ដោយ៖ សាវុធ
ភ្នំពេញ៖ អភិបាលខេត្តព្រះសីហនុ បានស្នើភាគីចិន ជួយរកដៃគូរជម្រុញការអភិវឌ្ឍផ្លូវដែកពីខេត្តព្រះសីហនុ-ភ្នំពេញ ខណៈការដឹកជញ្ជូនតាមផ្លូវដែក នឹងចូលរួមចំណែកបង្កើនកំណើនសេដ្ឋកិច្ចនៅកម្ពុជា។

សំណើនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំមួយ រវាងលោកគួច ចំរើនអភិបាលខេត្តព្រះសីហនុ និងលោកជាំង វ៉ៃ (JIANG WEI) ប្រធានតំណាងការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២១។
លោកគួច ចំរើនបានថ្លែងថា ខេត្តព្រះសីហនុមានផ្លូវដែកតភ្ជាប់ទៅកាន់រាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ ក៏ប៉ុន្តែវាមិនទាន់ឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍរបស់កម្ពុជា។
លោកសង្ឃឹមថា លោកប្រធានការិយាល័យកុងស៊ុលចិន នឹងជួយរកដៃគូរជម្រុញការអភិវឌ្ឍផ្លូវដែកនៅកម្ពុជា ព្រោះផ្លូវដែកនៅប្រទេសចិនឈរលំដាប់លេខ១ ម្យ៉ាងទៀតការដឹកជញ្ជូនតាមផ្លូវដែកមានតម្លៃទាប កាត់បន្ថយគ្រោះថ្នាក់ និងការខូចខាតផ្លូវជាដើម ផ្លូវដែក ក៏បានចូលរួមចំណែកបង្កើនកំណើនសេដ្ឋកិច្ចនៅកម្ពុជាផងដែរ។
ជាមួយនេះ លោកជាំង វ៉ៃមានប្រសាសន៍ថា ខេត្តព្រះសីហនុ ជាខេត្តគំរូដែលមានសក្តានុពលជាងខេត្តផ្សេងៗទៀត និងជាខេត្តបងប្អូនល្អជាមួយប្រទេសចិន តាងនាមខ្ញុំតំណាងប្រទេសចិន និងប្រជាជនចិន នឹងបន្តកិច្ចសហការឱ្យទទួលបានជោគជ័យ។
លោកបានបន្តទៀតថា ខេត្តព្រះសីហនុ មានការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធយ៉ាងលឿន ដោយសារស្ថានភាពនយោបាយ ការសហការល្អរវាងប្រទេសទាំងពីរ ទោះបីពេលវេលាដ៏លំបាកដោយសារជំងឺកូវីដ-១៩ ក៏យើងនៅតែបន្តកិច្ចសហប្រតិបត្តិការល្អ ហើយថ្មីៗនេះប្រទេសចិន ក៏បានផ្តល់ជំនួយវ៉ាក់សាំងកូវីដ-១៩ មកកម្ពុជាផងដែរ។
លោកបានបន្តថា ប្រទេសចិនគាំទ្រពេញទំហឹងដល់ខេត្តព្រះសីហនុ និងកិច្ចសហប្រតិបត្តិការនានា ពិសេសការទំនាក់ទំនងរវាងប្រជាជន និងប្រជាជនទាំងពីរ គាំទ្រភាពជាបងប្អូន និងបន្តជំរុញអ្នកវិនិយោគចិនមកខេត្តព្រះសីហនុ ដើម្បីកំណើនការងារសម្រាប់ប្រជាជនខេត្តព្រះសីហនុ និងសន្យាគាំទ្រការបណ្តុះបណ្តាលភាសាចិននៅខេត្តព្រះសីហនុផងដែរ៕







