃទុនវិនិយោគ១,៩ ពាន់លានដុល្លារសិង្ហបុរី (១,៤៣ ពាន់លានដុល្លារអាមេរិក) របស់ខ្លួន។
លោក Sherman Kwek ដែលជានាយកប្រតិបត្តិក្រុមហ៊ុន City Developments Ltd បានលើកឡើងថា “មូលហេតុដែលក្រុមហ៊ុនរបស់លោក ជឿជាក់លើសក្ដានុពលរបស់ក្រុមហ៊ុន Sincere Property Group ដោយសារស្ញប់ស្ញែងចំពោះទំហំ និងរចនាសម្ព័ន្ធបំណុលរបស់ក្រុមហ៊ុននេះ។ លោកបានបន្តថា “និយាយតាមត្រង់ទៅ រឿងមួយដែលពិបាក និងស្មុគស្មាញហួសពីអ្វីដែលយើងបានរំពឹងទុកនោះ គឺការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ” ។
លោកបានបន្ថែមទៀតថា បំណុលក្នុងក្រុមហ៊ុន Sincere [Sincere Property Group] គឺមានទំហំធំ និងមានភាពស្មុគស្មាញពិបាកយល់ខ្លាំងណាស់ ហើយមានស្ថាប័នហិរញ្ញវត្ថុជាច្រើន ដែលយើងត្រូវដោះស្រាយជាមួយ។ ដូច្នេះ នេះគឺជាផ្នែកមួយនៃបញ្ហាប្រឈមដ៏លំបាកសម្រាប់ក្រុមការងារ ព្រមទាំងរូបលោកផ្ទាល់៕