ដោយៈសុខុម
តូក្យូ / វ៉ាស៊ីនតុន: ទីផ្សារភាគហ៊ុនប្រទេសចិន បានហក់ឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ កុម្ភៈ នៅក្នុងវគ្គជួញដូរដំបូងរបស់ខ្លួន បន្ទាប់ពីការបិទឈប់សម្រាករយៈពេល២ សប្ដាហ៍ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន (បុណ្យនិទាឃៈរដូវ) បានធ្វើឱ្យមានសុទិដ្ឋិនិយមជាថ្មីថា សេដ្ឋកិច្ចសកលកំពុងបង្កើនល្បឿនឆ្ពោះទៅរកកំណើន។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយក្នុងថ្ងៃដដែល។
ទោះជាយ៉ាងណា ខណៈទីផ្សារភាគហ៊ុនចិនហក់ឡើង ០,៧៧% ទីផ្សារភាគហ៊ុនផ្សេងៗទៀតនៅអាស៊ី បែរជាធ្លាក់ចុះទៅវិញ ដោយសារការសម្រុកលក់ចេញភាគហ៊ុននៅពេលភាគហ៊ុនឡើងថ្លៃ (Profit-taking)។
MSCI ដែលជាសន្ទស្សន៍ផ្សារភាគហ៊ុនធំបំផុត នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រៅពីប្រទេសជប៉ុន បានដាំក្បាលចុះ ០,១៥% ប៉ុន្តែស្ថិតនៅកៀកកម្រិតខ្ពស់បំផុត មិនធ្លាប់មាននៅឡើយ។ ចំណែកទីផ្សារភាគហ៊ុនអូស្ត្រាលី បានធ្លាក់ចុះ ០,០៥% ខណៈទីផ្សាភាគហ៊ុន Nikkei របស់ជប៉ុនគ្មានការប្រែប្រួល។ ចំណែកឯទីផ្សារភាគហ៊ុនអាមេរិក E-mini S&P 500 បានធ្លាក់ចុះ ០,០៤% ។
នៅសង្កាត់ពាណិជ្ជកម្មដ៏ល្បីល្បាញ Wall Street របស់សហរដ្ឋអាមេរិក ភាគហ៊ុនបច្ចេកវិទ្យាបានធ្លាក់ចុះ ដោយទាញឱ្យទីផ្សារហ៊ុន Nasdaq ធ្លាក់ចុះដែរ ខណៈពេលភាគហ៊ុនរបស់ក្រុមហ៊ុនផ្សេងទៀតកើនឡើង ដោយសារសុទិដ្ឋិនិយម ចំពោះកំណើនសេដ្ឋកិ ច្ចឡើងវិញ។
ផ្សារភាគហ៊ុនអាមេរិក Dow Jones Industrial Average បានហក់ឡើង ០,២៩% ខណៈផ្សារហ៊ុន S&P 500 បានធ្លាក់ចុះ ០,០៣% ហើយផ្សារភាគហ៊ុន Nasdaq បានធ្លាក់ចុះ ០.៥៨% ។ សន្ទស្សន៍ភាគហ៊ុនពិភពលោក របស់ MSCI បានធ្លាក់ចុះ ០,០៤% ប៉ុន្តែស្ថិតនៅកៀកកម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅឡើយ៕