ការអភិវឌ្ឍគម្រោងអចលនទ្រព្យនៅខេត្តកំពតនៅតែបន្តដំណើរធម្មតា ទោះកម្ពុជាជួបប្រទះនឹងព្រឹត្តិការណ៍២០កុម្ភៈ

ដោយៈ លក្ខិណា

ភ្នំពេញៈ វិស័យអចលនទ្រព្យនៅខេត្តកំពត ត្រូវបានរាយការណ៍ថាមានសន្ទុះងើបឡើងនៅដើមឆ្នាំ២០២១នេះ ទោះបីជាកម្ពុជាបន្តជួបប្រទះនឹងវិបត្តិកូវីដក្តី ដោយក្នុងនោះមានវិនិយោគិនជាច្រើនចាប់ផ្ដើមអភិវឌ្ឍគម្រោរបស់ខ្លួនក្នុងទឹកដីខេត្តជាប់មាត់សមុទ្រនៃប្រទេសកម្ពុជាមួយនេះ។

បើតាមលោកកែវ សុជាតិប្រធានក្រុមហ៊ុនKW Cambodia ប្រចាំខេត្តកំពតបានថ្លែងប្រាប់នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ថា ដើមឆ្នាំ២០២១នេះ ការអភិវឌ្ឍអចលនទ្រព្យ ដូចជាការអភិវឌ្ឍបុរី និងលំនៅដ្ឋានលំហែកាយ ត្រូវបានមើលឃើញថាមានស្ទុះទាំងគម្រោងរបស់អ្នកដទៃ និងគម្រោងអភិវឌ្ឍន៍របស់លោកផ្ទាល់ ដោយសារតែឆ្នាំ២០២០កន្លងទៅ វិនិយោគិនជាច្រើនរួមនឹងរូបលោកដែរ បានទន្ទឹងរង់ចាំយូរមកហើយ និងមិនអាចពន្យារបន្តទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ទោះបីជាថ្មីៗនេះកម្ពុជាបានជួបប្រទះនឹងព្រឹត្តិការណ៍ឆ្លងសហគមន៍ក្ដី តែមិនទាន់មានតំបន់ណាមួយត្រូវបានបិទទាំងស្រុងនោះទេ ហើយនៅកំពតវិញក៏មិនទាន់មានអ្វីប្រែប្រួលដែរ គឺនៅតែមានសភាពធម្មតា ដោយគម្រោងអភិវឌ្ឍន៍ដែលចាប់ផ្ដើមសាងសង់កាលពីពេលថ្មីៗនៅតែបន្តដំណើរការ និងមានគម្រោងថ្មីៗបន្តបន្ទាប់ កំពុងរៀបចំដំណើរការផងដែរ។

លោកបានថ្លែងថា “ការអភិវឌ្ឍ គឺដើម្បីបំពេញទៅតាមតម្រូវការ បើសិនជាគ្មានតម្រុវការ ក៏មិនមានការផ្គត់ផ្គង់ដែរ ដូច្នេះយើងមើលឃើញថា ការទិញលក់អចលនទ្រព្យនៅក្នុងខេត្តកំពតនៅតែមានជាបន្តបន្ទាប់ ទើបធ្វើឱ្យវិនិយោគិនបានអនុវត្តន៍គម្រោងរបស់ខ្លួន”។
លោកបន្ថែមថា សម្រាប់ព្រឹត្តិការណ៍២០កុម្ភៈ លោកជឿជាក់លើរដ្ឋាភិបាលក្នុងការដោះស្រាយ ហើយនឹងបញ្ចប់វានៅពេលឆាប់ និងធ្វើឱ្យស្ថានភាពត្រលប់ទៅរកសភាពដើមវិញ។

លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលបញ្ជាក់ថា វិនិយោគិនគួរបន្តគម្រោងរបស់ខ្លួន ដោយមិនចាំបានផ្អាកទេ ព្រោះបិទពិសោធន៍ក្នុងការគ្រប់គ្រងកូវីដ១៩របស់រាជរដ្ឋាភិបាលនាពេលកន្លងមកគឺមានភាពប្រសើរ ហើយសម្រាប់សហគមន៍២០កុម្ភៈនេះ លោកជឿថារដ្ឋាភិបាលនឹងគ្រប់គ្រងបានល្អ។

លោកបានបន្តទៀតថា ម្យ៉ាងទៀតវ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ ក៏បានមកដល់កម្ពុជា និងកំពុងធ្វើយុទ្ធនាការចាក់ជូនពលរដ្ឋបណ្ដើរៗហើយផងដែរ ដូច្នេះវិបត្តិនឹងត្រូវបានបញ្ចប់នៅពេលឆាប់ៗនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here