ឥណ្ឌូនេស៊ីត្រៀមទុនជាង៥ពាន់លានដុល្លារវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ

ដោយៈ ម៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងព្យាយាមជំរុញការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវការជាចាំបាច់ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញ តាមរយៈការចាប់ផ្តើមមូលនិធិមូលរដ្ឋ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។

រដ្ឋាភិបាល កាលពីសប្តាហ៍មុន បានសន្យាថានឹងបញ្ចូលដើមទុនដំបូងចំនួន៥,៣ពាន់លានដុល្លារអាមេរិក ចាប់ពីរយៈពេលនេះ រហូតចុងឆ្នាំនេះ ដើម្បីអភិវឌ្ឍន៍គម្រោងទាំងនេះ។

គម្រោងអាទិភាពមួយចំនួនរួមមានការសាងសង់ផ្លូវថ្នល់ ព្រលានយន្តហោះ និងកំពង់ផែសមុទ្រ ដែលអាចអនុញ្ញាត ទៅកាន់តំបន់ ដែលមានការអភិវឌ្ឍតិចតួច ជាពិសេសនៅភាគខាងកើតនៃប្រជុំកោះនេះ។ នេះអាចជួយពង្រីកការអភិវឌ្ឍឱ្យកាន់តែប្រសើរ ជាងជំនួសឱ្យការប្រមូលផ្តុំនៅកោះជ្វា នៅផ្នែកខាងលិច នៃប្រជុំកោះ របស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Ridha Wirakusumah ប្រធានអាជ្ញាធរផ្នែកវិនិយោគឥណ្ឌូនេស៊ីបានមានប្រសាសន៍ថា “គម្រោងអាទិភាព គឺវិស័យហេដ្ឋារចនាសម្ព័ន្ធ។ យើងមានគម្រោងអភិវឌ្ឍន៍ជាច្រើន ទោះបីយ៉ាងណាយើងមិនទាន់អាចបង្ហាញអំពីគម្រោងទាំងនេះនៅឡើយទេ”។

លោក Wirakusumah ត្រូវបានតែងតាំងជាប្រធានទីភ្នាក់ងារផ្តល់មូលនិធិថ្មី ខណៈពេលដែលក្រុមប្រឹក្សាភិបាលរបស់ខ្លួនមានអ្នកជំនាញជាច្រើននៅក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីផ្តល់ប្រឹក្សាដល់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ។

លោកបានមានប្រសាសន៍ថា “យើងនឹងធ្វើឱ្យប្រាកដថា គម្រោងទាំងនោះពិតជាអាចនាំមកនូវផលចំណេញល្អសម្រាប់យើង និងសម្រាប់សហវិនិយោគិនរបស់យើងផងដែរ។ វានឹងទាក់ទាញវិនិយោគិនបរទេស និងក្នុងស្រុកឱ្យធ្វើការរួមគ្នា ក្នុងការផ្តល់មូលនិធិ និងពន្លឿនគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here