អ្នកជំនាញមានសុទិដ្ឋិនិយមលើវិធានការទប់ស្កាត់របស់រដ្ឋាភិបាល និងជំរុញអ្នកអភិវឌ្ឍន៍បន្តអនុវត្តគម្រោងវិនិយោគរបស់ខ្លួន

ដោយៈ លក្ខិណា

ភ្នំពេញៈ ទោះបីជាកម្ពុជាកំពុងមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សហគមន៍លើកទី៣ក្ដី ដែលទំហំនៃការឆ្លងនេះមានទ្រង់ទ្រាយធំជាងមុនក្ដី តែអ្នកជំនាញអចលនវត្ថុកម្ពុជាមួយចំនួននៅតែមានសុទិដ្ឋិនិយមចំពោះការទប់ស្កាត់របស់រាជរដ្ឋាភិបាល និងជំរុញឱ្យម្ចាស់គម្រោងវិនិយោគអចលនទ្រព្យ ដែលមានបំណងសាងសង់គម្រោងនានាបន្តអនុវត្តន៍គម្រោងនេះទៅមុខបន្ត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលបានឱ្យដឹងកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ថា ការរីករាលដាលនៃជំងឺកូវីដ១៩ជាសហគមន៍ជាថ្មីនៅក្នុប្រទេសកម្ពុជា នាពេលនេះ គឺជារឿងមិននឹកស្មានមួយ ក៏ប៉ុន្តែលោកជំរុញឱ្យវិនិយោគិននានាក្នុងវិស័យនេះ គួរតែបន្តគម្រោងអភិវឌ្ឍន៍របស់ខ្លួនបន្ត ដោយសារតែកូវីដសហគមន៍នេះ នឹងត្រូវទប់ស្កាត់បាន។

លោកបានថ្លែងទៀតថា ជាបទកន្លងមក កម្ពុជាបានទប់ស្កាត់ការរីករាលនិងគ្រប់គ្រងបានល្អ លើការឆ្លងរាលដាលនៃជំងឺនេះ ហើយសម្រាប់ការឆ្លងសហគមន៍លើកនេះ លោកក៏ជឿថាអាចទប់ស្កាត់បានដូចគ្នាជាមួយនឹងវត្តមានវ៉ាក់សាំងនៃកូវីដ១៩ ដែលកំពុងចាក់ជូនពលរដ្ឋបណ្ដើរៗផងដែរ។

លោកបន្តថា សម្រាប់ពេលនេះ ប្រជាពលរដ្ឋទាំងសូមស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងកាន់តែធំ ដើម្បីឱ្យការឆ្លងសហគមន៍នេះបានបញ្ចប់នៅពេលឆាប់ៗ និងអាចស្ដារសេដ្ឋកិច្ចកម្ពុជាបានប្រសើរឡើងវិញ។

ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យវិនិយោគិនមួយចំនួនផ្អាកគម្រោងសាងសង់របស់ខ្លួនជាបន្តបន្ទាប់ នៅក្នុងឆ្នាំ២០២០ ហើយនៅឆ្នាំ២០២១នេះ មានវិនិយោគិនមួយចំនួនចាប់ផ្ដើមអភិវឌ្ឍន៍គម្រោងរបស់ខ្លួនដែលបានគ្រោងទុកពីយូរមកហើយ តែទើបតែបានមួយរយៈខ្លី វិបត្តិជំងឺកូវីដ១៩ក៏ចាប់ផ្ដើមកក្រើកឡើងវិញនៅក្នុងសហគមន៍២០កុម្ភៈ ដែលធ្វើឱ្យមានអ្នកឆ្លងសរុបក្នុងព្រឹត្តិការណ៍ប្រមាណ១០០នាក់ត្រឹមតែរយៈពេលពីរបីថ្ងៃប៉ុណ្ណោះ។

ប្រមុខរដ្ឋាភិបាលបានប្រកាសបិទទីតាំងអាជីវកម្ម និងទីតាំងពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈនេះ ជាបន្តបន្ទាប់និងកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធមកធ្វើតេស្តនិងធ្វើចត្តាឡីស័កដើម្បីទប់ស្កាត់ការឆ្លងកាន់តែធំក្នុងសហគមន៍។ យ៉ាងណាក្ដីសម្ដេចតេជោហ៊ុនសែន មិនមានបំណងក្នុងការដាក់ប្រទេសឬដាក់តំបន់ណាក្នុងគ្រាអាសន្ននៅឡើយ ដែលអាចបណ្ដាលប៉ះពាល់ដល់សេដ្ឋកិច្ចធ្ងន់ធ្ងរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here