ដោយៈ ម៉ាណេត
ស្វាយរៀងៈ រដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តគម្រោងវិនិយោគថ្មីចំនួន៤ ដែលបានបោះទីតាំងនៅខេត្តស្វាយរៀង គិតត្រឹមរយៈពេល៣សប្តាហ៍នៃកុម្ភៈនេះ ខណៈគម្រោងថ្មីចំនួន៤នេះ បានប្រកាសទុនវិនិយោគប្រមា ណ៩៨,២លានដុល្លារ និងបង្កើតការងារជាង ១៦០០កន្លែងដល់ប្រជាជន។
គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតចាប់តាំងពីដើមថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនទាំង៤ ដូចជា ទី១ គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្ត របស់ក្រុមហ៊ុន “CART TIRE CO., LTD” មានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ បាវិត ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ១៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៨០កន្លែង។
ទី២ ក្រុមហ៊ុន “SHANE (CAMBODIA) FURNITURE CO., LTD” គម្រោងបង្កើតរោងចក្រផលិតសាឡុង គ្រែ និងគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ៤៧,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨២០កន្លែង។
ទី៣ “VELONG (CAMBODIA) INDUSTRIES CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខារសម្រាប់ចង្ក្រាន BBQ, ផ្គុំតម្លើងបរិក្ខារអេឡិចត្រូនិក និងអំពូលភ្លើង ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីស៍ស, មានទុនវិនិយោគប្រមាណ៣,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២០កន្លែង។
ទី៤ ក្រុមហ៊ុន “ALLIED MAX INTERNATIONAL (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតក្រណាត់ និងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានដុង សាន់សែល នៅខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ៣២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៧០កន្លែង។
លោកស្រីអាន សុធីតាបានថ្លែងប្រាប់កាលពីថ្មីៗនេះថា ខេត្តស្វាយ ពិសេសក្រុងបាវិត មានសក្តានុពលខ្លាំងលើវិស័យឧស្សាហកម្ម ដោយសារមានគម្រោងវិនិយោគជាច្រើនបង្កើតឡើងជាបន្តបន្ទាប់នៅខេត្តមួយ។
លោកស្រីបានថ្លែងទៀតថា “ក្រុងបាវិតសម្បូរដោយរោងចក្រ ដែលបង្កើតការងារជាច្រើនដល់ប្រជាជនក្នុងតំបន់ ហើយវិស័យអចលនទ្រព្យនៅខេត្ត ក៏មានការរីកចម្រើនជាបន្តបន្ទាប់ ពិសេសអចលនទ្រព្យបែបឧស្សាហកម្ម” ៕