អ្នកអភិវឌ្ឍន៍ខុនដូមួយចំនួនចាប់ផ្ដើមដំណើរការសាងសង់គម្រោងឡើងវិញ បន្ទាប់ពីពន្យារពេលមួយរយៈ

ដោយៈ លក្ខិណា

ភ្នំពេញៈ វិបត្តិកូវីដ១៩ បានធ្វើឱ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យមួយចំនួនបានផ្អាកដំណើរការក្នុងការសាងសង់គម្រោងរបស់ខ្លួន ក៏ប៉ុន្តែចូលមកដល់ឆ្នាំ២០២១នេះ អ្នកអភិវឌ្ឍន៍មួយចំនួនក៏បានចាប់ផ្ដើមឡើងវិញជាមួយនឹងការសាងសង់គម្រោងថ្មីៗ។

លោកយីម លុច្សម្ចាស់គម្រោងអគារកំពស់៣២ជាន់នៅតំបន់ទួលគោករាជធានីភ្នំពេញបានឱ្យដឹងកាលពីម្សិលម៉ិញថា លោកបានពន្យារពេលក្នុងការសាងសង់អគារនេះ អស់រយៈពេលជាងមួយឆ្នាំហើយ ដោយសារតែកូវីដ១៩ ដែលគម្រោងអភិវឌ្ឍន៍របស់ខ្លួន ត្រូវចាប់ផ្ដើមក្នុងឆ្នាំ២០២០មកម្ល៉េះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា គម្រោងអភិវឌ្ឍន៍អគារកំពស់៣២ជាន់ ដែលជាគម្រោងខុនដូ និងអគារការិយាល័យត្រូវបានគតិគូរសាងសង់តាំងពីចុងឆ្នាំ២០១៩ ហើយផ្ដើមសង់នៅឆ្នាំ២០២០ តែដោយសារតែកូវីដ១៩ ទើបគម្រោងនេះ បានពន្យារពេលមកដល់ឆ្នាំ២០២១។

លោកថ្លែងថា “គម្រោងនេះ យើងបានគ្រោងតាំងពីចុងឆ្នាំ២០១៩ ហើយផ្ដោតលើទីផ្សារប្រទេសចិន តែដោយសារតែកូវីដ១៩ចូលមកដល់ យើងក៏បានពន្យារពេលមួយឆ្នាំ តែចូលឆ្នាំ២០២១ យើងក៏ចាប់ផ្ដើមអភិវឌ្ឍន៍តែម្ដង ដោយមិនអាចចាំបានទៀតទេ និងមិនផ្ដោតលើការលក់សម្រាប់បរទេសនោះទេ”។

លោកបន្ថែមថា ការអភិវឌ្ឍគម្រោងខុនដូនៅពេលនេះ យើងមិនសង្ឃឹមលើទីផ្សារបរទេសនោះទេ តែយើងនឹងអភិវឌ្ឍន៍ដោយផ្ដោតទៅលើទីផ្សារក្នុងស្រុកច្រើនជាង ព្រោះថាប្រជាជនកម្ពុជាក៏មានលទ្ធភាព ក្នុងការទិញខុនដូសម្រាប់ស្នាក់នៅដែរ ជាក់ស្ដែងក្នុងឆ្នាំ២០២០កន្លងទៅនេះ ទីផ្សារខុនដូ សម្រាប់ជនបរទេសបានធ្លាក់ចុះដោយជំនួសមកវិញនូវទីផ្សារក្នុងស្រុក។

កញ្ញាគឹម គិនកេសាអ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យ CBRE បានឱ្យដឹងផងដែរថា ឆ្នាំ២០២០ទីផ្សារខុនដូសម្រាប់ជនបរទេសបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយសារបម្រាមក្នុងការធ្វើដំណើរចេញចូលប្រទេស តែក្នុងឆ្នាំ២០២០កន្លងមកនេះដែរ កំណើនអ្នកទិញខុនដូជាជនជាតិខ្មែរមានច្រើនជាងឆ្នាំមុនៗទៅវិញ ដែលធ្វើឱ្យវិនិយោគិនមួយចំនួនចាប់ផ្ដើមបង្វែការអភិវឌ្ឍផ្ដោតលើជនបរទេស។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា ឆ្នាំ២០២១នេះនឹងមានគម្រោងអភិវឌ្ឍន៍ថ្មីៗចាប់ផ្ដើមឡើងវិញ ដោយសារតែការរកឃើញនៃវ៉ាក់សាំងប្រឆាំងកូវីដ១៩ ហើយសម្រាប់គម្រោងធំៗវិញ នឹងរង់ចាំមើលពីគុណភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងនោះសិន ទើបមានការអភិវឌ្ឍតាមក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here