ដោយៈសុខុម
ភ្នំពេញៈ យោងតាមការស្រាវជ្រាវថ្មីឱ្យដឹងថា ក្រុមហ៊ុនជាងកណ្ដាលនៅប្រទេសអង់គ្លេស គ្រោងជ្រើសរើសបុគ្គលិកថ្មីៗ ឱ្យចូលបម្រើការងារក្នុងរយៈពេល៣ ខែបន្ទាប់។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃទី២២ កុម្ភៈ។
វិទ្យាស្ថាន Chartered Institute of Personnel and Development (CIPD) ដែលសមាគមអ្នកអាជីពការងារ ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានលើកឡើងថា វាជាសញ្ញាវិជ្ជមានដំបូង សម្រាប់ទស្សនវិស័យការងារ ដែលខ្លួនបានឃើញក្នុងរយៈពេលមួយឆ្នាំ។
ប្រហែល៥៦% នៃក្រុមហ៊ុនចំនួន ២.០០០ ដែលត្រូវបានស្ទង់មតិបានឆ្លើយថា ខ្លួនមានគម្រោងជ្រើសរើបុគ្គលិកក្នុងត្រីមាសទី១ ដើមឆ្នាំ២០២១ ។ វិស័យដែលគ្រោងជ្រើសរើសបុគ្គលិកច្រើនជាងគេ រួមមាន វិស័យសុខាភិបាល ហិរញ្ញវត្ថុ ធានារ៉ាប់រង អប់រំ និងប ច្ចេកវិទ្យាព័ត៌មានវិទ្យា (IT)។
លោក Gerwyn Davies ដែលជាអ្នកវិភាគជាន់ខ្ពស់ផ្នែកទីផ្សារការងារ និងគោលនយោបាយសាធារណៈ មកពីវិទ្យាស្ថាន CIPD ដែលបានធ្វើការស្ទង់សមតិជាមួយក្រុមហ៊ុនជ្រើសរើសបុគ្គលិក Adecco បានលើកឡើងថា “លទ្ធផលរកឃើញរបស់យើងបង្ហាញថា ភាពគ្មានការងារប្រហែលជាឈានជិត ដល់កម្រិតខ្ពស់បំផុតហើយ ជាពិសេសដោយសារការធ្លាក់ចុះនូវការផ្គត់ផ្គង់ពលករក្រៅស្រុក” ។
ការស្ទង់មតិនេះក៏បានរកឃើញដែរថា ចំនួនក្រុមហ៊ុនដែលមានគម្រោងជម្រុះបុគ្គលិកចោលក្នុងត្រីមាសទី១ ដើមឆ្នាំ២០២១ បានធ្លាក់ចុះពី៣០% មកនៅត្រឹម២០% បើប្រៀបធៀបទៅនឹងត្រីមាសទី៤ ក្នុងឆ្នាំ២០២០ ។
យោងតាមការិយាល័យជាតិស្ថិតិ(Office for National Statistics) របស់អង់គ្លេស បង្ហាញថា អត្រាគ្មានការងារធ្វើចុងក្រោយបំផុត សម្រាប់ខែកញ្ញា ដល់ខែវិច្ឆិកា គឺ៥%។ តួលេខនោះ គឺកើនឡើង ០,៦% ធៀបនឹងត្រីមាសមុន ហើយមានន័យថា ពលរដ្ឋអង់គ្លេស ១,៧២ លាននាក់គ្មានការងារធ្វើ។
តួលេខដែលបញ្ចេញដោយទីភ្នាក់ងារ Insolvency Service ឆ្លើយតបទៅនឹងការស្នើសុំរបស់ BBC Freedom of Information បានបង្ហាញថា ក្រុមហ៊ុនអង់គ្លេសប្រមាណ ២៩២ បានធ្វើផែនការកាត់បន្ថយបុគ្គលិកក្នុងខែមករា ដែលជាតួលេខទាបបំផុតចាប់តាំងពីការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បានចាប់ផ្ដើមផ្ទុះមក។
វិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ចទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដែលស្មើនឹង១ ភាគ៣ នៃការបាត់បង់ការងារសរុប បន្ទាប់មកគឺវិស័យលក់រាយ។ វិទ្យាស្ថាន CIPD និងក្រុមហ៊ុនជ្រើសរើសបុគ្គលិក Adecco បានរកឃើញថា នៅក្នុងវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច មានតែថៅកែតែ ៣៦% ប៉ុណ្ណោះ ដែលមានផែនការជ្រើសរើសបុគ្គលិកថ្មី។
កម្មវិធីព្យួរការងារបណ្ដោះអាសន្ន ដោយមានការឧបត្ថម្ភពីរដ្ឋាភិបាល ដែលនឹងបញ្ចប់នៅថ្ងៃទី៣០ មេសា បានជួយកាត់បន្ថយការជម្រុះបុគ្គលិកចោល។
មនុស្សជិត១០លាននាក់ ត្រូវបានព្យួការងារបណ្ដោះអាសន្ន ដោយមានការឧបត្ថម្ភពីរដ្ឋាភិបាលគិតត្រឹមថ្ងៃទី១៣ធ្នូ។ កម្មវិធីនេះ បានជួយឱ្យក្រុមហ៊ុនសហគ្រាសនានាមានលទ្ធភាពរក្សាទុកបុគ្គលិក ដោយគ្រាន់តែព្យួរពួកគេជាបណ្ដោះអាសន្ន ជាជាងជម្រុះពួកគេចោលតែម្ដង។
ទោះជាយ៉ាងណា វិទ្យាស្ថាននេះបានព្រមានថា វិស័យឯកជនអាចនឹងជម្រុះចោលបុគ្គលិកបន្ថែមទៀត ប្រសិនបើរដ្ឋាភិបាល មិនពន្យារកម្មវិធីព្យួការងារបណ្ដោះអាសន្ន ដែលមានការឧបត្ថម្ភនេះ រហូតដល់ដំណាច់ខែមិថុនាទេនោះ ឬ ប្រសិនបើសេដ្ឋកិច្ចអង់គ្លេស ធ្លាក់ចុះបន្ថែមទៀត៕