ការវិនិយោគ និងអភិវឌ្ឍន៍ទីក្រុងនឹងរួមចំណែកជួយកម្ពុជាសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ការវិនិយោគ និងការអភិវឌ្ឍទីក្រុង រួមមានការអភិវឌ្ឍលំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធទីក្រុង ពាណិជ្ជកម្ម សេវាកម្ម ឧស្សាហកម្ម ការគ្រប់គ្រងសំណល់រឹងរាវ ការធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ និងកែលម្អបរិស្ថានទីក្រុង មានសារៈសំខាន់ជាសារវន្ត ដែលនឹងជួយកម្ពុជាសម្រេចចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកជា សុផារ៉ាឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ដោយសារតែការវិនិយោគ និងអភិវឌ្ឍន៍ទីក្រុងមានសារប្រយោជន៍ដល់ការសម្រេចបាននូវចក្ខុវិស័យឆ្នាំ ២០៣០ និង២០៥០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកអំពាវនាវ និងលើកទឹកចិត្តដល់ធុរជននិងក្រុមហ៊ុន ចាប់ឱកាសនេះចូលមកវិនិយោគ ឬចាប់ដៃគូវិនិយោគជាមួយក្រុមហ៊ុនកម្ពុជា ដើម្បីទទួលបាននូវផលប្រយោជន៍នានាពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាបានចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។

លោកបានថ្លែង “ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃព្រះរាជាណាចក្រកម្ពុជា រង់ចាំផ្តល់កិច្ចសហការ សម្របសម្រួល និងផ្តល់សេវាគ្រប់យ៉ាង ក្រោមសមត្ថកិច្ចរបស់ខ្លួន ជូនវិនិយោគិនទាំងអស់ដោយសេចក្តីរីករាយ”។

លោកបន្តថា ក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន នឹងបន្តបង្កើនសកម្មភាព ជំរុញ និងពង្រឹងអនុវត្តលើអនុស្សារណៈ នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរបន្ត៖ ទី១) ក្នុងវិស័យសំណង់ លោកស្នើ រដ្ឋមន្ត្រីជំរុញដល់គម្រោងអភិវឌ្ឍសមត្ថភាពអនុវត្តច្បាប់ស្តីពីសំណង់និងវិធីសាស្រ្តធានាសុវត្ថិភាពសំណង់ ជាពិសេសជំរុញគាំទ្រដល់ការអភិវឌ្ឍបទប្បញ្ញត្តិបច្ចេកទេសសំណង់ ការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់ និងការដាក់ឱ្យដំណើរការមន្ទីរពិសោធន៍ជាតិស្តីពីសំណង់។

ទី២) ក្នុងវិស័យរៀបចំដែនដីនិងនគរូបនីយកម្ម លោកក៏បានស្នើរដ្ឋមន្ត្រីជប៉ុនបន្តជំរុញកិច្ចសហការគាំទ្រលើការកសាងផែនការរៀបចំដែនដីថ្នាក់ជាតិ សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំដែនដីនិងនគរូបនីយកម្ម និងបន្តគាំទ្រគម្រោងអភិវឌ្ឍទីក្រុងឆ្លាតវៃនៅរាជធានីភ្នំពេញ ដែលជាលទ្ធផលនៃការរកឃើញរបស់អង្គវេទិការដ្ឋ-ឯកជនលើកទី១ និងការអភិវឌ្ឍធនធានមនុស្ស។

ទី៣) ក្នុងវិស័យលំនៅឋាន លោកស្នើជប៉ុនបន្តជំរុញកិច្ចសហការរៀបចំគោលនយោបាយ ច្បាប់ បច្ចេកទេស និងវិធីសាស្រ្តនៃការអភិវឌ្ឍលំនៅដ្ឋាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here