ក្រុមហ៊ុន​តៃវ៉ាន់ ចុះបញ្ជី​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា​រកបាន​ចំណូល​ជាង ២៨លាន​ដុល្លារ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ក្រុមហ៊ុន ហ្គ្រេ​ន ធ្វី​ន របស់​តៃវ៉ាន់ ដែល​ចុះបញ្ជី​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា​រកបាន​ចំណូល​សរុប២៨,៨០លាន​ដុល្លារ​អាមេរិក ក្នុង​ត្រីមាស​ទី៤ ឆ្នាំ២០២០ ថយ​ជាង​ត្រីមាស​ទី៤ ឆ្នាំ២០១៩ ស្មើនឹង៣៣,៦៩%។ នេះ​បើ​យោងតាម​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន ដែល​បានបង្ហាញ​នៅ​ផ្សារ​ហ៊ុន​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ។

លោក​យ៉ាង សាវ​ស៊ីន ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ហ្គ្រេ​ន ធ្វី​ន អ៊ិន​ធើ​ណេ​សិ​នណល​បាន​ថ្លែងថា ចាប់តាំងពី​បង្កើត​ក្រុមហ៊ុន​នៅ​ឆ្នាំ២០០៧ ក្រុមហ៊ុន​ហ្គេ​ន ជូន អិន​ធើ​ណេ​សិ​នណល ភីអិលស៊ី បាន​បង្កើត និង​ពង្រីក​ផលិតផល​របស់ខ្លួន តាម​តម្រូវការ​របស់​អតិថិជន ហើយ​ដែល​អាច​ចាត់ទុកថា ជា​រោងចក្រ​កាត់ដេរ​មួយ​ដែល​ឈានមុខ​គេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​ថ្លែងថា “ក្រុមហ៊ុន​ហ្គេ​ន​ធ្វី​ន ជឿជាក់​ទៅលើ​សមត្ថភាព​ក្នុងការ​បង្កើត អភិវឌ្ឍ និង​ចែកចាយ ផលិតផល​ទៅ​អតិថិជន​របស់ខ្លួន​នៅ​ជុំវិញ​ពិភពលោក” ។ លោក​បាន​ថ្លែង​បន្តទៀតថា “ក្រុមប្រឹក្សាភិបាល​នៅតែ​ខិតខំ​ប្រឹងប្រែង រក្សា​ទំនាក់ទំនង​យ៉ាង​ល្អជា​មួយ​អតិថិជន​របស់ខ្លួន ជាពិសេស អតិថិជន ចម្បង​គឺ Adidas ក្នុង​គោលបំណង​ទទួលបាន​ការកើនឡើង នៃ​ការបញ្ជាទិញ​សម្រាប់​ឆ្នាំ២០២០ និង​ព្យាយាម​ក្នុងការ​សហការ​ជាមួយ​ដៃគូ​នានា ដើម្បី​ទទួលបាន​ចំណូលផ្សេងៗទៀត ដូចជា​តាមរយៈ​ការទទួល​ដេរ​បន្ត ការ​កាត់ដេរ និង​វេច​ខ្ចប់ ដើម្បី​រក្សា​ស្ថេរភាព និង​បង្កើន​ចំណូល​ឲ្យ​បាន​ច្រើនជាង​បណ្តា​ឆ្នាំ​កន្លងទៅ​សម្រាប់​ក្រុមហ៊ុន” ។

លោក​បាន​ឱ្យដឹងទៀតថា ចំពោះ​ត្រីមាស​នានា ឆ្នាំ២០២១ ក្រុមហ៊ុន ហ្គេ​ន ធ្វី​ន នឹង​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ ឡើង​ក្នុង​ការពង្រឹង​អភិបាលកិច្ច​សាជីវកម្ម​ល្អ​របស់​ក្រុមហ៊ុន ហើយ​នៅតែ​ប្រកាន់ខ្ជាប់​នូវ​ទស្សនវិស័យ និង​បេសកកម្ម ដែល​បានកំណត់​ពីឆ្នាំមុន។ ជា​ទិសដៅ​សម្រាប់​ត្រីមាស​នានា ឆ្នាំ២០២១ ក្រុមហ៊ុន ហ្គេ​ន ធ្វី​ន សង្ឃឹមថា នឹង​ទទួលបាន​ប្រាក់ចំណេញ បានល្អ​ប្រសើរ​ជាង​ត្រីមាស​នានា នា​ឆ្នាំ​កន្លងទៅ។

សម្រាប់​រយៈពេល១២ខែ គិត​ត្រឹម​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ក្រុមហ៊ុន ហ្គ្រេ​ន ធ្វី​ន មាន​ចំណូល​សរុប​ចំនួន ៤៨២.០៩៨លាន​រៀល ថយ​ចំនួន ២០៣.៧១៩លាន​រៀល ស្មើនឹង ២៩,៧០% បើ​ធៀប​នឹង​រយៈពេល១២ខែ គិត​ត្រឹម​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ។

ចំណេញ​សុទ្ធ​ក្រោយ​បង់ពន្ធ មាន​ចំនួន១.១៧៤លាន​រៀល ថយ​ចំនួន៤.៣៧០លាន​រៀល ស្មើនឹង ៧៨,៨២% បើ​ធៀប​នឹង​រយៈពេល១២ខែ គិត​ត្រឹម​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ។

គិត​ត្រឹម​ថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០២០ នេះដែរ ទ្រព្យសកម្ម​សរុប​រប​ស់​ក្រុមហ៊ុន ហ្គ្រេ​ន​ធ្វី​ន មាន​ចំនួន៣៥៥.៥៦៨លាន​រៀល ថយ​ចំនួន ២៦.៥៤៧លាន​រៀល ស្មើនឹង៦,៩៥% និង​មូលធន​សរុប មាន​ចំនួន ២៧៨.៩៥៤លាន​រៀល ថយ​ចំនួន៨៨៥លាន​រៀល​ស្មើនឹង០,៣២% ៕

LEAVE A REPLY

Please enter your comment!
Please enter your name here