ជំនួញអចលនទ្រព្យចាប់ផ្ដើមជួបបញ្ហាជាថ្មីក្នុងឆ្នាំ២០២១ ខណៈព្រឹត្តិការណ៍ឆ្លងកូវីដក្នុងសហគមន៍ចាប់ផ្ដើមលើកទី៣

ដោយៈលក្ខិណា

ភ្នំពេញៈ វិស័យអចលនទ្រព្យ ដែលទើបតែងើបបន្តិចនៅក្នុងឆ្នាំ ២០២១ ក៏បានជួបបញ្ហាឡើងវិញ បន្ទាប់ពីជំងឺកូវីដ១៩ ចាប់ផ្ដើមរាលដាលជាថ្មី នៅក្នុងសហគមន៍នៅក្នុងព្រឹត្តិការណ៍២០កុម្ភៈ២០២១។

លោកសុខ គែនភ្នាក់ងារអលចលនទ្រព្យប្រចាំខេត្តកំពតបាននិយាយថា ក្នុងឆ្នាំ ២០២១ វិស័យអចលនទ្រព្យឃើញថាមានពន្លឺបន្តិចឡើងវិញ ហើយសកម្មភាពនៃការវិនិយោគនានា ក៏ហាក់កម្រើកបន្តិចដែរ តែពេលលឺដំណឹងថាកូវីដ១៩រីករាលដាលជាថ្មី វិស័យអចលនទ្រព្យក៏នឹងប៉ះពាល់ជាថ្មីដែរ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “កាលពីឆ្នាំ២០២០កន្លងទៅ វិបត្តិកូវីដ១៩ បានធ្វើឱ្យវិស័យអចលនទ្រព្យនិងវិស័យផ្សេងទៀត ទទួលរងគ្រោះម្ដងហើយ និងបានហែលឆ្លងក្នុងឆ្នាំនោះ ដោយលំបាកផងដែរ”។ លោកបន្តថា “ចូលដល់ឆ្នាំ២០២១ ដោយរំពឹងថាវ៉ាក់សាំងកូវីដ១៩ចូលមកដល់កម្ពុជាហើយ វិនិយោគិនរំពឹងថានឹងអាចទប់ស្កាត់ បានមួយចំនួនពីការរាលដាល តែមិនទាន់បានប៉ុន្មានផង ស្រាប់តែជំងឺនេះចា់បផ្ដើមរាលដាលខ្លាំងជាមុនៗ នៅកម្ពុជា ក្នុងពេលវ៉ាក់សាំងកំពុងធ្វើយុទ្ធនាការចាក់ជូនពលរដ្ឋបណ្ដើរ”។

អ្វីដែលជារំពឹងរបស់វិនិយោគិន ក្នុងវិស័យអចលនទ្រព្យក្នុងឆ្នាំ២០២១នេះ អាចនឹងខកចិត្តបន្តិច ក្រោយការរាលត្បាតនេះ ដោយអាជីវកម្មមួយចំនួនបានផ្អាកឡើងវិញ ដូចជាក្លឹប កម្សាន្ត កន្លែងពាក់ព័ន្ធជាច្រើនក្នុងព្រឹត្តិការណ៍ឆ្លងសហគមន៍២០កុម្ភៈ។

ជាមួយគ្នានេះលោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលបានឱ្យដឹងថា ព្រឹត្តិការណ៍ឆ្លងសហគមន៍២០ កុម្ភៈ គឺជាព្រឹត្តិការណ៍មិននឹកស្មានដល់មួយ តែក្នុងនាមវិនិយោគិនមួយរូប រំពឹងលើរដ្ឋាភិបាលដែលអាចទប់ស្កាត់ ការចម្លងមេរោគនេះមិនឲ្យ​រីកធំនៅកម្ពុជា។

លោកបន្តថា សម្រាប់ព្រឹត្តិការណ៍សហគមន៍នេះ លោកគិតថាវានឹងប៉ះពាល់ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ដោយសារតែយើងមានវ៉ាក់សាំង និងចាក់ជូនពលរដ្ឋបណ្ដើរៗ នឹងចាក់ជូនពលរដ្ឋកាន់តែច្រើន ដែលធ្វើឱ្យវិនិយោគិនក្នុង និងក្រៅប្រទេសទុកចិត្តមកលើកម្ពុជា ហើយនឹងចូលមកវិនិយោគនៅក្នុងប្រទេសជាបន្តបន្ទាប់។

លោកថា “ទោះបីមានការឆ្លងក្នុងសហគមន៍ យើងមើលឃើញថាការទិញលក់អច​លនទ្រព្យនៅតែមានដំណើរការធម្មតា ហើយសម្រាប់វិនិយោគិន គួរតែបន្តគម្រោងរបស់ខ្លួនដដែល ខណៈរដ្ឋាភិបាលលោកក៏ខំប្រឹងទប់ស្កាត់មិនឱ្យឆ្លងកាន់តែធំនោះដែរ”។

ព្រឹត្តិការណ៍ឆ្លងសហគមន៍២០កុម្ភៈ ២០២១នេះត្រឹមតែពេលតែពីរបីថ្ងៃ កម្ពុជារកឃើញអ្នកឆ្លងជិត៨០នាក់ទៅ ហើយភាគច្រើនជាជនបរទេស( ចិន) និងមានការបិទទីតាំងអាជីវកម្មមួយចំនួននៅភ្នំពេញ និងខេត្តកណ្ដាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here