លោកអូន ព័ន្ធមុនីរ័ត្ន: វ៉ាក់សាំងកូវីដ១៩នឹងបង្កើនលទ្ធភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឡើងវិញ

ដោយៈ លក្ខិណា

ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០បានធ្លាក់ចុះជាអវិជ្ជមានមិនធ្លាប់ក្នុងប្រវតិ្តសាស្ត្រជា២ទសវត្សរ៍កន្លងមក ហើយវិស័យជាច្រើន ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ច ក៏បានរងគ្រោះផងដែរ ដោយសារតែវិបត្តិកូវីដ១៩ ។

ប៉ុន្តែចូលដើមឆ្នាំ ២០២១ ជាពិសេសនៅដើមខែកុម្ភៈ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងដំបូង ពីប្រទេសចិនបាននិងកំពុងចាក់ជូន ដល់ពលរដ្ឋកម្ពុជាបន្តបន្ទាប់ផងដែរ។

ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងសាធារណការនិងដឹកជញ្ជូននៅរសៀលថ្ងៃទី១៧ កុម្ភៈ២០២០នេះ លោកឧបនាយករដ្ឋមន្ត្រីអូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឱ្យដឹងថា រយៈប៉ុន្មានឆ្នាំកន្លងទៅនេះ កំណើនសេដ្ឋកិច្ចជាតិកម្ពុជា សម្រេចបានជាមធ្យមប្រមាណ៧ភាគរយ ក្នុងមួយឆ្នាំ ប៉ុន្តែដោយសារតែផលប៉ះពាល់នៃកូវីដ១៩នៅឆ្នាំ២០២០ ប្រទេសកម្ពុជាត្រូវបានព្យាករណ៍ថានឹងធ្វើឱ្យធ្លាក់ចុះសេដ្ឋកិច្ចរហូតដល់៤ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានថ្លែងបន្តទៀតថា សម្រាប់ឆ្នាំ២០២១នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងងើបឡើងវិញ ក្នុងរង្វង់៤ភាគរយ ស្របគ្នាជាមួយនឹងក្ដីរំពឹងនៃការមកដល់ដំបូង នៃវ៉ាក់កូវីដ១៩ នៅខែកុម្ភៈនេះ និងដំណាក់កាលបន្តបន្ទាប់ និងកាន់តែបង្កើនលទ្ធភាព ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម រក្សាលំនឹងជីវភាពរស់នៅ របស់បងប្អូនប្រជាជន និងកាត់បន្ថយហានិភ័យទាំងឡាយ ដែលបណ្ដាលមកពីជំងឺដ៏កាចសាហាវនេះ។

លោកបន្តថា នៅក្នុងបរិបទ នៃសម័យកូវីដ១៩នេះ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ របស់កម្ពុជា មិនមានការផ្អាក ឬពន្យារពេលឡើង ប៉ុន្តែថែមពីលើនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតឱ្យប្រើប្រាស់កញ្ចប់ថវិកាសន្សំរបស់ជាតិ កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់រួមមានដូចជាគម្រោងផ្លូវ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ និងផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប។

លោកបានថ្លែងទៀតថា រដ្ឋាភិបាលបានដាក់ចេញនូវគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាច្រើនទៀត ដូចជាស្ពាន ផ្លូវល្បឿនលឿន ផ្លូវដែក ផ្លូវអាកាស ផ្លូវទឹក កំពង់ផែ និងប្រព័ន្ធគ្រប់គ្រងមធ្យបាយដឹកជញ្ជូន និងភស្តុភារកម្មដែលជាវិស័យដ៏សំខាន់ និងជាសរសៃឈាមជំរុញលំហូរពាណិជ្ជកម្ម និងជំរុញ កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពរបស់ពលរដ្ឋកម្ពុជាផងដែរ។

លោកបន្ថែមថា ការអភិវឌ្ឍរីកចម្រើនឧស្សាហកម្ម៤.០ ការប្រើប្រាស់ឌីជីថលក្នុងសេដ្ឋកិច្ច និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជា ចូលក្នុងសេដ្ឋកិច្ចអាស៊ាន។ កម្ពុជាត្រូវគិតគូរឱ្យបានច្បាស់ដើម្បីប្រែក្លាយវិបត្តិកូវីដ១៩ឱ្យទៅជាឱកាស ឬកាលានុវត្តភាពទៅតាមតម្រូវការក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយនិងភស្តុភារកម្ម ទាំងក្នុងទិដ្ឋភាព គុណភាព ទំហំ និងតំបន់ ដែលគ្របបណ្ដប់ ដើម្បីធានាឱ្យបានប្រព័ន្ធដឹកជញ្ជូនភស្ដុភារកម្មមួយ ដែលមានប្រសិទ្ធខ្ពស់។

គិតមកដល់ថ្ងៃទី១៦ ខែកុម្ភៈ ២០២១ ពលរដ្ឋកម្ពុជាដែលបានចាក់វ៉ាក់សាំងកូវីដ១៩ លើកទី១មានចំនួន២៦១១នាក់ និងមានការចាក់ជាបន្តបន្ទាប់ទៀត ខណៈវ៉ាក់សាំងជំនួយពីប្រទេសចិនមកដល់កម្ពុជាចំនួន៦០ម៉ឺនដូស៕

LEAVE A REPLY

Please enter your comment!
Please enter your name here