ដោយៈ លក្ខិណា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី កាលពីម្សិលម៉ិញ បានស្នើនិងអំពាវនាវដល់វិនិយោគិនជប៉ុន មកវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសលើវិស័យសំណង់ ដើម្បីជំរុញឱ្យកម្ពុជា សម្រេចបាននូវចក្ខុវិស័យក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកឧបនាយកដ្ឋមន្ត្រីជា សុផារ៉ារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តថា ក្នុងនាមរដ្ឋាភិបាលកម្ពុជា លោកសូមលើកទឹកចិត្តដល់វិនិយោគិននិងក្រុមហ៊ុនជប៉ុន ចាប់ឱកាសចូលមកវិនិយោគឬចាប់ដៃគូវិនិយោគជាមួយក្រុមហ៊ុនកម្ពុជា ដើម្បីជួយឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
លោកឧបនាយកដ្ឋមន្ត្រីបន្ថែមថា ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់នៃព្រះរាជាណាចក្រកម្ពុជា រង់ចាំផ្ដល់កិច្ចសហការសម្របសម្រួល និងផ្ដល់សេវាគ្រប់យ៉ាង ក្រោមសហកិច្ចរបស់ខ្លួន ជូនវិនិយោគិនទាំងអស់ដោយសេចក្ដីរីករាយ។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា វិនិយោគិនជប៉ុនគឺជាវិនិយោគដែលស្មោះត្រង់មួយ ហើយជាវិនិយោគិន ដែលប្រទេសជាច្រើនចង់បានចូលទៅវិនិយោគនៅក្នុងប្រទេសគេ។
លោកបានបន្តថា ការបណ្ដាក់ទុនវិនិយោគរបស់វិនិយោគិនជប៉ុន គឺជាចូលរួមចំណែកដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចកម្ពុជា និងជាគំរូរបស់វិនិយោគិនដទៃទៀត។
បច្ចុប្បន្ន គម្រោងវិនិយោគជប៉ុននៅកម្ពុជាគេឃើញថា មានការរីកលូតលាស់គួរឱ្យកត់សម្គាល់ និងមានការលេចធ្លោរ ដូចជាគម្រោងផ្សារទំនើបអ៊ីអនម៉ល ដែលមានបីគម្រោងហើយនៅកម្ពុជា គម្រោងបុរី គម្រោងអភិវឌ្ឍន៍ខុនដូ និងក្រុមហ៊ុនរបស់ជប៉ុនជាច្រើនទៀតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនានារបស់កម្ពុជា៕







