តើ​លំនៅដ្ឋាន​បែប​ប្រណីត​នៅ​កម្ពុជា​មានតម្លៃ​ចាប់ពី​ប៉ុន្មាន​ឡើងទៅ?

ដោយ៖ ម៉ា​ណេ​ត

ភ្នំពេញ៖ អ្នកជំនាញ បាន​លើកឡើងថា ការ​លំនៅដ្ឋាន​បែប​ប្រណីត​ត្រូវបាន​បែង​ចែកចេញ​ជាច្រើន​ប្រភេទ ហើយ​ភាគច្រើន​ត្រូវបាន​អភិវឌ្ឍន៍​នៅក្នុង​គម្រោង​បុរី ខណៈ​ការ​លំនៅដ្ឋាន​បែប​ប្រណីត មានតម្លៃ​ចាប់ពី ១០ម៉ឺន​ដុល្លារ​ឡើងទៅ។

លោក​ប៉ូ អ៊ា​វ​គង់​អគ្គនាយក និង​ស្ថាបនិក​ក្រុមហ៊ុន​អ៊ែត​វ៉ា​ន់ស៍ រៀល​អ៊ី​ស្ទេ​ត​បាន​ថ្លែង​កាលពីថ្មីៗនេះ​ថា យោងតាម​សិក្សា​ឱ្យដឹងថា លំនៅដ្ឋាន​បែប​ប្រណីត​មានតម្លៃ​ចាប់ពី១០ម៉ឺន​ដុល្លារ ទៅដល់​ជាង១លាន​ដុល្លារ ហើយ​លំនៅដ្ឋាន​បែប​ប្រណីត​ភាគច្រើន ត្រូវបាន​អភិវឌ្ឍន៍​ក្នុង​គម្រោង​បុរី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​ប៉ូ អ៊ា​វ​គង់​បានឱ្យដឹងថា លំនៅដ្ឋាន​បែប​ប្រណីត​ត្រូវបាន​បែង​ចែកចេញ​ជាច្រើន​ប្រភេទ ក្នុងនោះ​ទី១ វិឡា​កូនកាត់ ឬ Linkhouse ដែលមាន​ទំហំ​ចាប់ពី៥គុណ ១២ម៉ែត្រ និង​មាន​កម្ពស់​ពី២ទៅ៣ជាន់ មានតម្លៃ​ចន្លោះ​ពី១០ម៉ឺន​ដុល្លារ ទៅ២០ម៉ឺន​ដុល្លារ ទី២ វីឡា​ភ្លោះ​មានតម្លៃ​ចាប់ពី២០ម៉ឺន ទៅ៣០ម៉ឺន​ដុល្លារ ទី៣ វីឡា​ទោល (បែង​ចែកចេញជា​ប្រភេទ ដូច​ជាវ​Iឡា Queen A និង​វីឡា Queen B) មានតម្លៃ​ចាប់ពី ៥០ម៉ឺន ទៅ៩០ម៉ឺន និង​ទី៤ King វីឡា មានតម្លៃ​ចាប់ពី១លាន​ដុល្លារ​ឡើងទៅ។

ជាមួយគ្នានេះដែរ លោក​បាន​លើកឡើងថា សញ្ញា​វិជ្ជមាន​សម្រាប់​វិស័យ​អចលនទ្រព្យ​ចាប់ផ្តើម​មាន​ឡើងវិញ​ជាបណ្តើរៗ ហើយ​ទន្ទឹមនឹងនេះ លំនៅដ្ឋាន​បែប​ប្រណីត​ក្នុង គម្រោង​បុរីថ្មីៗមួយចំនួន ត្រូវ​បានដាក់​ដំណើរការ​សាងសង់​នៅ​ដើមឆ្នាំ២០២១នេះ។

លោក​បានឱ្យដឹងថា តម្រូវការ​លំនៅដ្ឋាន​បែប​ប្រណីត​ភាគច្រើន គឺ​ទីផ្សារ​នៅក្នុង​ស្រុក​របស់​យើង ហើយ​មួយ​ភាគ​តូច ក៏​ត្រូវបាន​វិនិយោគិន ទិញ​សម្រាប់​ជួល ទៅឱ្យ​អ្នក​ប្រធាន​អង្គការធំៗ និង​ប្រធាន​ក្រុមហ៊ុនធំៗពី​បរទេស ដើម្បី​ទទួលបាន​ផលចំណេញ​ផងដែរ។

លោក​បាន​ថ្លែងថា “យើង​ឃើញថា តម្រូវការ​លំនៅដ្ឋាន​បែប​ប្រណីត​នៅ​ដើមឆ្នាំ២០២១ នៅតែមាន​កំណើន ដោយសារ​អ្នកមាន​ចំណូល​ខ្ពស់ និង​អ្នករកស៊ី​មាន​រំហូរ​សាច់​ល្អ នៅតែ​ត្រូវ​លំនៅដ្ឋាន​បែប​ប្រណីត” ។

លោក​បាន​បន្តថា សម្រាប់​ដើមឆ្នាំ២០២១ សញ្ញា​វិជ្ជមាន​ចំពោះ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ចាប់ផ្តើម​បង្ហាញ​ជាបណ្តើរៗ ដោយសារ​ស្ថាប័នធំៗ បាន​ព្យាករ​ពី​កំណើន​វិជ្ជមាន​សេដ្ឋកិច្ចកម្ពុជា ដែល​វា​ផ្តល់​ទំនុកចិត្ត​ដល់​អ្នក​អភិវឌ្ឍន៍ និង​វិនិយោគិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here